សន្ដិសុខសង្គម

តុលាការខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនវិស្វករអគ្គិសនី ពាក់ព័ន្ធករណីបើករថយន្តដេញបុ.កជនរងគ្រោះ ដោយចោទប្រកាន់ពីបទ «ប៉ុនប៉ងឃា.តកម្ម»

ដោយ៖ សុខុម

ខេត្តស្ទឹងត្រែង៖ សាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នបុរសម្នាក់ ដែលមានមុខរបរជាបុគ្គលិកក្រុមហ៊ុន ពាក់ព័ន្ធករណីបើករថយន្ត Lexus RX 350 ដេញតាមបុ.កម៉ូតូជនរងគ្រោះ បណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។ ករណីនេះ ត្រូវបានអយ្យការចោទប្រកាន់ជាផ្លូវការពីបទ «ប៉ុនប៉ងឃា.តកម្ម»។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នលេខ ៨៣០ ដបឃ/២៦ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ចេញដោយលោក ប៉េង ហ៊ត់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង ជនត្រូវចោទឈ្មោះ ជា សុវណ្ណរស្មីពេជ្រ អាយុ ២៩ឆ្នាំ ត្រូវបានចោទប្រកាន់តាមបទប្បញ្ញត្តិមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

តាមព័ត៌មានក្នុងសំណុំរឿង ករណីនេះបានកើតឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅមុខផ្ទះសំណាក់សារ៉ាវ៉ែត ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បន្ទាប់ពីមានជម្លោះពាក្យសម្តីពាក់ព័ន្ធនឹងរឿងរ៉ាវអតីតស្នេហ៍។

ក្រោយមានជម្លោះ ជនរងគ្រោះបានជិះម៉ូតូចាកចេញពីទីតាំងកើតហេតុ។ តាមការចោទប្រកាន់ក្នុងសំណុំរឿង ជនត្រូវចោទបានបើករថយន្ត Lexus RX 350 ពណ៌ស ដេញតាម និងបុ.កម៉ូតូជនរងគ្រោះនៅលើដងផ្លូវសាធារណៈ បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ ខណៈអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅក្នុងបន្ទប់ជួលមួយកន្លែង មុនពេលកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ទីបំផុត សាលាដំបូងខេត្តស្ទឹងត្រែង បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្ទឹងត្រែង ដើម្បីរង់ចាំការបន្តនីតិវិធី និងការជំនុំជម្រះតាមច្បាប់។

ប្រភពដដែលបញ្ជាក់ថា ភាគីជនរងគ្រោះបានបង្ហាញជំហរមិនទទួលយកការសម្រុះសម្រួល ឬសំណងជាប្រាក់ និងស្នើឱ្យស្ថាប័នមានសមត្ថកិច្ចអនុវត្តនីតិវិធីច្បាប់ឱ្យបានម៉ឺងម៉ាត់៕