ព័ត៌មានជាតិ

កម្លាំងវិស្វកម្មសម្រុកសាងសង់ផ្លូវទៅ “ តំបន់កន្ទុយនាគ “ ខណៈគម្រោងផ្លូវក្រវាត់ព្រំដែនរួចរាល់ស្ទើរ ១០០ ភាគរយ

ដោយ៖ លនស្រស់

ភ្នំពេញ៖ ការសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបាន ៩៨,៨៧ ភាគរយហើយ ខណៈកងកម្លាំងវិស្វកម្ម កំពុងពន្លឿនការសង់ផ្លូវទៅកាន់ “ តំបន់កន្ទុយនាគ “ ដែលជាចំណុចប្រសព្វព្រំដែនកម្ពុជា ឡាវ និងវៀតណាម ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ( ក.គ.ម ) នៅថ្ងៃទី១៨ ខែសីហា ។

ក្រុមការងារ ក.គ.ម បានបញ្ជាក់ថា គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ការកសាងផ្លូវក្រវាត់ព្រំដែន​សម្រេចបានប្រមាណ ៩៨,៨៧ភាគរយ នៃផែនការរួម ដែលមានប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។ ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ១០០ភាគរយ និងខេត្តរតនគិរី សម្រេចបាន ៩៧,៦៣ភាគរយ។

ដោយឡែក នៅខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងវិស្វកម្ម បានឈូសឆាយបើកផ្លូវ​ទៅដល់​បង្គោលលេខ០ នៃតំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វគ្នានៃព្រំដែនប្រទេសទាំង៣ កម្ពុជា ឡាវ និងវៀតណាម និងកំពុងបន្តសង់ផ្លូវឆ្ពោះទៅតំបន់នេះ ដើម្បីឱ្យ ការធ្វើដំណើរមានភាពងាយស្រួល​។

នៅក្នុងដំណើរការកសាងផ្លូវព្រំដែនប្រមាណ ២០ខែមកនេះ ក្រុមការងារ ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ លើដីជាក់ស្តែងបានប្រវែង ២៦៤,៤០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ២៦៤,៤០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង បន្ទាបចំណោតភ្នំ ចិតជញ្ជាំងភ្នំ និងជីកប្រឡាយបង្ហូរទឹកភ្លៀង និងកសាងតួផ្លូវ សម្រេចបានប្រវែង ២៦១,៩០ គីឡូម៉ែត្រ, និងចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បានប្រវែង ២៥១,៩០គីឡូម៉ែត្រ។

ក្រៅពីនោះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងសម្រេចជាស្ថាពរ សំណង់សិល្បការ្យរួមមាន លូប្រអប់ ៥៤ កន្លែង ឬស្មើនឹង ៤៦៤,៧០ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ ៤៨៤ កន្លែង, និងស្ថាបនា​សម្រេចជាស្ថាពរ នូវសំណង់បេតុងរក្សាទឹកទុកប្រើប្រាស់ ១៤ កន្លែង ឬស្មើនឹង ៣០៥,៤០ ម៉ែត្រ។ ក្នុងនោះ ថ្នល់បេតុងបង្ហូររក្សាទឹកទុកប្រើប្រាស់ សម្រេចបាន ៧ កន្លែង ឬស្មើនឹង ២៤៥ ម៉ែត្រ, ទំនប់បេតុងបង្ហូររក្សាទឹកទុកប្រើប្រាស់ សម្រេចបាន ៧ កន្លែង ឬស្មើនឹង ៦០,៤០ ម៉ែត្រ និងស្ថាបនាស្ពានបេតុង សម្រេចបានចំនួន ២ កន្លែង ប្រវែង ៥៤ ម៉ែត្រ។

បន្ថែមពីលើនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម ក៏បានកសាងបង្គោលស្លាកមូលនិធិ បាន​ចំនួន ៦កន្លែង លើផែនការ ៨កន្លែង និងបានដាំកូនត្នោត ដែលជាអត្តសញ្ញាណជាតិ ៥ ១៦៦ ដើមផងដែរ។

ដំណើរជីកកកាយធ្វើផ្លូវនេះ ក្រុមការងារ ក.គ.ម បានរាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ​លើផ្ទៃ ៦ ៦១០ ០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ១០៦ គ្រាប់, លោហធាតុ ១ ០០៦ គីឡូក្រាម ក្នុងនោះរួមមាន គ្រាប់បែកចង្កោម ចំនួន ៤៣គ្រាប់។

ចំពោះមុខនេះ ក្រុមការងារ ក.គ.ម ប្ដេជ្ញាបន្តយកចិត្តទុកដាក់​ថែទាំបច្ចេកទេសខ្សែផ្លូវក្នុង​ទិស​ខេត្តមណ្ឌលគិរី ដែលបានស្ថាបនារួច ដើម្បីធានាគុណភាព និងបង្ការការខូចខាត​ក្នុងរដូវវស្សា។

ជាមួយគ្នានេះ ក្រុមការងារក៏កំពុងពន្លឿនការសាងសង់ផ្លូវ និងសំណង់សិល្បការ្យគ្រប់ប្រភេទនៅទិសខេត្តរតនគិរី ព្រមទាំងដឹកជញ្ជូនប្រេងឥន្ធនៈ សម្ភារ និងវត្ថុធាតុដើមចូលការដ្ឋាន ដើម្បីបញ្ចប់គម្រោងផ្លូវក្រវាត់ព្រំដែននេះតាមផែនការ​៕

អត្ថបទនិងរូបភាព ៖ ក្រុមការងារចំពោះកិច្ច គ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ( ក.គ.ម ) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦