ដោយ៖ លន ស្រស់

ភ្នំពេញ៖ វីតាមីនD មានតួនាទីសំខាន់ណាស់នៅក្នុងការលូតលាស់ និងដំណើរការរបស់ប្រព័ន្ធប្រសាទ។ នេះបើតាមការបង្ហាញលើការសិក្សាស្រាវជ្រាវជាច្រើនកន្លងមក វីតាមីនD គឺជា secosteroid ដែលបានមកពីការបំប្លែងរបស់ 7-dehydrocholesterol នៅក្រោមស្រទាប់ស្បែកអេពីដែម ក្រោមឥទ្ធិពលរបស់កាំរស្មីអ៊ុលត្រាវីយ៉ូឡេ B(UVB)។ ការផ្លាស់ប្តូរបរិស្ថានសង្គមដែលកាត់បន្ថយការប៉ះត្រូវកាំរស្មីព្រះអាទិត្យ ជីវិតក្នុងទីក្រុង ការបំពុលបរិយាកាស របៀបស្លៀកពាក់ បាននាំឲ្យមានកង្វះវីតាមីន D ទោះបីជាយើងរស់នៅតំបន់ត្រូពិចដែលចែងចាំងទៅដោយរស្មីព្រះសុរិយាក៏ដោយ។ កាលណានិយាយពីវីតាមីន D មជ្ឈដ្ឋានទូទៅនឹងគិតភ្លាមដល់ជំងឺពុកឆ្អឹង (Osteoporosis) និងមិនបានដឹងថាវីតាមីន D នៅមានតួនាទីច្រើនទៀតសម្រាប់សារពាង្គកាយយើង។

ក) តើជំងឺប្រព័ន្ធប្រសាទកណ្តាលអ្វីខ្លះដែលអាចណ្តាលមកពីកង្វះវីតាមីនD?
1) ប្រព័ន្ធប្រសាទកណ្ដាល(Central Nervous System)
– មានការថយចុះទំហំរបស់ខួរក្បាល
– ជំងឺក្រិនប្រព័ន្ធប្រសាទ (Multiple Sclerosis)
– ជំងឺរលាកសរសៃភ្នែក
– ជំងឺអេពីឡឹបស៊ី
– ការប៉ះពាល់ដល់សរសៃឈាមខួរក្បាល និងការស្ទះសរសៃឈាម
– ជំងឺប៉ាកគិនសុន ( Parkinson)
– ជំងឺស្វិតប្រព័ន្ធសាច់ដុំបញ្ជា (Amyotrophic lateral sclerosis)
– អាចប៉ះពាល់ដល់ការចងចាំ និងជំងឺ Alzheimer
2) ប្រព័ន្ធប្រសាទខាងក្រៅ (Peripheral Nervous System)
– ប៉ះពាល់ដល់សាច់ដុំ (ឈឺចុកចាប់ ខ្សោយ)
– ប៉ះពាល់ដល់សរសៃប្រព័ន្ធប្រសាទ

ខ) តើវីតាមីន D មាននៅក្នុងអ្វីខ្លះ?
– អាហារប្រភេទសាច់ (ខ្លាញ់ ថ្លើមត្រី ស៊ុតក្រហម ថ្លើមសត្វ ប័រ…)
– អាហារប្រភេទរុក្ខជាតិ (ផ្សិត គ្រាប់ធញ្ញជាតិ បន្លែបៃតងឆៅ ប្រេងបន្លែ…)

ការដែលមិនបានត្រូវពន្លឺថ្ងៃគ្រប់គ្រាន់ កង្វះការទទួលទានអាហារដែលមានវីតាមីន D គឺជាមូលហេតុសំខាន់ដែលនាំឲ្យខ្វះវីតាមីន D

គ)តើធ្វើយ៉ាងណាទើបដឹងថាយើងខ្វះវីតាមីន D ?
សូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញបើអ្នកមានរោគសញ្ញាដែលសង្ស័យដូចបានរៀបរាប់ជូនខាងលើ។ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតនឹងស្នើសុំការពិនិត្យឈាមមើលកម្រិតវីតាមីន D នៅក្នុងឈាមរបស់យើង ព្រមជាមួយវិធីសាស្ត្រព្យាបាលដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព៕

អត្ថបទនិងរូបភាព៖ មន្ទីរពេទ្យកាល់ម៉ែត

