ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្រ្តីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យសិក្សាស្ថានភាពបាក់ស្រុតច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្រ្តឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខណៈទឹកទន្លេមួយនេះបានហក់ឡើងកម្ពស់ជិត ១៣ ម៉ែត្រនៅព្រឹកថ្ងៃទី ១៨ សីហា ។


ការស្នើរបស់ឯកឧត្តមអភិបាលខេត្តកំពង់ចាមខាងលើនៅក្នុងដំណើរអញ្ជើញដឹកនាំមន្រ្តីរាជការ អង្គភាពពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែង ដល់ទីតាំងច្រាំងកំពុងរងការបាក់ស្រុត នៅព្រឹកថ្ងៃទី ១៨ សីហា ដើម្បីឱ្យមានការវាយតម្លៃផលប៉ះពាល់ និងដាក់ចេញនូវវិធានការបន្ទាន់។

បន្ទាប់ពីការចុះពិនិត្យ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា៖ ជាវិធានការបឋមចំពោះមុខ អាជ្ញាធរឃុំព្រះអណ្តូង ត្រូវយកចិត្តទុកដាក់ តាមដានរាល់ការវិវត្តន៍ នៃការបាក់ស្រុតជាបន្តបន្ទាប់ និងត្រូវរៀបចំដាក់របារឃាំងព្រមទាំងផ្លាកសញ្ញាសម្គាល់គ្រោះថ្នាក់នៅតំបន់នោះជាបន្ទាន់ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវជិតទីតាំងបាក់ស្រុត។

ឯកឧត្តមបានបន្ថែមថា៖ ករណីច្រាំងទន្លេមេគង្គដែលបាន និងកំពុងបាក់ស្រុកជិតដល់ផ្លូវក្រាលកៅស៊ូរបស់ខេត្ត ស្ថិតត្រង់ផ្លូវកែងចំណុចអនុវិទ្យាល័យកម្ពុជាចិន នឹងបន្តបាក់ស្រុកដល់ចំណុចគ្រោះថ្នាក់ សម្រាប់ការធ្វើដំណើរ គឺត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្នបង្វែរទៅផ្លូវខាងក្រោយ រង់ចាំនៅរដូវប្រាំងនឹងធ្វើការជួសជុលស្តារ ហើយបើកឱ្យចរាចរដូចធម្មតាឡើងវិញ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា៖ ទំហំនៃការបាក់ស្រុតច្រាំងទន្លេមួយនេះ ដែលបាននិងកំពុងកើតឡើង ស្របពេលដែលទឹកទន្លេកំពុងហក់ឡើង បណ្តាលឱ្យមានការប្រឈមខ្ពស់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវធ្វើដំណើរ ផ្ទះប្រជាពលរដ្ឋ និងជាពិសេសគឺនៅក្បែរទីតាំងបាក់ស្រុតនោះមានសាលារៀន ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។

សូមបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គគិតនៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៦ នៅស្ថានីយឧតុនិយមខេត្តកំពង់ចាម ១៣ ម៉ែត្រ បើធៀបនឹងថ្ងៃទី ១៨ សីហាម្សិលមិញទឹកឡើងកម្ពស់ ០,១០ ម៉ែត្រ ខណៈចំនួនឱ្យប្រុងប្រយ័ត្នទឹកកម្ពស់ ១៥,២០ ម៉ែត្រ។ កម្ពស់ទឹកកម្រិតនេះ គឺបានលូនហូរចូលព្រែកចំនួន ២៩ ក្នុងចំណោមព្រែកក្នុងខេត្តកំពង់ចាមសរុបចំនួន ៤១៕

