ប្រែសម្រួល៖ស–សម្បត្តិ

ប៉េកាំង៖ អ្នកវិភាគបានលើកឡើងថា ការទទួលមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីចិន លោក Zhu Rongji បានបន្ថែមទិដ្ឋភាពថ្មីមួយទៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធដ៏សំខាន់របស់ប្រទេសចិនចំពោះអតីតប្រធានរដ្ឋ លោក Jiang Zemin ដោយបានទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងទៅលើដំណាក់កាលដ៏សំខាន់នៃការកែទម្រង់ និងការបើកចំហសេដ្ឋកិច្ចរបស់ប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ។

ពួកគេបានបន្ថែមថា ទន្ទឹមនឹងនេះ វាក៏បានបង្កជាសំណួរផងដែរអំពីរបៀបដែលថ្នាក់ដឹកនាំបច្ចុប្បន្នរបស់ប្រទេសចិនចង់ឱ្យគេយល់ឃើញអំពីកេរដំណែលនោះនៅក្នុងពេលបច្ចុប្បន្ន។

លោក Zhu បានទទួលមរណភាពដោយសារជំងឺនៅថ្ងៃទី ១២ ខែសីហា ២០២៦ ក្នុងជន្មាយុ ៩៧ ឆ្នាំ ពោលគឺត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះមុនថ្ងៃខួបកំណើតគម្រប់ ១០០ ឆ្នាំរបស់លោក Jiang ដែលទីក្រុងប៉េកាំងកំពុងរៀបចំកម្មវិធីរំលឹកវិញ្ញាណក្ខន្ធដ៏សំខាន់ៗជាច្រើន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា សាកសពរបស់លោក Zhu នឹងត្រូវបូជានៅទីក្រុងប៉េកាំងនៅថ្ងៃអង្គារ (ទី ១៨ ខែសីហា) ដែលជាពេលដែលទង់ជាតិនៅតាមទីតាំងសំខាន់ៗរបស់រដ្ឋាភិបាលទូទាំងប្រទេស រួមទាំងនៅហុងកុង និងម៉ាកាវ ក៏ដូចជានៅតាមស្ថានតំណាងការទូតចិននៅបរទេស នឹងត្រូវបង្ហូតចុះពាក់កណ្តាលដងផងដែរ។

បុរសទាំងពីររូបនេះបានបំពេញតួនាទីរួមគ្នាក្នុងជួរថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិន ចាប់ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៣។ លោក Zhu បានកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយធ្វើការជាមួយលោក Jiang ដែលបានកាន់តំណែងជាប្រធានបក្សកុម្មុយនីស្តតាំងពីឆ្នាំ ១៩៨៩ និងជាប្រធានាធិបតីតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។

លោក Hou Yichao ដែលជាអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនយោបាយរបស់ចិន និងជាអតីតជំនួយការស្រាវជ្រាវនៅសាលា S Rajaratnam School of International Studies (RSIS) ដែលជាស្ថាប័នសិក្សាស្រាវជ្រាវគោលនយោបាយ (think-tank) របស់សិង្ហបុរី បានលើកឡើងថា៖ «រូបភាពរបស់លោក Jiang និងលោក Zhu ក្នុងនាមជាអ្នកដោះស្រាយបញ្ហាប្រកបដោយភាពម៉ឺងម៉ាត់ នឹងត្រូវបានលើកកម្ពស់ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ»។
លោកបានបន្ថែមថា រូបភាពនេះគឺស្របទៅនឹងសាររបស់ថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលផ្តោតលើការប្រឈមមុខនឹងបញ្ហាដ៏លំបាក និងការស្វែងរកការផ្លាស់ប្តូរ។
លោក Hou បានបញ្ជាក់ថា កេរ្តិ៍ឈ្មោះរបស់លោក Zhu ក្នុងការជំរុញកំណែទម្រង់សេដ្ឋកិច្ចដ៏ស្មុគស្មាញ និងការដោះស្រាយឧបសគ្គដែលចាក់ឫសយ៉ាងជ្រៅនោះ ក៏ធ្វើឱ្យកេរដំណែលរបស់គាត់នៅតែមានសារៈសំខាន់ និងពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្នផងដែរ។

ជាមួយគ្នានេះ អ្នកវិភាគបានលើកឡើងថា ការដែលទីក្រុងប៉េកាំងលើកយកសម័យកាលរបស់លោក Jiang និងលោក Zhu មកបង្ហាញឡើងវិញនោះ គឺមានគោលបំណងពីរ៖ គឺការអបអរសាទរចំពោះសមិទ្ធផលនៃកំណែទម្រង់ផង និងការបង្ហាញថាការដឹកនាំរបស់ប្រធានាធិបតី Xi Jinping គឺមានភាពចាំបាច់ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ពីដំណើរការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ប្រទេសចិនផងដែរ។

មូលហេតុដែលកេរដំណែលរបស់លោក Jiang ត្រូវបានគេចាប់អារម្មណ៍ឡើងវិញខួបគម្រប់ ១០០ ឆ្នាំនៃកំណើតរបស់លោក Jiang បានធ្វើឱ្យកេរដំណែលរបស់គាត់ត្រឡប់មកស្ថិតក្នុងការចាប់អារម្មណ៍ជាផ្លូវការម្តងទៀត។

នៅថ្ងៃទី ១១ ខែសីហា ២០២៦ ស្ថានីយទូរទស្សន៍រដ្ឋ CCTV បានចាប់ផ្តើមចាក់ផ្សាយខ្សែភាពយន្តឯកសារដែលមាន ១២ ភាគក្រោមចំណងជើងថា «Jiang Zemin» ដែលស្ថានីយនេះបានបញ្ជាក់ថា វាបង្ហាញពីដំណើរជីវិតនយោបាយរយៈពេលជាង ៧ ទសវត្សរ៍របស់លោក Jiang និងការរួមចំណែករបស់គាត់ចំពោះបក្ស និងរដ្ឋ។
ខ្សែភាពយន្តឯកសារនេះគឺជាការផលិតរួមគ្នារវាងផ្នែកឃោសនាការរបស់បក្សកុម្មុយនីស្ត វិទ្យាស្ថានប្រវត្តិសាស្ត្របក្ស ស្ថាប័នគ្រប់គ្រងការផ្សាយ និងស្ថានីយទូរទស្សន៍ CCTV។
យោងតាមកាលវិភាគកម្មវិធីរបស់ CCTV ខ្សែភាពយន្តនេះត្រូវបានចាក់ផ្សាយនៅម៉ោងដែលមានអ្នកទស្សនាច្រើននៅពេលល្ងាច ដោយចាក់ផ្សាយចំនួន ២ ភាគក្នុងមួយយប់ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៦ ខែសីហា។
យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua កិច្ចប្រជុំរំលឹកខួបដ៏សំខាន់មួយនឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១៧ ខែសីហា នៅឯមហាសាលប្រជាជន (Great Hall of the People) ក្នុងទីក្រុងប៉េកាំង ដើម្បីរំលឹកខួបគម្រប់ ១០០ ឆ្នាំនៃកំណើតរបស់លោក Jiang ដោយលោក Xi នឹងថ្លែងសុន្ទរកថានៅក្នុងឱកាសនោះ។
ព្រឹត្តិការណ៍នេះបានដាក់បញ្ចូលការប្រារព្ធខួបគម្រប់ ១០០ ឆ្នាំរបស់លោក Jiang ទៅក្នុងចំណោមពិធីរំលឹកខួបជាផ្លូវការដ៏សំខាន់បំផុតសម្រាប់អតីតថ្នាក់ដឹកនាំកំពូលរបស់បក្ស ដែលស្រដៀងគ្នាទៅនឹងសន្និសីទដែលបានធ្វើឡើងសម្រាប់ខួបកំណើតគម្រប់ ១០០ ឆ្នាំរបស់លោក Deng Xiaoping កាលពីឆ្នាំ ២០០៤។
លោក Jiang បានកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តរហូតដល់ឆ្នាំ ២០០២ និងបានចុះចេញពីតំណែងជាប្រធានរដ្ឋនៅឆ្នាំ ២០០៣។ លោកបានលះបង់តំណែងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម (CMC) របស់បក្សនៅឆ្នាំ ២០០៤ មុនពេលចាកចេញពីតំណែងដឹកនាំផ្លូវការចុងក្រោយរបស់លោក គឺប្រធានគណៈកម្មាធិការយោធាមជ្ឈិមរបស់រដ្ឋ នៅឆ្នាំ ២០០៥។
លោកបានទទួលមរណភាពនៅទីក្រុងសៀងហៃ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងជន្មាយុ ៩៦ ឆ្នាំ ដោយសារជំងឺមហារីកឈាម (leukaemia) និងការបរាជ័យនៃមុខងារសរីរាង្គជាច្រើន។
ការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងសុន្ទរកថាគោរពវិញ្ញាណក្ខន្ធរបស់លោក Xi សម្រាប់លោក Jiang កាលពីឆ្នាំ ២០២២ បានសង្កត់ធ្ងន់មិនត្រឹមតែលើតួនាទីរបស់លោក Jiang ក្នុងការជំរុញកំណែទម្រង់ និងការបើកចំហប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើសមត្ថភាពរបស់លោកក្នុងការដឹកនាំប្រទេសចិនឆ្លងកាត់ដំណាក់កាលនៃភាពមិនច្បាស់លាស់ទាំងក្នុងប្រទេស និងអន្តរជាតិផងដែរ។
សុន្ទរកថារំលឹកវិញ្ញាណក្ខន្ធរបស់លោក ស៊ី (Xi) ក៏បានលើកឡើងផងដែរអំពីតួនាទីរបស់លោកក្នុងការរក្សាស្ថិរភាព បន្ទាប់ពីបានក្លាយជាមេដឹកនាំកំពូលរបស់បក្សនៅឆ្នាំ ១៩៨៩ ការពង្រឹងការកែទម្រង់ និងការបើកចំហប្រទេស ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងវិបត្តិហិរញ្ញវត្ថុអាស៊ី និងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅឆ្នាំ ១៩៩៨។
អ្នកវិភាគបានលើកឡើងថា កំណត់ត្រានៃសមិទ្ធផលទាំងនេះផ្តល់ឱកាសដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន ក្នុងការបង្ហាញរូបភាពថាបក្សបានឆ្លងកាត់វិបត្តិជាបន្តបន្ទាប់ ដោយនៅតែរក្សាដំណើរការអភិវឌ្ឍន៍របស់ប្រទេសចិនឱ្យស្ថិតនៅលើផ្លូវត្រូវ។
លោក Chong Ja Ian សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Carnegie China បានប្រាប់បណ្តាញព័ត៌មាន CNA ថា៖ «បក្សកុម្មុយនីស្តចិន (CCP) នៅតែចាត់ទុកលោក Jiang ថាជាបុគ្គលម្នាក់ដែលបានជួយដាក់មូលដ្ឋានគ្រឹះសម្រាប់រដ្ឋដែលដឹកនាំដោយបក្សដ៏មានអំណាចដូចសព្វថ្ងៃនេះ»។
“ការរំលឹកខួបនេះបង្ហាញពីភាពបន្តនៃដំណើរការ និងជួយបញ្ជាក់ពីភាពស្របច្បាប់នៃការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តចិន (CCP)។”
- កេរដំណែលដ៏យូរអង្វែងនៃការកែទម្រង់
អ្នកវិភាគបានលើកឡើងថា កេរដំណែលដែលទីក្រុងប៉េកាំងកំពុងលើកយកមកបង្ហាញនោះ មិនមែនគ្រាន់តែជាកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងស្ថាប័ននានាដែលបន្តកំណត់ទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិនរហូតមកដល់សព្វថ្ងៃនេះ។
នៅក្នុងមហាសន្និបាតជាតិលើកទី ១៤ របស់បក្សកុម្មុយនីស្តក្នុងឆ្នាំ ១៩៩២ នៅពេលដែលលោក Jiang Zemin (ជាំង ជឺមីន) កាន់តំណែងជាអគ្គលេខាធិការបក្ស ប្រទេសចិនបានសម្រេចជាផ្លូវការនូវគោលដៅបង្កើត “សេដ្ឋកិច្ចទីផ្សារបែបសង្គមនិយម” ដែលជាការបើកផ្លូវសម្រាប់ការកែទម្រង់តម្រង់ទិសទៅរកទីផ្សារ។
លោក Gu Qingyang ដែលជាសាស្ត្រាចារ្យរងនៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew (LKYSPP) នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានមានប្រសាសន៍ថា លោក Jiang, លោក Zhu Rongji (ជូ រ៉ុងជី) និងមេដឹកនាំកំពូលនៅពេលនោះគឺលោក Deng Xiaoping (តេង សៀវពីង) សុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតក្របខ័ណ្ឌនោះ ដែលបានផ្តល់នូវ “មូលដ្ឋានគ្រឹះស្ថាប័នដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់ប្រទេសចិន”។
លោក Gu បានប្រាប់បណ្តាញព័ត៌មាន CNA ថា ការកែទម្រង់ក្នុងអំឡុងពេលនោះបានវិវត្តហួសពីការផ្លាស់ប្តូរនៅក្នុងវិស័យនីមួយៗ ហើយបានក្លាយជាការផ្លាស់ប្តូរដែលមានលក្ខណៈ “គ្រប់ជ្រុងជ្រោយ និងជាប្រព័ន្ធ” កាន់តែខ្លាំងឡើង ដោយគ្របដណ្តប់លើវិស័យនានា ចាប់ពីហិរញ្ញវត្ថុសាធារណៈ និងពន្ធដារ រហូតដល់ពាណិជ្ជកម្មអន្តរជាតិ សហគ្រាសរដ្ឋ និងសន្តិសុខសង្គម។
លោក Bert Hofman ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Mercator សម្រាប់ការសិក្សាអំពីប្រទេសចិន (MERICS) និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានអាស៊ីបូព៌ានៃសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានមានប្រសាសន៍ថា ការកែទម្រង់ដែលបានបង្កើតឡើងបន្ទាប់ពីមហាសន្និបាតបក្សលើកទី ១៤ បានបង្កើតក្របខ័ណ្ឌមូលដ្ឋានសម្រាប់ប្រព័ន្ធសារពើពន្ធ និងហិរញ្ញវត្ថុ សហគ្រាសរដ្ឋ ទីផ្សារការងារ និងប្រព័ន្ធសង្គមរបស់ប្រទេសចិននាពេលបច្ចុប្បន្ន។
វិធានការទាំងនោះរួមមាន ការកែទម្រង់ការបែងចែកពន្ធដារក្នុងឆ្នាំ ១៩៩៤ ដែលបានប្រមូលផ្តុំអំណាចគ្រប់គ្រងចំណូលសារពើពន្ធត្រឡប់មកថ្នាក់កណ្តាលវិញ, ការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ, ការរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ និងការបង្កើតជាបណ្តើរៗនូវប្រព័ន្ធសន្តិសុខសង្គមដើម្បីជួយគាំទ្រដល់កម្មករដែលរងផលប៉ះពាល់ពីការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច។
លោកបានមានប្រសាសន៍ថា៖ «ជាការពិតណាស់ មានព្រឹត្តិការណ៍ជាច្រើនបានកើតឡើងចាប់តាំងពីពេលនោះមក ប៉ុន្តែការកែទម្រង់នានាដែលធ្វើឡើងបន្ទាប់ពីនោះ ភាគច្រើនគឺដំណើរការនៅក្នុងក្របខ័ណ្ឌដដែលនោះ»។
លោក Hofman បានបន្ថែមថា ទោះបីជាបរិបទនយោបាយ និងតុល្យភាពរវាងរដ្ឋនិងទីផ្សារបានផ្លាស់ប្តូរទៅហើយក្តី ប៉ុន្តែ «ប្រព័ន្ធសេដ្ឋកិច្ចមូលដ្ឋានដែលត្រូវបានបង្កើតឡើងនៅពេលនោះ នៅតែបន្តមានដំណើរការរហូតមកដល់សព្វថ្ងៃ»។
- ការចាប់អារម្មណ៍កាន់តែខ្លាំងឡើង
មរណភាពរបស់លោក Zhu បានធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងទៅលើសម័យកាលដឹកនាំរបស់លោក Jiang និងលោក Zhu ដោយបានពង្រីកការយកចិត្តទុកដាក់លើសពីកេរដំណែលផ្ទាល់ខ្លួនរបស់លោក Jiang ទៅលើស្នាដៃរបស់លោក Zhu ផ្ទាល់ ក៏ដូចជាទៅលើការកែទម្រង់ និងការផ្លាស់ប្តូរស្ថាប័ននានាដែលពាក់ព័ន្ធនឹងសម័យកាលរបស់ពួកគាត់។
ទោះបីជាគោលដៅនៃការបង្កើត «សេដ្ឋកិច្ចទីផ្សារបែបសង្គមនិយម» ត្រូវបានអនុម័តជាផ្លូវការនៅក្រោមការដឹកនាំរបស់លោក Jiang ក្នុងឆ្នាំ ១៩៩២ ក៏ដោយ ប៉ុន្តែលោក Zhu គឺជាតួអង្គដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយនេះឱ្យចេញជាលទ្ធផលជាក់ស្តែង។
ក្នុងនាមជាឧបនាយករដ្ឋមន្ត្រីដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ច លោក Zhu ត្រូវបានប្រគល់ភារកិច្ចឱ្យរៀបចំកំណែទម្រង់ដ៏ទូលំទូលាយមួយ ដែលលោកបានបន្តអនុវត្តបន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ ១៩៩៨។
លោក Hofman បានគូសបញ្ជាក់ថា ដោយទទួលបានការគាំទ្រពីថ្នាក់ដឹកនាំនយោបាយ លោក Zhu បានប្រឈមមុខនឹងការប្រឆាំងតវ៉ាពីអាជ្ញាធរមូលដ្ឋាន និងសហគ្រាសរដ្ឋ ខណៈពេលដែលលោកប្រើប្រាស់មហិច្ឆតារបស់ចិនក្នុងការចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាកម្លាំងជំរុញសម្រាប់កំណែទម្រង់នៅក្នុងប្រទេស។
លោក Gu មកពីសាលា LKYSPP បានលើកឡើងថា លក្ខណៈពិសេសមួយទៀតនៃសម័យកាល Jiang-Zhu គឺឆន្ទៈរបស់ចិនក្នុងការសិក្សាពីបទពិសោធន៍នៅបរទេស និងសម្របវាទៅនឹងស្ថានភាពក្នុងស្រុក ជាជាងគ្រាន់តែចម្លងតាមគំរូរបស់បរទេស។
លោកបានមានប្រសាសន៍ថា៖ «វិធីសាស្រ្តនេះ ដែលមានន័យថា “សម្លឹងមើលពិភពលោក ខណៈពេលដែលនៅតែរក្សាឫសគល់នៅក្នុងប្រទេសចិន” គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រដែលនៅពីក្រោយការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ចិន ដើម្បីតាមឱ្យទាន់ប្រទេសដទៃទៀតដែលបានអភិវឌ្ឍមុន»។
ប្រទេសសិង្ហបុរី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលអ្នករៀបចំគោលនយោបាយរបស់ចិនបានសិក្សាយ៉ាងយកចិត្តទុកដាក់ក្នុងអំឡុងពេលនោះ។ លោក Gu បាននិយាយថា មន្ត្រីចិនបានសិក្សាលើវិស័យនានា រួមទាំងអភិបាលកិច្ច ការគ្រប់គ្រងសេដ្ឋកិច្ច និងការអភិវឌ្ឍទីក្រុង ព្រមទាំងបានសម្របមេរៀនទាំងនោះទៅនឹងស្ថានភាពជាក់ស្តែងរបស់ប្រទេសចិន។
ឧទាហរណ៍មួយគឺឧទ្យានឧស្សាហកម្ម Suzhou (ស៊ូចូវ) ដែលជាគម្រោងរួមគ្នារវាងចិន និងសិង្ហបុរី ហើយត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅឆ្នាំ ១៩៩៤។ វាគឺជាគម្រោងកម្រិតរដ្ឋាភិបាលទៅរដ្ឋាភិបាលដំបូងគេបង្អស់រវាងប្រទេសទាំងពីរ។
លោក Gu (គូ) បានលើកឡើងថា គម្រោងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជាគំរូមួយ ដើម្បីរៀនសូត្រពីបទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសសិង្ហបុរី។
លោក Gu ក៏បានកត់សម្គាល់ផងដែរថា នៅពេលដែលលោក Zhu (ជូ) កាន់តំណែងជាលេខាធិការបក្សប្រចាំទីក្រុងសៀងហៃ លោកបានដឹកនាំគណៈប្រតិភូមួយទៅកាន់ប្រទេសសិង្ហបុរីនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ដើម្បីសិក្សាអំពីប្រព័ន្ធមូលនិធិសន្សំកណ្តាល (Central Provident Fund) របស់សិង្ហបុរី។ ការសិក្សានេះបានរួមចំណែកដល់ការបង្កើតគម្រោងមូលនិធិសន្សំសម្រាប់លំនៅដ្ឋាននៅទីក្រុងសៀងហៃ មុនពេលដែលគម្រោងនេះត្រូវបានពង្រីកអនុវត្តនៅទូទាំងប្រទេសនៅពេលក្រោយមកទៀត។
- ទស្សនៈរបស់បក្ស
អ្នកវិភាគបានកត់សម្គាល់ថា សម្រាប់ទីក្រុងប៉េកាំង លោក Jiang (ជាំង) និងលោក Zhu (ជូ) នៅតែជាបុគ្គលដែលអាចដាក់បញ្ចូលយ៉ាងរលូនទៅក្នុងដំណើររឿងដ៏ទូលំទូលាយរបស់បក្សអំពីកំណែទម្រង់ ការអភិវឌ្ឍ និងការស្តារឡើងវិញនូវជាតិ ទោះបីជាកេរ្តិ៍ដំណែលរបស់ពួកគាត់មិនត្រូវបានគេមើលឃើញថាមានលក្ខណៈវិជ្ជមានទាំងស្រុងក៏ដោយ។
លោក Hou មកពីស្ថាប័ន RSIS បានកត់សម្គាល់ថា ការកែទម្រង់មួយចំនួនដែលដោះស្រាយបញ្ហាបន្ទាន់ ក៏បានបង្កឱ្យមានផលវិបាករយៈពេលវែងផងដែរ រួមទាំងវិធានការបែងចែកចំណូលពន្ធរបស់លោក Zhu នៅឆ្នាំ ១៩៩៤ ដែលបានពង្រឹងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលកណ្តាល ប៉ុន្តែបានរួមចំណែកធ្វើឱ្យរដ្ឋាភិបាលមូលដ្ឋានពឹងផ្អែកលើចំណូលពីដីធ្លីនៅពេលក្រោយមកទៀត។
លោក Hou បានមានប្រសាសន៍ថា៖ «ការកែទម្រង់ទាំងនេះមានភាពស្មុគស្មាញដោយធម្មជាតិ៖ ខ្លះមើលទៅដូចជាស្នាដៃរបស់អ្នកកែទម្រង់ ខណៈខ្លះទៀតហាក់ដូចជាស្នាដៃរបស់អ្នកដែលប្រកាន់ខ្ជាប់នូវរបៀបចាស់ (conservative)»។
«ខ្លះហាក់ដូចជាមានប្រសិទ្ធភាពនៅពេលនោះ ប៉ុន្តែបានបន្សល់ទុកនូវផលប៉ះពាល់អវិជ្ជមានរយៈពេលវែង»។
លោក Chong មកពីសាកលវិទ្យាល័យ NUS បានលើកឡើងថា កេរដំណែលរបស់លោក Zhu នៅតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងទាំងសមិទ្ធផល និងផលវិបាកនៃការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសចិន។
លោកបានកត់សម្គាល់ថា ក្នុងនាមជាបុគ្គលម្នាក់ដែលបានជួយដឹកនាំប្រទេសចិនឱ្យចូលរួមក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Zhu ត្រូវបានគេចងចាំភ្ជាប់ជាមួយនឹងភាពសម្បូរសប្បាយ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកលដែលកើតឡើងបន្ទាប់ពីនោះ។
លោក Chong បានបន្ថែមថា ប៉ុន្តែការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃសហគ្រាសរដ្ឋ និងការកែទម្រង់ផ្សេងទៀត ក៏បានបង្កឱ្យមានការលំបាកយ៉ាងខ្លាំងផងដែរ រួមទាំងការបញ្ឈប់កម្មករជាច្រើនពីការងារ។
អ្នករិះគន់នៅសម័យកាលនោះ ក៏បានចង្អុលបង្ហាញអំពីគម្លាតនៃវិសមភាពដែលកាន់តែធំឡើងៗ អមជាមួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស រួមទាំងការកើនឡើងនៃទ្រព្យសម្បត្តិឯកជន និងការជជែកដេញដោលគ្នាថាតើការកែទម្រង់ទាំងនោះបានធ្វើឱ្យចុះខ្សោយនូវប្រព័ន្ធការពារសង្គមដែរឬទេ។
ការជជែកដេញដោលមួយចំនួនទាំងនោះ នៅតែជាផ្នែកមួយនៃការចងចាំអំពីសម័យកាល Jiang-Zhu រហូតមកដល់សព្វថ្ងៃនេះ។ លោក Hou បានលើកឡើងថា សម័យកាល Jiang-Zhu នៅតែពិបាកនឹងវាយតម្លៃដោយសង្ខេប ឬសាមញ្ញ ដោយសារតែការកែទម្រង់ដដែលនោះ ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ចិន ក៏បានផ្លាស់ប្តូរទម្រង់សង្គម និងបង្កើតឱ្យមានការជជែកដេញដោលថ្មីៗអំពីវិសមភាព ឱកាស និងតួនាទីរបស់រដ្ឋផងដែរ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបានលើកឡើងថា ភាពស្មុគស្មាញនោះគឺជាផ្នែកមួយនៃហេតុផលដែលធ្វើឱ្យគេអាចចាត់ទុកកេរដំណែលរបស់លោក Jiang និងលោក Zhu ថាជាដំណាក់កាលដ៏សំខាន់មួយនៃការអភិវឌ្ឍរបស់ប្រទេសចិន ដោយមិនចាំបាច់ចាត់ទុកវាជាគំរូដែលត្រូវយកមកអនុវត្តឡើងវិញទាំងស្រុងនៅពេលបច្ចុប្បន្ននោះទេ។
លោក Joseph Torigian ដែលជាសាស្ត្រាចារ្យរងនៅសាលាសេវាកម្មអន្តរជាតិ (School of International Service) នៃសាកលវិទ្យាល័យ American University បានមានប្រសាសន៍ថា ការកំណត់និយមន័យរបស់លោក Xi លើដំណើរការកំណែទម្រង់ និងការបើកចំហប្រទេស អនុញ្ញាតឱ្យបក្សរក្សាបាននូវភាពបន្តនៃសមិទ្ធផលកាលពីអតីតកាល ស្របពេលដែលបង្ហាញថាថ្នាក់ដឹកនាំបច្ចុប្បន្នដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ពីការផ្លាស់ប្តូរនោះ។
លោក Torigian បានប្រាប់បណ្តាញព័ត៌មាន CNA ថា៖ «តាមរយៈការសង្កត់ធ្ងន់លើភាពបន្តពីអតីតកាល លោក Xi រក្សាជំហរថាបក្សតែងតែធ្វើអ្វីៗបានត្រឹមត្រូវជានិច្ច ទោះបីជាត្រូវចំណាយពេលខ្លះដើម្បីស្វែងរកដំណោះស្រាយក៏ដោយ»។
«ប៉ុន្តែតាមរយៈការចង្អុលបង្ហាញពីបញ្ហាដែលកើតចេញពីកំណែទម្រង់ និងការបើកចំហប្រទេស ព្រមទាំងការប្រកាសពីយុគសម័យថ្មីមួយ លោកអាចបង្ហាញហេតុផលថាហេតុអ្វីបានជាលោកមានលក្ខណៈពិសេស និងខុសប្លែកពីគេ ហើយសក្តិសមនឹងកាន់អំណាចដឹកនាំ»។
អ្នកវិភាគបានលើកឡើងថា ការកំណត់និយមន័យរបស់លោក Xi លើសម័យកាលកំណែទម្រង់ បានចង្អុលបង្ហាញពីបញ្ហាផ្សេងៗដូចជា អំពើពុករលួយ វិសមភាព និងអតុល្យភាពដែលកើតឡើងក្នុងអំឡុងពេលជាច្រើនទសវត្សរ៍នៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលបញ្ហាទាំងនេះទាមទារឱ្យមានកំណែទម្រង់បន្ថែមទៀត និងការផ្លាស់ប្តូរលើការគ្រប់គ្រង។
ពួកគេបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ការចងចាំរបស់សាធារណជនចំពោះលោក Jiang និងលោក Zhu អាចនឹងលើសពីខ្លឹមសារដែលត្រូវបានលើកឡើងនៅក្នុងពិធីរំលឹកខួបជាផ្លូវការ ដែលអាចបង្កជាភាពមិនស្រួលដល់ទីក្រុងប៉េកាំង។
លោក Hou មកពីស្ថាប័ន RSIS បានលើកឡើងថា ការពិភាក្សាអំពីលោក Zhu មិនត្រឹមតែផ្តោតលើសមិទ្ធផលផ្នែកសេដ្ឋកិច្ចរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើបុគ្គលិកលក្ខណៈ និងភាពស្មោះត្រង់ដែលគេមើលឃើញពីគាត់ផងដែរ។
លោកបានមានប្រសាសន៍ថា៖ «លោក Zhu Rongji ត្រូវបានគេនិយាយដល់ និងកោតសរសើរយ៉ាងទូលំទូលាយនៅលើបណ្តាញអ៊ីនធឺណិត ចំពោះភាពស្មោះត្រង់ ភាពត្រង់ទៅត្រង់មក និងឆន្ទៈក្នុងការចង្អុលបង្ហាញបញ្ហាផ្សេងៗដោយមិនលាក់លៀម ឬប្រើពាក្យសំដីវាងវៃដើម្បីបិទបាំងការពិតឡើយ»។
លោក Hou បានបញ្ជាក់ថា កេរ្តិ៍ឈ្មោះបែបនេះនៅតែអាចទទួលយកបាននៅក្នុងក្របខ័ណ្ឌនៃការពិភាក្សារបស់អាជ្ញាធរផ្លូវការ ដោយសារវាមានទំនាក់ទំនងទៅនឹងគោលការណ៍របស់បក្សដែលតែងតែសង្កត់ធ្ងន់លើការ «ស្វែងរកការពិតចេញពីតថភាពជាក់ស្តែង»។
ទោះជាយ៉ាងណាក៏ដោយ វាអាចបង្កើតឱ្យមានទស្សនៈខុសប្លែកគ្នាអំពីភាពជាអ្នកដឹកនាំ ជាពិសេសនៅពេលដែលការពិភាក្សារបស់សាធារណជនផ្តោតលើគុណសម្បត្តិផ្ទាល់ខ្លួនរបស់បុគ្គល ជាជាងផ្តោតលើសមិទ្ធផលការងារផ្លូវការ។
កេរដំណែលរបស់លោក Jiang ក៏បានបង្កើតឱ្យមានទម្រង់នៃការរំលឹកឡើងវិញក្រៅផ្លូវការផងដែរ ដែលមិនស្ថិតនៅក្នុងក្របខ័ណ្ឌផ្លូវការរបស់រដ្ឋ។
លោក Hou បានលើកឡើងពីវប្បធម៌រងនៃការ “គោរពបូជាកង្កែប” (toad worship) ក្នុងចំណោមអ្នកគាំទ្រជំនាន់ក្រោយរបស់លោក Jiang ដែលបានប្រើប្រាស់រូបភាពកំប្លែង (memes) និងវីដេអូខ្លីៗពីការបង្ហាញខ្លួនជាសាធារណៈរបស់គាត់ ដើម្បីបង្កើតជារូបភាពបែបកំប្លែង និងមិនផ្លូវការសម្រាប់អតីតមេដឹកនាំរូបនេះ។
លោក Hou បាននិយាយថា ទម្រង់នៃការរំលឹកឡើងវិញនេះ—ដែលកើតចេញពីលក្ខណៈពិសេសមួយចំនួនដូចជាវ៉ែនតាដែលមានស៊ុមធំរបស់លោក Jiang—គឺជាបញ្ហាដ៏រសើបមួយ ព្រោះវាអាច “បំបែក ឬផ្លាស់ប្តូរ” រូបភាពដ៏ម៉ឺងម៉ាត់របស់មេដឹកនាំកំពូល។
ក្នុងទស្សនៈទូលំទូលាយជាងនេះ លោក Hou បានលើកឡើងថា វាពិតជាពិបាកក្នុងការបែងចែកឱ្យដាច់ស្រឡះរវាងសម័យកាលរបស់លោក Jiang និងលោក Zhu ជាមួយសម័យកាលមុន និងក្រោយពួកគេ។ សម័យកាលនោះបានទទួលមរតកនូវបញ្ហាដែលមិនទាន់បានដោះស្រាយពីប្រព័ន្ធសេដ្ឋកិច្ចបែបផែនការ (planned economy) ហើយក៏បានបន្សល់ទុកនូវបញ្ហាប្រឈមសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយៗទៀតផងដែរ។
អ្នកវិភាគបានលើកឡើងថា បញ្ហាប្រឈមសម្រាប់ទីក្រុងប៉េកាំង មិនមែនស្ថិតត្រង់ថាតើលោក Jiang និងលោក Zhu អាចត្រូវបានបញ្ចូលទៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រផ្លូវការដែរឬទេនោះទេ ប៉ុន្តែវាស្ថិតត្រង់ថាតើការបកស្រាយផ្សេងៗអំពីកេរដំណែលរបស់ពួកគាត់អាចស្ថិតនៅក្នុងក្របខ័ណ្ឌផ្លូវការនោះបានដែរឬទេ។
លោក Chong មកពីសាកលវិទ្យាល័យ NUS បាននិយាយថា៖ “អ្វីដែលធ្វើឱ្យបក្សកុម្មុយនីស្តចិន (CCP) មានអារម្មណ៍មិនសូវស្រួលនោះ គឺស្ថានភាពដែលកេរដំណែលរបស់លោក Jiang និងលោក Zhu ត្រូវបានគេយកមកប្រើប្រាស់ជាមធ្យោបាយដើម្បីរិះគន់គោលនយោបាយ និងថ្នាក់ដឹកនាំបច្ចុប្បន្ន”៕
ប្រភព៖ CNA/lg(ws)

