កម្សាន្ដ

តំបន់រ៉ាមសារព្រែកទាល់ ត្រូវបានដាក់បញ្ចូលជាបេក្ខភាពឧទ្យានបេតិកភណ្ឌអាស៊ាន

ដោយ៖​លន ស្រស់

ភ្នំពេញ៖ តំបន់រ៉ាមសារព្រែកទាល់ ស្ថិតក្នុងឋបនីយជីវមណ្ឌលបឹងទន្លេសាប ត្រូវបានដាក់បញ្ចូលជាបេក្ខភាពឧទ្យានបេតិកភណ្ឌអាស៊ាន។

ឧទ្យានបេតិកភណ្ឌអាស៊ាន គឺជាតំបន់ការពារធម្មជាតិ ដែលទទួលស្គាល់ដោយបណ្តាប្រទេសអាស៊ាន ដោយសារសក្តានុពលនៃជីវចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងវត្តមានសត្វព្រៃ-រុក្ខជាតិកម្រ ដែលទាមទារឱ្យមានកិច្ចអភិរក្សរួមគ្នាក្នុងកម្រិតតំបន់។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ានលើកទី២៨ និងកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី ៣៧ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១០-១១ ខែសីហា តាមប្រព័ន្ធវីដេអូ រដ្ឋសមាជិកអាស៊ានបានគាំទ្រ និងឯកភាពដាក់បញ្ចូលបេក្ខភាព តំបន់រ៉ាមសារព្រែកទាល់ ទៅជាតំបន់ឧទ្យានបេតិកភណ្ឌអាស៊ានឆ្នាំ ២០២៦។ ក្រសួងបរិស្ថាន បានបញ្ជាក់ដូច្នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី ១៣ ខែសីហា។

បច្ចុប្បន្ន​ កម្ពុជាមានឧទ្យានបេតិកភណ្ឌអាស៊ានចំនួន២ រួមមាន ឧទ្យានជាតិវីរៈជ័យ ស្ថិតនៅខេត្តរតនគិរី និងស្ទឹងត្រែង និងឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្ថិតនៅខេត្តកំពត ត្រូវដាក់បញ្ចូល និងអនុម័តជាផ្លូវការ នៅឆ្នាំ២០០៣។

ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្នុងពេលឆាប់ៗនេះ តំបន់រ៉ាមសារព្រែកទាល់ ក្នុងខេត្តបាត់ដំបង នឹងត្រូវរដ្ឋមន្ត្រីបរិស្ថានអាស៊ាន អនុម័តជាផ្លូវការ។ ការទទួលបានស្ដង់ដារនេះ នឹងធ្វើឱ្យកម្ពុជា មានឧទ្យានបេតិកភណ្ឌអាស៊ានកើនដល់ ៣កន្លែង ដែលជាមោទនភាពមួយ កើតចេញពីកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សធនធានធម្មជាតិ។

ស្របគ្នានេះដែរ ក្រសួងបរិស្ថាន ក៏កំពុងសិក្សាស្រាវជ្រាវពីសក្តានុពល នៃឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាជម្រកពងកូន និងជាតំបន់ការពារជីវចម្រុះដ៏សំខាន់ សម្រាប់សត្វព្រៃកម្រ និងប្រឈមនឹងការគំរាមកំហែង ដើម្បីរៀបចំសំណុំឯកសារ ស្នើសុំទទួលស្គាល់ជា «ឧទ្យានបេតិកភណ្ឌអាស៊ាន» បន្ថែមដែរ៕
អត្ថបទនិងរូបភាព ៖ ផេកផ្លូវការរបស់ក្រសួងបរិស្ថាន