ប្រែសម្រួល៖ សហការី
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី ១៤ ខែសីហា ដោយដកស្រង់ប្រភពព័ត៌មានចំនួនបីពីវិស័យនេះថា ប្រទេសរុស្ស៊ីបានផ្អាកការនាំចេញប្រេងឆៅពីស្ថានីយ Sheskharis នៅឯកំពង់ផែ Novorossiysk ក្នុងសមុទ្រខ្មៅ។


ដំណឹងនេះកើតឡើងបន្ទាប់ពីមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) ក្នុងទ្រង់ទ្រាយធំរបស់អ៊ុយក្រែនមកលើទីក្រុង Novorossiysk កាលពីយប់ថ្ងៃទី ១២ ខែសីហា។

ប្រភពនានាបានប្រាប់ Reuters ថា អាជ្ញាធររុស្ស៊ីប្រចាំទីក្រុង Novorossiysk បានព្រមានអំពីការគំរាមកំហែងដោយយន្តហោះគ្មានមនុស្សបើកមួយទៀតនៅថ្ងៃទី ១៤ ខែសីហា ដែលនាំឱ្យមានការផ្អាកប្រតិបត្តិការនៅស្ថានីយ Sheskharis។
ប្រភពមួយបានឱ្យដឹងថា កប៉ាល់ដឹកប្រេងមួយគ្រឿងដែលគ្រោងនឹងផ្ទុកប្រេងឆៅ បានចាកចេញពីកំពង់ផែដោយគ្មានផ្ទុកទំនិញឡើយ ដោយសារតែការជូនដំណឹងអំពីយន្តហោះគ្មានមនុស្សបើក។ បន្ទាប់មក កំពង់ផែបានបញ្ឈប់ការផ្ទុកប្រេងឆៅទាំងស្រុង។ ស្ថានីយនេះក៏បានបញ្ឈប់ការទទួលប្រេងផងដែរ ដោយសារតែធុងស្តុកប្រេងបានពេញអស់ហើយ៕/
ប្រភព៖ Kyiv independent

