សេដ្ឋកិច្ច

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងទទួលបានការពង្រឹងការគ្រប់គ្រងអាជីវកម្មនិងបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការតាមរយៈការចាប់យកឧបករណ៍ឌីជីថល

ដោយៈសិរីមតី
ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមហ៊ុន ប៊ីល ២៤ កាលពី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចាប់យកឧបករណ៍ឌីជីថល ពង្រឹងការគ្រប់គ្រងអាជីវកម្ម និងកសាងកំណត់ត្រាប្រតិបត្តិការដែលអាចទុកចិត្តបាន ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ គោលដៅសំខាន់មួយនៃកិច្ចសហប្រតិបត្តិការនេះ គឺជួយឱ្យអាជីវកម្មក្រៅប្រព័ន្ធមានកំណត់ត្រាត្រឹមត្រូវអំពីការលក់ ការទូទាត់ និងលំហូរសាច់ប្រាក់។

អាជីវកម្មក្រៅប្រព័ន្ធជាច្រើនមានប្រតិបត្តិការអាជីវកម្មល្អ ប៉ុន្តែខ្វះឯកសារ និងកំណត់ត្រាហិរញ្ញវត្ថុគ្រប់គ្រាន់ ដែលធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុពិបាកវាយតម្លៃស្ថានភាពអាជីវកម្ម និងសមត្ថភាពសងត្រលប់របស់ពួកគេ។ កំណត់ត្រាប្រតិបត្តិការឌីជីថលអាចផ្តល់ព័ត៌មានហិរញ្ញវត្ថុកាន់តែច្បាស់ ដែលអនុញ្ញាតឱ្យមានការវាយតម្លៃឥណទានផ្អែកលើទិន្នន័យកាន់តែច្រើន និងអាចកាត់បន្ថយការពឹងផ្អែកលើទ្រព្យបញ្ចាំសម្រាប់ការផ្តល់កម្ចី។
ក្រោមអនុស្សរណៈនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះ អាចទទួលបានការប្រើប្រាស់កម្មវិធី BillFlow Professional និង/ឬ GoodVibes POS GoPro ដោយឥតគិតថ្លៃរយៈពេល ១ឆ្នាំ ដើម្បីគ្រប់គ្រងវិក្កយបត្រ ការលក់ និងប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធឌីជីថល។ ពួកគេក៏អាចទទួលបានសេវាទូទាត់ប្រាក់តាមអនឡាញ KHQR ដោយឥតគិតថ្លៃ សម្រាប់រយៈពេលជាវដំបូងផងដែរ។

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលចូលរួម ក៏នឹងទទួលបានការណែនាំ ការបណ្តុះបណ្តាលបង្ហាញអំពីផលិតផល សិក្ខាសាលា និងការគាំទ្រតាមអនឡាញដោយឥតគិតថ្លៃ ក្នុងអំឡុងពេលជាវដំបូង។

ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន បាននិងកំពុងបន្តរៀបចំកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមានបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សេវាគាំពារសង្គម ការអនុគ្រោះនិងលើកទឹកចិត្តផ្នែកពន្ធដារ ការអភិវឌ្ឍជំនាញ ការធានារ៉ាប់រង សេវាការអប់រំ សេវាហិរញ្ញវត្ថុ និងឱកាសទីផ្សារ ដើម្បីជួយលើកកម្ពស់ជីវភាព ពង្រឹងអាជីវកម្ម និងការឈានចូលក្នុងប្រព័ន្ធ។

តាមរយៈការគាំទ្រឱ្យអាជីវកម្មក្រៅប្រព័ន្ធ កសាងប្រវត្តិប្រតិបត្តិការដែលអាចផ្ទៀងផ្ទាត់បាន និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ ភាពជាដៃគូថ្មីនេះអាចបង្កើនភាពជឿជាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ និងបើកផ្លូវថ្មីសម្រាប់ការទទួលបានហិរញ្ញប្បទាន ការរីកចម្រើន និងការពង្រឹងភាពធន់របស់អាជីវកម្ម។

អនុស្សរណៈនៃការយោគយល់នេះមានសុពលភាពរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦៕