ប្រែសម្រួល៖ ស-សម្បត្តិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃចន្ទ (ទី១៧ ខែសីហា) ថា លោក គីម ជុងអ៊ុន បានឆ្លើយតបចំពោះការប៉ុនប៉ងទាក់ទងរបស់លោកនាពេលថ្មីៗនេះ។

ការថ្លែងនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបានកាត់បន្ថយការធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង និងបានកោតសរសើរចំពោះទំនាក់ទំនងរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើងរូបនេះ។
លោក ត្រាំ បានលើកឡើងថា លោកកំពុងធ្វើឱ្យស្ថានភាពកាន់តែមានសុវត្ថិភាពជាងមុន តាមរយៈទំនាក់ទំនងរបស់លោកជាមួយលោក គីម ដែលលោកធ្លាប់បានជួបចំនួន ៣ លើករួចមកហើយក្នុងអាណត្តិដំបូងរបស់លោកនៅសេតវិមាន ប៉ុន្តែមិនទាន់បានជួបនៅឡើយទេក្នុងអាណត្តិទីពីរនេះ។

ខណៈពេលដែលកោតសរសើរមេដឹកនាំកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែររូបនេះ លោក ត្រាំ បានរិះគន់សម្ព័ន្ធមិត្តដ៏សំខាន់គឺទីក្រុងសេអ៊ូល ដែលមិនបានជួយទីក្រុងវ៉ាស៊ីនតោនក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាសង្គ្រាមមួយលោក ត្រាំ អះអាងថាមានគោលបំណងរារាំងទីក្រុងតេអេរ៉ង់មិនឱ្យទទួលបានគ្រាប់បែកបរមាណូ។
នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាលោក គីម មិនបានឆ្លើយតបចំពោះសំណើរបស់លោកសម្រាប់ការសន្ទនា ចាប់តាំងពីលោកត្រឡប់មកកាន់តំណែងវិញកាលពីឆ្នាំមុន លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval Office ថា៖ «តើអ្នកដឹងដោយរបៀបណាថាគាត់មិនបានឆ្លើយតប?»
នៅពេលត្រូវបានសួរដេញដោលថា តើលោក គីម ពិតជាបានឆ្លើយតបមែនឬយ៉ាងណា លោក ត្រាំ បាននិយាយថា៖ «បាទ គាត់បានឆ្លើយតបហើយ»។
នៅពេលត្រូវបានសួរថា តើការសន្ទនាជាមួយលោក គីម ស្ថិតក្នុងដំណាក់កាលណា លោក ត្រាំ បាននិយាយថា «វាមានលក្ខណៈវិជ្ជមានខ្លាំងណាស់» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
បន្ទាប់មក លោក ត្រាំ បានបញ្ជាក់បន្ថែមពីការកោតសរសើររបស់លោកចំពោះលោក គីម ដោយនិយាយថាទំនាក់ទំនងរបស់ពួកគេបានជួយកាត់បន្ថយភាពតានតឹង។
លោក ត្រាំ បាននិយាយថា៖ «អ្នកឃើញទេ តាមពិតទៅខ្ញុំកំពុងធ្វើឱ្យស្ថានភាពកាន់តែមានសុវត្ថិភាព។ លោក គីម ជុងអ៊ុន តែងតែប្រព្រឹត្តចំពោះខ្ញុំដោយការគោរពយ៉ាងខ្លាំង។ ខ្ញុំយល់ពីគាត់ ហើយគាត់ក៏យល់ពីខ្ញុំដែរ»។
- រឿង”ចម្លែក”
ដំបូងឡើយ លោក ត្រាំ បានលើកឡើងពីបញ្ហានេះទាក់ទងនឹងកូរ៉េខាងត្បូងនៅលើបណ្តាញសង្គម Truth Social របស់គាត់កាលពីយប់ថ្ងៃអាទិត្យ ដោយបានប្រកាសភ្លាមៗថា គាត់បានបញ្ជាឱ្យមន្ទីរបញ្ចកោណ (Pentagon) កាត់បន្ថយការធ្វើសមយុទ្ធយោធាដែលគាត់ចាត់ទុកថា “មិនសមរម្យ និងមានលក្ខណៈបង្កហេតុ” ជាមួយទីក្រុងសេអ៊ូល។គាត់ក៏បានភ្ជាប់ការសម្រេចចិត្តនេះទៅនឹងការដែលកូរ៉េខាងត្បូងបដិសេធមិនជួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងជម្លោះជាមួយអ៊ីរ៉ង់ផងដែរ។

“ចាំបន្តិចសិន។ យើងមានទាហានចំនួន ៣៩,០០០នាក់នៅទីនោះ ដើម្បីការពារអ្នកពីលោក គីម ជុងអ៊ុន ដែលជាអ្នកជិតខាងរបស់អ្នក ប៉ុន្តែអ្នកបែរជាមិនព្រមជួយយើងក្នុងប្រតិបត្តិការយោធាដ៏ងាយស្រួលមួយនៅអ៊ីរ៉ង់ទៅវិញ។ នេះពិតជាចម្លែកណាស់” លោក ត្រាំ បាននិយាយនៅក្នុងការិយាល័យ Oval Office។
លោក ត្រាំ បានចោទជាសំណួរម្តងទៀតអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះទាំងកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត NATO ដែលបានបដិសេធមិនចូលរួមចំណែកក្នុងជម្លោះជាមួយអ៊ីរ៉ង់។
គាត់បាននិយាយថា៖ “យើងមិនអាចដើរការពារប្រទេសទាំងអស់នេះបានទេ ជាពិសេសនៅពេលដែលពួកគេមិននៅទីនោះដើម្បីជួយយើងវិញ”។
មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ការធ្វើសមយុទ្ធបានចាប់ផ្តើមឡើងតាមការគ្រោងទុក ហើយពួកគេសង្ឃឹមថា ទំនាក់ទំនងផ្ទាល់ខ្លួនរវាងលោក ត្រាំ និងលោក គីម នឹងនាំឱ្យពួកគេវិលត្រឡប់មកកាន់តុចរចាវិញ។
កូរ៉េខាងជើងមិនបានឆ្លើយតបជាសាធារណៈទេ ទោះបីជាពីមុនខ្លួនបានសម្តែងការខឹងសម្បាចំពោះសមយុទ្ធរួមគ្នាជាប្រចាំដែលធ្វើឡើងនៅកូរ៉េខាងត្បូងក៏ដោយ។
សមាជិកព្រឹទ្ធសភាអាមេរិកជាន់ខ្ពស់ផ្នែកកិច្ចការយោធា បានរិះគន់បញ្ជារបស់លោក Trump ក្នុងការកាត់បន្ថយទំហំសមយុទ្ធកូរ៉េ ហើយបាននិយាយថា ចិន និងរុស្ស៊ីកំពុង «តាមដានពីរបៀបដែលប្រធានាធិបតីរូបនេះបោះបង់ចោលសម្ព័ន្ធមិត្តរបស់អាមេរិកយ៉ាងងាយស្រួល»។
លោក Jack Reed សមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភា បាននិយាយថា «នេះគឺជាការសម្រេចចិត្តដ៏ល្ងង់ខ្លៅ និងចៃដន្យមួយទៀតរបស់ប្រធានាធិបតី Trump និងរដ្ឋបាលដ៏ច្របូកច្របល់របស់គាត់»។
- ក្តីបារម្ភរបស់អាស៊ី
សមយុទ្ធយោធា អ៊ុលឈីហ្វ្រ៊ីឌឹមសៀល(«Ulchi Freedom Shield») ដែលមានរយៈពេល ១១ ថ្ងៃ ត្រូវបានរៀបចំឡើងដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមដែលអាចកើតមានជាមួយកូរ៉េខាងជើង។
លោកវរសេនីយ៍ឯក Ryan Donald អ្នកនាំពាក្យនៃបញ្ជាការដ្ឋានកងកម្លាំងចម្រុះអាមេរិក-កូរ៉េខាងត្បូង បាននិយាយថា ពួកគេនឹងធ្វើការហ្វឹកហាត់សមយុទ្ធប្រយុទ្ធប្រឆាំងនឹងកងទ័ពកូរ៉េខាងជើង ដែលមានបទពិសោធន៍ និងភាពរឹងមាំតាមរយៈការដាក់ពង្រាយកងកម្លាំងនៅខាងរុស្ស៊ីក្នុងអំឡុងពេលនៃការឈ្លានពានអ៊ុយក្រែន។
ការិយាល័យប្រធានាធិបតីនៅទីក្រុងសេអ៊ូលបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ខ្លួននៅតែបន្ត «សម្របសម្រួលយ៉ាងជិតស្និទ្ធ» ជាមួយទីក្រុងវ៉ាស៊ីនតោនជុំវិញសមយុទ្ធនេះ។
ទីក្រុងព្យុងយ៉ាងបានថ្កោលទោសសមយុទ្ធនេះ ដោយចាត់ទុកថាវាជាការហ្វឹកហាត់ត្រៀមសម្រាប់ការឈ្លានពាន។ថ្មីៗនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងកាត់សមុទ្រជប៉ុន ហើយបានព្រមានកាលពីថ្ងៃសុក្រថា ខ្លួនអាចនឹងឆ្លើយតបទៅនឹងសមយុទ្ធនេះជាមួយនឹង «កម្រិតថ្មីនៃការរារាំង»។
ក្នុងអំឡុងអាណត្តិដំបូងរបស់លោក លោក Trump បាននិយាយបន្ទាប់ពីជំនួបដំបូងជាមួយលោក Kim របស់កូរ៉េខាងជើងនៅប្រទេសសិង្ហបុរីក្នុងខែមិថុនា ឆ្នាំ ២០១៨ ថា ទីក្រុងវ៉ាស៊ីនតោននឹងផ្អាកសមយុទ្ធដែលត្រូវបានចាត់ទុកថា «បង្កឱ្យមានភាពតានតឹង» ទាំងនោះ។
សហរដ្ឋអាមេរិកដាក់ពង្រាយកងទ័ពប្រហែល ២៨,៥០០ នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រឹងការការពាររបស់ប្រទេសនេះ ដែលជាលទ្ធផលបន្តពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ដែលបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់ ជាជាងសន្ធិសញ្ញាសន្តិភាព។
ប៉ុន្តែការរិះគន់ម្តងហើយម្តងទៀតរបស់លោក Trump ទៅលើសម្ព័ន្ធភាពដែលមានជាយូរមកហើយនោះ បានបង្កឱ្យមានការសង្ស័យអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខនៅអាស៊ីបូព៌ា។ការប្រកាសអំពីការកាត់បន្ថយទំហំនៃសមយុទ្ធនេះ បានធ្វើឡើងនៅពេលដែលនាវាដឹកយន្តហោះចម្បាំងតែមួយគត់របស់សហរដ្ឋអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ប៉ាស៊ីហ្វិក គឺនាវា USS George Washington កំពុងត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជំនួសនាវា USS Lincoln ដែលបានដាក់ពង្រាយអស់រយៈពេលយូរមកហើយ និងជាប្រភពនៃក្តីបារម្ភទាក់ទងនឹងបញ្ហាសុខភាពផ្លូវចិត្ត និងបញ្ហាការផ្គត់ផ្គង់៕/
ប្រភព៖ AFP/fs

