អន្តរជាតិ

អ៊ុយក្រែនចាប់ផ្តើមប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (drones) របស់អង់គ្លេស ដើម្បីវាយប្រហារគោលដៅនានាដែលស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៊ី

ប្រែសម្រួល៖ រតនា

កាសែត The Times បានរាយការណ៍នៅថ្ងៃទី ១៥ ខែសីហា ដោយដកស្រង់ប្រភពពីកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនថា អ៊ុយក្រែនបានចាប់ផ្តើមប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (drones) របស់អង់គ្លេស ដើម្បីវាយប្រហារគោលដៅនៅជម្រៅទឹកដីរុស្ស៊ីក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។

អាវុធដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារទាំងនេះរួមមាន យន្តហោះគ្មានមនុស្សបើកប្រភេទប្រើម៉ាស៊ីនយន្តហោះចម្បាំង (jet-powered) ម៉ូដែល Nyan របស់ក្រុមហ៊ុន BAE Systems ដែលត្រូវបានសាកល្បងដោយកងទ័ពជើងទឹកអង់គ្លេស និងយន្តហោះគ្មានមនុស្សបើកមួយប្រភេទទៀតដែលមិនបានបញ្ជាក់ឈ្មោះ ដែលផលិតដោយក្រុមហ៊ុនមួយដែលកាសែតនេះមិនបានបញ្ចេញឈ្មោះដោយសារហេតុផលសន្តិសុខ។

ប្រភពយោធាជាន់ខ្ពស់របស់អ៊ុយក្រែនមួយរូបបាននិយាយថា បេសកកម្មវាយប្រហារគោលដៅនៅជម្រៅទឹកដីសត្រូវភាគច្រើនត្រូវបានអនុវត្តដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ប៉ុន្តែកងកម្លាំងប្រដាប់អាវុធក៏ទទួលបានជោគជ័យយ៉ាងខ្លាំងផងដែរជាមួយនឹងយន្តហោះគ្មានមនុស្សបើករបស់អង់គ្លេស។

កាសែត The Times បានរាយការណ៍ថា គោលដៅដែលត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អង់គ្លេស រួមមានរោងចក្រចម្រាញ់ប្រេងនៅជិតទីក្រុងមូស្គូ ក្នុងទីក្រុង Yaroslavl និងទីក្រុង Volgograd។

យោងតាមសេចក្តីរាយការណ៍ យន្តហោះគ្មានមនុស្សបើក (drone) ប្រភេទ Nyan ក៏ត្រូវបានគេប្រើប្រាស់ដើម្បីវាយប្រហារទីក្រុង Belgorod របស់រុស្ស៊ី ដែលស្ថិតនៅជាប់ព្រំដែនជាមួយអ៊ុយក្រែនផងដែរ។

អ៊ុយក្រែនតែងតែធ្វើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធាដែលស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៊ី និងតំបន់ដែលរុស្ស៊ីកាន់កាប់ ក្នុងគោលបំណងកាត់បន្ថយសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការបន្តធ្វើសង្គ្រាម ហើយថ្មីៗនេះ អ៊ុយក្រែនបានបង្កើនការវាយប្រហារទាំងនោះឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ប្រធានាធិបតី Volodymyr Zelensky បានបញ្ជាក់កាលពីថ្ងៃទី ១៥ ខែសីហាថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារមូលដ្ឋានទ័ពអាកាស Savasleyka របស់រុស្ស៊ី និងទីតាំងសំខាន់មួយរបស់ទីភ្នាក់ងារ Roscosmos នៅក្នុងតំបន់ Samara ដោយប្រើប្រាស់មីស៊ីលប្រភេទ Flamingo ដែលផលិតក្នុងស្រុក។

នៅក្នុងតំបន់មូស្គូ (Moscow Oblast) អភិបាលតំបន់លោក Andrey Vorobyov បានរាយការណ៍កាលពីថ្ងៃទី ៤ ខែសីហាថា មានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាច្រើនលើកនៅក្នុងតំបន់ឧស្សាហកម្ម Novosyolki។

ប្រភពដែលមិនបញ្ចេញឈ្មោះបានប្រាប់កាសែត The Times ថា ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (drone) របស់អង់គ្លេសដោយកងកម្លាំងអ៊ុយក្រែន រុស្ស៊ីអាចនឹងបង្កើនសង្គ្រាមបែបកូនកាត់ (hybrid warfare) ប្រឆាំងនឹងចក្រភពអង់គ្លេស៕/

ប្រភព៖ Kyiv independent