ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា៖ គោលនយោបាយអាទិភាពរបស់រដ្ឋាភិបាល«មានហូប,មានប្រើ,មានបាន និងមានរហូត»

ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា គោលនយោបាលអាទិភាពទី ៥ និងទី ៦ របស់រាជរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋ គឺ«មានហូប,មានប្រើ,មានបាន និងមានរហូត»។


ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងឱ្យដឹងបែបនេះ នៅក្នុងការដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាល ជាមួយមន្រ្តីកសិកម្មឃុំ សង្កាត់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី ១៦ សីហា ម្សិលមិញ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ក្រោយពីការថ្លែងស្វាគមន៍ និងរាយការណ៍អំពីលទ្ធផល ដែលសម្រេចបាននារយៈពេលកន្លងមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានស្នើដល់មន្រ្តីកសិកម្មឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធដែលបានចូលរួមថា៖ មន្ត្រីកសិកម្មឃុំ-សង្កាត់ កត់ត្រានូវខ្លឹមសារសំខាន់ៗ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំយកទៅអនុវត្តបន្តក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការ អនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីកសិកម្មឃុំ-សង្កាត់។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងបន្តថា៖ ជាមួយគ្នានេះ រាល់ចំណុចទាំងឡាយ ដែលបានលើកឡើងរបស់ឯកឧត្តម ឌិត ទីណា ក៏នឹងក្លាយជាមូលដ្ឋានក្នុងការរៀបចំជាផែនការ ដោយចាត់ជាអាទិភាព សម្រាប់ទិសដៅបន្តអនុវត្ត ដើម្បីធ្វើការដោះស្រាយ គាំទ្រលើការងារផ្នែកបច្ចេកទេស ការផ្តល់ ព័ត៌មាន ការប្រឹក្សាយោបល់ ប្រមូលទិន្ន័យ និងកំណត់ដំណោះស្រាយជូនកសិករ សំដៅជួយជំរុញផលិតកម្មរបស់កសិករ និងសហគមន៍ ផ្សារភ្ជាប់ទៅនឹងទីផ្សារ បង្កើនផលិតភាពសេដ្ឋកិច្ច និង ប្រាក់ចំណូលដល់កសិករមូលដ្ឋាន តាមរយៈការអនុវត្តកសិកម្មឱ្យអស់លទ្ធភាព និងកសិកម្មដែល មានភាពធននឹងការប្រែប្រួលអាកាសធាតុ រួមបញ្ចូលទាំង ការកសាងខ្សែច្រវាក់ផលិតកម្ម ផ្សារ ភ្ជាប់មកទីផ្សារផងដែរ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖ គោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានឱ្យប្រជាពលរដ្ឋ “មានហូប មានប្រើ,មានបាន និងមានរហូត” ដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ស្តែងចេញពីការខិតខំក្នុងការអនុវត្តតួនាទី និងភារកិច្ចជួយដល់ប្រជាកសិករពីមន្រ្តីកសិកម្មឃុំ-សង្កាត់នេះ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា៖ សូមផ្តល់អនុសាសន៍ផ្តាំផ្ញើឱ្យមន្ត្រីកសិកម្មឃុំផ្តោតសំខាន់លើការណែនាំអំពីការដោះស្រាយបញ្ហាប្រឈមរបស់កសិករ ផ្តល់ជាជំនួយបច្ចេកទេស ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅរួមចំណែកប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕