ដោយ៖ បន្ទាយ

បន្ទាយមានជ័យៈ ជនភៀសសឹកស្នាក់នៅភូមិរង់ចាំ នៃមណ្ឌលជនភៀសសឹកស្លក្រាម ឃុំស្លលក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ សុំឱ្យថ្នាក់ដឹកនាំ រដ្ឋាភិបាលនិងម្ចាស់គ្រឹះស្ថានឧត្តមសិក្សាផ្តល់អាហារូបករណ៍សម្រាប់កូនចៅរបស់ពួកគាត់ គឺនៅក្រោយប្រឡងបាក់ឌុបនាឆ្នាំនេះនិងឆ្នាំមុនផងដែរ។

ជនភៀសសឹកដែលជាឪពុកម្តាយបានឲ្យដឹងថា : មុនប្រឡងកូនចៅរបស់ពួកគាត់បានភៀសសឹកមកតស៊ូរៀនថ្នាក់ទី១២នៅទីរួមខេត្ត និងនៅស្រុកខ្លះ ហើយពួកគាត់មានជីវភាពខ្វះខាត និងគ្មានលទ្ធភាពផ្គត់ផ្គង់ការរៀនសូត្រនៅមហាវិទ្យាល័យឡើយ។

ជនភៀសសឹកមកពីភូមិព្រៃចាន់ដែលបច្ចុប្បន្នកំពុងស្នាក់នៅភូមិរង់ចាំទី៥ អ្នកស្រីឈឿន ណន បានឱ្យដឹងថា គាត់មានកូនស្រីម្នាក់ត្រូវប្រឡងបាក់ឌុបនៅឆ្នាំ២០២៦ ហើយនៅភូមិព្រៃចាន់ គឺមានតែកូនស្រីគាត់ម្នាក់ប៉ុណ្ណោះបានប្រឡងបាក់ឌុបនៅឆ្នាំនេះ។

អ្នកស្រីបាននិយាយបន្តថា ប្រសិនបើកូនស្រីរបស់គាត់ប្រឡងជាប់ គឺអ្នកស្រី គ្មានលទ្ធភាពឱ្យកូនបន្តការសិក្សានៅមហាវិទ្យាល័យនោះទេ ដោយសារគ្រួសារក្រីក្រ ត្បិតអីផ្ទះសម្បែង ទ្រព្យសម្បត្តិត្រូវយោធាថៃ ដុត និងឈូសបំផ្លាញអស់កាលពីខែធ្នូឆ្នាំ២០២៥ កន្លងមក ។
អ្នកស្រី ឈឿន ណន បន្តថា បច្ចុប្បន្នគ្រួសារអ្នកស្រីកំពុងស្នាក់នៅភូមិរង់ចាំ គឺបានត្រឹមតែរស់រានមានជីវិតប៉ុណ្ណោះ។ អ្នកស្រីបានស្នើដល់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសូង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងម្ចាស់សាកលវិទ្យាល័យផ្តល់ការឧបត្ថម្ភនិងអាហារូបករណ៍សម្រាប់ការរៀនសូត្រដល់កូនរបស់អ្នកស្រីផង ។
ចំណែក លោក ជិន វណ្ណា ពលរដ្ឋមកពីភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ដែលបច្ចុប្បន្នស្នាក់នៅភូមិរង់ចាំទី៣ បានរៀបរាប់ថា កូនស្រីទី២របស់គាត់ត្រូវប្រឡងបាក់ឌុបនៅឆ្នាំនេះដែរ។
ជនភៀសសឹករូបនេះមានក្តីសង្ឃឹមថា កូនស្រីរបស់គាត់នឹងប្រឡងជាប់ ប៉ុន្តែអ្វីដែលគាត់ព្រួយបារម្ភនោះ គឺគ្មានលទ្ធភាពឱ្យកូនបន្តការសិក្សានៅមហាវិទ្យាល័យ ដោយសារជីវភាពខ្វះខាត ក្រោយពីបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ ដោយយោធាថៃបំផ្លាញ និងរាយបន្លាលួសព័ទ្ធយកអស់។
ដូចគ្នានេះដែរ លោក ឌុច សីហា ជាពលរដ្ឋមកពីភូមិបន្ទាយមានរឹទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ដែលបច្ចុប្បន្នកំពុងស្នាក់នៅភូមិរង់ចាំទី១ បានប្រាប់ថា កូនប្រុសទី៥របស់លោកបានមកប្រឡងបាក់ឌុបដែរ ប៉ុន្តែអ្វីដែលលំបាកនោះ គឺគ្រួសារគាត់ខ្វះខាតថវិកា គ្មានមធ្យោបាយឱ្យកូនបន្តការសិក្សា។
លោកឌុច សីហា បានស្នើដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធផ្តល់អាហារូបករណ៍ដល់កូនគាត់ និងសិស្សមកពីមណ្ឌលភៀសសឹកទាំងអស់ ដើម្បីឱ្យពួកគេមានលទ្ធភាពបន្តការសិក្សានៅមហាវិទ្យាល័យ និងរៀនជំនាញផ្សេងៗ។
អ្នកភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ អ្នកស្រី ថង ដា ដែលបច្ចប្បន្នស្នាក់នៅភូមិរង់ចាំទី៦ មណ្ឌលភៀសសឹកស្លក្រាមដែរបានប្រាប់ថា: ក្រុមគ្រួសារអ្នកស្រីក៏ស្នើសុំប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរ ក្រសួងនិងរាជរដ្ឋាភិបាលដែរដើម្បីបានអាហារូបករណ៍ដល់កូនៗរបស់អ្នកស្រីឈ្មោះសាត រតនា ភេទស្រីនិងសាត រចនា ភេទស្រី ដើម្បីបានរៀនសូត្រថ្នាក់ឆ្នាំមូលដ្ឋានបន្តឡើងវិញ បន្ទាប់ពីកូនៗបានជាប់បាក់ឌុបពីឆ្នាំ២០២៥ ប៉ុន្តែដោយជីវភាពខ្វះខាតក៏បោះបង់ការសិក្សា។
ចំពោះបញ្ហានេះ លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យមានប្រសាសន៍នៅថ្ងៃទី១១ខែសីហាថា មន្ទីរបានពិនិត្យលើបេក្ខជន បេក្ខនារីប្រឡងបាក់ឌុបជាជនភៀសសឹក ដែលគ្មានលទ្ធភាពបន្តការសិក្សានៅឧត្តមសិក្សា ដើម្បីរាយការណ៍ និងដាក់សំណើទៅថ្នាក់ដឹកនាំ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់អាហារូបករណ៍ជូនពួកគេ។
លោកថា មន្ត្រីកំពុងស្រង់ចំនួនសិស្សភៀសសឹកដើម្បីរាយការណ៍ជូនថ្នាក់លើ។
ចំណែកឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍បញ្ជាក់ថា៖ អាជ្ញាធរខេត្តនឹងពិនិត្យ ហើយសម្របសម្រួលផ្តល់អាហារូបករណ៍សិក្សាបន្តនៅឧត្តមសិក្សាដល់បេក្ខជនជាប់បាក់ឌុប ជាជនភៀសសឹក៕/

