ព័ត៌មានជាតិ

ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា២០គ្រួសារ នៅស្រុកមង្គលបូរីទទួលអំណោយលោកស្រីជ័យ ណារី អ៊ុ រាត្រី ចុះសួរសុខទុក្ខ 

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៩ខែសីហា ឆ្នាំ២០២៦ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោកជំទាវជ័យ ណារី អ៊ុ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីខេត្ត រួមជាមួយក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងស្ត្រីចាស់ជរាចំនួន ២០ គ្រួសារ ស្ថិតនៅភូមិប្រស៊ីស្រា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសសំណេះសំណាលនាពេលនោះ លោកស្រីជ័យ ណារី អ៊ុ រាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅ និងក្តីនឹកលឹកបំផុតពីសំណាក់ថ្នាក់ដឹកនាំខេត្ត ជាពិសេសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ត្រីចាស់ជរា និងគ្រួសារក្រីក្រនៅតាមមូលដ្ឋាន។

លោកស្រីបានលើកឡើងថា ទោះបីជាអំណោយទាំងនេះមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាជាទឹកចិត្តនិងជាការចែករំលែកដើម្បីជួយសម្រាលទុក្ខបុកម្នេញ និងការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនបានមួយកម្រិត។

សមាគមនារី និងអាជ្ញាធរដែនដី មិនបោះបង់ចោលបងប្អូនណាម្នាក់ឱ្យរស់នៅក្នុងភាពឯកោដោយគ្មានការយកចិត្តទុកដាក់នោះឡើយ ។

បន្ថែមពីនេះ លោកស្រីក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព រស់នៅមានអនាម័យល្អ និងខិតខំប្រកបរបរចិញ្ចឹមជីវិតដោយស្មោះត្រង់ ព្រមទាំងជំរុញឱ្យកូនចៅបានសិក្សារៀនសូត្រគ្រប់ៗគ្នា ដើម្បីមានអនាគតភ្លឺស្វាង។
សម្ភារ និងថវិកាដែលបានឧបត្ថម្ភ រួមមាន៖
-អង្ករ ២៥គីឡូក្រាម
– ប្រេងឆា២ដប
– ត្រីខ៦កំប៉ុង
– មី ១កេស
– ទឹកស៊ីអ៊ីវ ១យួរ
– ទឹកត្រី ១យួរ
– ទឹកសុទ្ធ ១កេស
– ទឹកកូកាកូឡា ១កេស
– ថវិកាចំនួន ២០.០០០រៀល ។

ជាមួយគ្នានេះដែរ ក្រុមការងារក៏បានចែកជូនដល់សិស្សានុសិស្សក្រីក្រចំនួន ២០ នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ ថវិកាចំនួន ២.០០០ រៀល និងនំចំនួន ២ កញ្ចប់ ៕