អន្តរជាតិ

លោកដូណាល់ត្រាំចង់បានកិច្ចប្រជុំកំពូលមួយដែលលោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើងមិនត្រូវការ

ប្រែសម្រួល៖រតនា

ប្រធានាធិបតី Trump មានបំណងចង់ជួបលោក Kim Jong Un ម្តងទៀត។ ប៉ុន្តែការរៀបចំឱ្យមានជំនួបផ្ទាល់មុខមួយទៀត ទាមទារឱ្យមានការបញ្ចុះបញ្ចូលមេដឹកនាំកូរ៉េខាងជើង ដែលបានបដិសេធការប៉ុនប៉ងទាក់ទងពីសំណាក់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ទីក្រុងព្យុងយ៉ាងបានអះអាងម្តងហើយម្តងទៀតថា ខ្លួនត្រូវតែត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ទើបអាចអង្គុយចរចាជាមួយទីក្រុងវ៉ាស៊ីនតោនឡើងវិញបាន។

លោក Kim បានដាក់ចេញនូវការទាមទារទាំងនេះចេញពីជំហរដ៏រឹងមាំ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសកំពុងរីកចម្រើន ឃ្លាំងអាវុធនុយក្លេអ៊ែរកំពុងពង្រីក និងមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី និងចិន។

លោក Trump បាននិយាយថា លោកសង្ឃឹមថានឹងជួបលោក Kim នៅពេលក្រោយក្នុងឆ្នាំនេះ ដោយបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងរូបនេះបានឆ្លើយតបជាវិជ្ជមានរួចហើយ។ ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីបានបញ្ជាឱ្យកាត់បន្ថយការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជាបន្ទាន់ ដែលជាបញ្ហាមួយបង្កឱ្យមានការមិនពេញចិត្តជាយូរមកហើយចំពោះរបបដឹកនាំរបស់លោក Kim។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធទី១៩សីហា ទីក្រុងព្យុងយ៉ាងបានចាត់ទុកការកាត់បន្ថយសមយុទ្ធនោះថាគ្មានសារៈសំខាន់អ្វីឡើយ ហើយបានបដិសេធថា មេដឹកនាំទាំងពីរមិនបានទាក់ទងគ្នាថ្មីៗនេះទេ។

ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងបានពណ៌នាទំនាក់ទំនងរវាងលោក Kim និងលោក Trump ថាមានភាពល្អប្រសើរ ដែលនេះជាការបើកផ្លូវសម្រាប់លទ្ធភាពនៃការចរចានាពេលអនាគត។

ដើម្បីសម្រេចបាននូវចំណុចនេះ លោក Trump ចាំបាច់ត្រូវប្រើប្រាស់ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយលោក Kim ដើម្បីទាក់ទាញកូរ៉េខាងជើង ដែលហាក់ដូចជាពេញចិត្តនឹងស្ថានភាពបច្ចុប្បន្ន ហើយមានហេតុផលតិចតួចក្នុងការចូលរួមចរចាជាមួយសហរដ្ឋអាមេរិក។

ទីក្រុងព្យុងយ៉ាងបានស្ទាត់ជំនាញក្នុងការគេចវេះពីការដាក់ទណ្ឌកម្ម និងរកចំណូលបានរាប់ពាន់លានដុល្លារតាមរយៈប្រភពហិរញ្ញវត្ថុខុសច្បាប់ រួមទាំងការបញ្ជូនភ្នាក់ងារសាយប័រឱ្យធ្វើការពីចម្ងាយឱ្យក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក។ លោក Kim បានបង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនងរបស់លោកជាមួយចិន និងរុស្ស៊ី ដោយបានរៀបចំកិច្ចប្រជុំកំពូលកម្រិតខ្ពស់ជាមួយមេដឹកនាំចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ ដោយសារតែអំណាចវេតូ (សិទ្ធិបដិសេធ) ដែលកាន់កាប់ដោយទីក្រុងមូស្គូ និងទីក្រុងប៉េកាំង កូរ៉េខាងជើងមិនខ្លាចសម្ពាធពីអង្គការសហប្រជាជាតិឡើយ ខណៈដែលខ្លួនកំពុងអភិវឌ្ឍផ្កាយរណបចារកម្ម នាវាមុជទឹកនុយក្លេអ៊ែរ និងមីស៊ីលល្បឿនលឿនហួសពីល្បឿនសំឡេង (hypersonic missiles)។

សកម្មភាពនេះក៏រួមបញ្ចូលផងដែរនូវការសាកល្បងអាវុធដែលរំលោភលើការដាក់ទណ្ឌកម្ម។ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីប្រហែល ១០ គ្រាប់ ចេញពីតំបន់ទីក្រុងព្យុងយ៉ាង។

នៅពេលដែលរបបដឹកនាំរបស់លោក គីម (Kim) មានចំណុចខ្សោយសំខាន់ៗតិចជាងមុន វាធ្វើឱ្យលោក ត្រាំ (Trump) មានលទ្ធភាពតិចតួចក្នុងការប្រើប្រាស់ឥទ្ធិពលដើម្បីទាក់ទាញទីក្រុងព្យុងយ៉ាង។ កន្លងមក កូរ៉េខាងជើងតែងតែទាមទារឱ្យមានការកាត់បន្ថយចំនួនកងទ័ពអាមេរិកដែលឈរជើងនៅកូរ៉េខាងត្បូង ការដកអាវុធនុយក្លេអ៊ែររបស់អាមេរិកចេញពីតំបន់នេះ និងការធ្វើឱ្យទំនាក់ទំនងការទូតជាមួយទីក្រុងវ៉ាស៊ីនតោនវិលត្រឡប់ទៅរកភាពប្រក្រតីវិញ។

ជាការតបស្នងវិញ លោក គីម អាចផ្តល់ឱ្យលោក ត្រាំ នូវជោគជ័យដ៏ធំធេងមួយផ្នែកគោលនយោបាយការបរទេស ដែលជាអ្វីមួយដែលពិបាកនឹងសម្រេចបាននៅក្នុងតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប។ ប្រទេសកូរ៉េទាំងពីរនៅតែស្ថិតក្នុងស្ថានភាពសង្គ្រាមតាមផ្លូវច្បាប់ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ ១៩៥៣ ដែលបានផ្អាកការប្រយុទ្ធគ្នាដោយផ្ទាល់។ ស្ថានភាពនេះបើកផ្លូវសម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រមួយ។ បន្ទាប់ពីប្រមូលផ្តុំបាននូវក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងច្រើនសន្ធឹកសន្ធាប់ កូរ៉េខាងជើងអាចនឹងយល់ថាខ្លួនមានចំនួនគ្រប់គ្រាន់ហើយនៅពេលនេះ ដែលអនុញ្ញាតឱ្យលោក ត្រាំ អាចអួតអាងអំពីការបញ្ឈប់ការផលិតអាវុធទាំងនោះ។

លោក Sung-Yoon Lee អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Sejong ដែលជាស្ថាប័នសិក្សាស្រាវជ្រាវគោលនយោបាយ (think tank) ក្នុងទីក្រុងសេអ៊ូល បាននិយាយថា លោក គីម កំពុងស្ថិតក្នុងស្ថានភាពដែលមេដឹកនាំនៃសហរដ្ឋអាមេរិក ចិន រុស្ស៊ី និងកូរ៉េខាងត្បូង កំពុងព្យាយាមទាក់ទាញ និងយកចិត្តគាត់ក្នុងពេលតែមួយ។លោក Lee បាននិយាយថា៖ «គួរឱ្យស្តាយណាស់ ដែលលោក គីម ជុងអ៊ុន កំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុតនៃជីវិតរបស់គាត់នៅពេលនេះ»។

នៅឆ្នាំ ២០១៨ និង ២០១៩ លោក ត្រាំ និងលោក គីម បានជួបគ្នាចំនួនបីដងនៅប្រទេសសិង្ហបុរី ប្រទេសវៀតណាម និងតំបន់គ្មានយោធាកូរ៉េ (DMZ)។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បានធ្វើកិច្ចចរចាជាផ្លូវការលើបញ្ហានុយក្លេអ៊ែរចុងក្រោយបង្អស់កាលពីជិត ៧ ឆ្នាំមុន។

ដំណើរឆ្ពោះទៅរកការទូតនៅពេលនោះ មានភាពផ្ទុយស្រឡះពីទំនាក់ទំនងដ៏ល្អដែលមេដឹកនាំទាំងពីរមានចំពោះគ្នានៅពេលនេះ។

មុនពេលជួបគ្នាផ្ទាល់នៅសិង្ហបុរី លោក ត្រាំ ធ្លាប់បានរិះគន់លោក គីម យ៉ាងខ្លាំងដោយហៅគាត់ថាជា «បុរសរ៉ុក្កែតតូច» (little rocket man) នៅពេលដែលទីក្រុងព្យុងយ៉ាងធ្វើការបាញ់សាកល្បងអាវុធជាបន្តបន្ទាប់ រួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចបាញ់ទៅដល់ដីគោករបស់សហរដ្ឋអាមេរិក និងការសាកល្បងនុយក្លេអ៊ែរ។ ចំណែកលោក គីម វិញ បានហៅលោក ត្រាំ ថាជាមនុស្ស «វិកលចរិត» និងបានអួតអាងអំពីប៊ូតុងបញ្ជាអាវុធនុយក្លេអ៊ែរដែលដាក់នៅលើតុរបស់គាត់។

ភាពតានតឹងបានធូរស្រាលយ៉ាងឆាប់រហ័ស បន្ទាប់ពីលោក គីម បានបង្ហាញសញ្ញាវិជ្ជមានក្នុងការផ្សះផ្សាជាមួយទីក្រុងសេអ៊ូល នៅក្នុងសុន្ទរកថាឆ្នាំថ្មីឆ្នាំ ២០១៨។ លោក គីម បានស្នើបញ្ជូនគណៈប្រតិភូទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលធ្វើឡើងនៅកូរ៉េខាងត្បូង។ សកម្មភាពនេះបានចាប់ផ្តើមដំណើរការចរចាដែលនាំឱ្យមានកិច្ចប្រជុំកំពូលនៅសិង្ហបុរី ដោយទីក្រុងសេអ៊ូលដើរតួនាទីជាអ្នកសម្របសម្រួលដ៏សំខាន់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កូរ៉េខាងជើងបានកាត់ផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។

នៅក្នុងសុន្ទរកថាមួយថ្មីៗនេះ លោក Lee Jae-myung ប្រធានាធិបតីកូរ៉េខាងត្បូង បានស្នើឱ្យមានការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនាជាមួយកូរ៉េខាងជើង ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ជាផ្លូវការ។ ទីក្រុងព្យុងយ៉ាងមិនទាន់បានឆ្លើយតបជាសាធារណៈនៅឡើយទេ៕/

ប្រភព៖Wall Street Journal