ប្រែសម្រួល៖ សហការី
យោងតាមកងទ័ពឡាតវី យន្តហោះចម្បាំងដែលកំពុងបំពេញបេសកកម្មការពារដែនអាកាសតំបន់បាល់ទិករបស់អង្គការណាតូ (NATO) បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក (drone) មួយគ្រឿង ដែលបានហោះចូលក្នុងដែនអាកាសរបស់ប្រទេសឡាតវី កាលពីថ្ងៃទី ១៤ ខែសីហា។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពបានបញ្ជាក់ថា “យន្តហោះគ្មានមនុស្សបើក (UAV) របស់បរទេស” នោះបានហោះចូលក្នុងដែនអាកាសឡាតវី ដោយសារតែ “សង្គ្រាមអេឡិចត្រូនិករបស់រុស្ស៊ី”។
ការពិពណ៌នានេះបានបង្ហាញថា យន្តហោះគ្មានមនុស្សបើកនោះអាចជាយន្តហោះគ្មានមនុស្សបើកសម្រាប់វាយប្រហាររបស់អ៊ុយក្រែន ដែលត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីធ្វើឱ្យផ្លាតចេញពីគន្លងហោះហើរដើម។
យន្តហោះគ្មានមនុស្សបើកនោះត្រូវបានស្ទាក់ចាប់ដោយយន្តហោះចម្បាំងរបស់អង្គការណាតូ នៅលើដែនអាកាសនៃតំបន់ Balvi ស្ថិតនៅភាគខាងកើតប្រទេសឡាតវី។
យោធាបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា “ដរាបណាការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែននៅតែបន្ត ការកើតឡើងវិញនៃករណីដែលយន្តហោះគ្មានមនុស្សបើកបរទេសចូល ឬចូលទៅជិតដែនអាកាសឡាតវីគឺអាចធ្វើទៅបាន”។
យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនត្រូវបានបង្វែរទិសដៅជាញឹកញាប់ដោយសង្គ្រាមអេឡិចត្រូនិករបស់រុស្ស៊ី ដែលបង្កើតភាពតានតឹងរវាងអ៊ុយក្រែន និងសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតមួយចំនួនរបស់ខ្លួន។
កាលពីថ្ងៃទី 3 ខែឧសភា នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo បាននិយាយទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនពីរគ្រឿងដែលសង្ស័យថាបានចូលដែនអាកាសហ្វាំងឡង់មួយរយៈខ្លីនៅជិតព្រំដែនរុស្ស៊ី-ហ្វាំងឡង់ ក្នុងអំឡុងពេលវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនប្រឆាំងនឹងគោលដៅនៅក្នុងតំបន់ Leningrad Oblast។
លោក Orpo បានពិពណ៌នាអំពីឧប្បត្តិហេតុបែបនេះថា “មិនអាចទទួលយកបាន” ខណៈពេលដែលចង្អុលបង្ហាញថាហ្វាំងឡង់ “គាំទ្រអ៊ុយក្រែន និងយល់ពីសិទ្ធិរបស់ខ្លួនក្នុងការការពារខ្លួន”។
នៅថ្ងៃទី ១០ ខែឧសភា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានចោទប្រកាន់ដោយផ្ទាល់ទៅលើប្រទេសរុស្ស៊ីថា បានបង្វែរទិសដៅយន្តហោះគ្មានមនុស្សបើក (drones) ចូលទៅក្នុងប្រទេសជិតខាងដោយចេតនា។
លោក Sybiha បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការស៊ើបអង្កេតបានបញ្ជាក់ថា នេះគឺជាលទ្ធផលនៃសង្គ្រាមអេឡិចត្រូនិករបស់រុស្ស៊ី ដែលបានបង្វែរទិសដៅយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចេញពីគោលដៅរបស់ពួកវានៅក្នុងប្រទេសរុស្ស៊ីដោយចេតនា»។ លោកក៏បានស្នើបញ្ជូនអ្នកជំនាញផ្នែកប្រឆាំងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ទៅកាន់បណ្តាប្រទេសក្នុងតំបន់ ដើម្បីជួយការពារប្រទេសទាំងនោះពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលហោះវង្វេងទិសដៅទាំងនេះផងដែរ៕/
ប្រភព៖ Kyiv independent

