ដោយ៖ សុខុម

ស្ទឹងត្រែង៖ បុរសម្នាក់អាយុ៣៩ឆ្នាំ ត្រូវបានប្រទះឃើញស្លា.ប់ក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅចំណុចប្រឡាយថ្ម ភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ខណៈសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ បានឱ្យដឹងថា៖ នៅវេលាម៉ោង ១៤:០០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចុះពិនិត្យកន្លែងកើតហេតុ និងសាកសពដែលស្ថិតនៅក្នុងស្រះទឹក ក្នុងបរិវេណចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋឈ្មោះ ប៉ាង ហៀម។

សាកសពត្រូវបានកំណត់អត្តសញ្ញាណថា ឈ្មោះ រិន សារ៉ាត់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅបច្ចុប្បន្ននៅភូមិកើតហេតុ។

ក្រោយពីធ្វើការពិនិត្យសាកសព និងកន្លែងកើតហេតុ ក្រុមការងារជំនាញបានសន្និដ្ឋានជាបឋមថា ករណីនេះមានការសង្ស័យពាក់ព័ន្ធនឹងអំពើឃា.តកម្ម ដោយអាចបណ្តាលមកពីការវាយប្រហារដោយវត្ថុរឹង។ ទោះជាយ៉ាងណា ការសន្និដ្ឋានចុងក្រោយនៅត្រូវរង់ចាំការស្រាវជ្រាវ និងនីតិវិធីជំនាញបន្ថែម។

បន្ទាប់ពីពិនិត្យ និងប្រមូលវត្ថុតាងរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុចាប់យកវត្ថុតាងពាក់ព័ន្ធ ដើម្បីរក្សាទុក និងបន្តការស៊ើបអង្កេត។ ករណីនេះក៏ត្រូវបានរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង ហើយតាមការណែនាំរបស់អយ្យការ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ និងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កំពុងបន្តស្រាវជ្រាវ ស្វែងរកមុខសញ្ញាពាក់ព័ន្ធ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

