អន្តរជាតិ

ការព្រួយបារម្ភកើនឡើងជុំវិញស្ថានភាពនៅលើនាវាដឹកយន្តហោះរបស់កងទ័ពជើងទឹកអាមេរិក

ប្រែសម្រួល៖ សហការី
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យបានចាប់ផ្តើមលើកឡើងពីក្តីបារម្ភជុំវិញការបន្តពន្យារពេលដាក់ពង្រាយនាវាដឹកយន្តហោះចម្បាំង U.S.S. Abraham Lincoln ខណៈដែលមានសេចក្តីរាយការណ៍អំពីលក្ខខណ្ឌនៃការរស់នៅមិនល្អ និងការខ្វះខាតពេលវេលាសម្រាកសម្រាប់ក្រុមនាវិក បន្ទាប់ពីពួកគេបានបំពេញបេសកកម្មនៅឯសមុទ្រអស់រយៈពេលជាង ៨ ខែ កន្លះមកហើយ។

នាវា Lincoln ដែលមានមូលដ្ឋាននៅទីក្រុង San Diego និងមានក្រុមនាវិកប្រហែល ៥.០០០ នាក់ កំពុងគាំទ្រប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ដើម្បីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

នៅក្នុងលិខិតមួយផ្ញើជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth និងលោក Hung Cao ដែលជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកងទ័ពជើងទឹក សមាជិកព្រឹទ្ធសភាលោក Richard Blumenthal មកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Connecticut បានរៀបរាប់ពីបញ្ហាផ្សេងៗដែលត្រូវបានរាយការណ៍ថាបានកើតឡើងនៅលើនាវានេះ។

លោកបានសរសេរអំពីបញ្ហាទាំងនោះថា៖ «មានសេចក្តីរាយការណ៍យ៉ាងទូលំទូលាយអំពីការខ្វះខាតសម្ភារប្រើប្រាស់ចាំបាច់ ការបំពុលទឹក បញ្ហាប្រព័ន្ធទឹកនិងលូ សុខភាពផ្លូវចិត្តដែលកាន់តែធ្លាក់ចុះដុនដាប ក្តីបារម្ភអំពីសុវត្ថិភាពនៅលើនាវា និងការរំខានដល់ប្រព័ន្ធដឹកជញ្ជូនសំបុត្រឬកញ្ចប់អំណោយ ដែលបណ្តាលឱ្យកញ្ចប់អំណោយជាច្រើនដែលផ្ញើមកកាន់នាវាត្រូវបាត់បង់នៅតាមផ្លូវអស់រយៈពេលជាច្រើនខែ»។ បញ្ហាជាច្រើនក្នុងចំណោមបញ្ហាទាំងនេះ ត្រូវបានរាយការណ៍រួចមកហើយដោយសារព័ត៌មាន Navy Times និង Stars and Stripes។

លោក Blumenthal បានបន្ថែមថា រដ្ឋបាលរបស់លោក Trump បានរក្សាទុកនាវាដឹកយន្តហោះចម្បាំងនៅឯសមុទ្រក្នុងរយៈពេលយូរជាងធម្មតា អំឡុងពេលយុទ្ធនាការដាក់សម្ពាធលើប្រទេសវេណេស៊ុយអេឡា និងជម្លោះជាមួយប្រទេសអ៊ីរ៉ង់។

លោក Ruben Gallego សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ Arizona បានលើកឡើងនៅក្នុងការបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃពុធថា លោកកំពុងស្នើសុំរៀបចំដំណើរទស្សនកិច្ចមួយយប់នៅលើនាវា Lincoln សម្រាប់គណៈប្រតិភូសមាជិកសភាដែលមកពីទាំងគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ។

លោក Gallego ដែលធ្លាប់បម្រើការក្នុងសមរភូមិក្នុងនាមជាទាហានម៉ារីន (Marine) បានមានប្រសាសន៍ថា៖ «ខុសពីលោក Donald Trump ខ្ញុំធ្លាប់ឆ្លងកាត់ការបំពេញបេសកកម្មយោធាផ្ទាល់។ របៀបដែលគាត់ប្រព្រឹត្តចំពោះយោធិនរបស់យើង ខណៈពេលដែលគាត់កំពុងអនុវត្តសង្គ្រាមខុសច្បាប់នេះ មិនត្រឹមតែជារឿងគួរឱ្យស្អប់ខ្ពើមប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានគ្រោះថ្នាក់ទៀតផង»។

យោងតាមមន្ត្រីអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារមិនមានការអនុញ្ញាតឱ្យនិយាយជាសាធារណៈអំពីកាលវិភាគរបស់នាវា បានឱ្យដឹងថា កងទ័ពជើងទឹកកំពុងបញ្ជូននាវាដឹកយន្តហោះចម្បាំង George Washington ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជំនួសនាវា Lincoln។

លោក Hegseth បានច្រានចោលសេចក្តីរាយការណ៍នានាដែលថាមានលក្ខខណ្ឌរស់នៅមិនល្អនៅលើនាវា Lincoln។

លោកបានប្រាប់អ្នកសារព័ត៌មានអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសប៉ាណាម៉ាកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងធានាថានាវាគ្រប់គ្រឿង ក្រុមនាវិកគ្រប់ក្រុម និងប្រធាននាវាគ្រប់រូប ទទួលបានអ្វីៗគ្រប់យ៉ាងដែលយើងអាចផ្តល់ជូនបាននៅគ្រប់ពេលវេលា។ បេសកកម្មខ្លះមានរយៈពេលយូរជាងបេសកកម្មផ្សេងទៀត ហើយខ្ញុំមានការគោរព និងដឹងគុណចំពោះនាវិកទាំងនោះខ្លាំងជាងអ្នកណាៗទាំងអស់។ អ្វីដែលពួកគេធ្វើនៅកណ្តាលសមុទ្រធំទូលាយ ក្នុងស្ថានភាពលំបាក និងមានឱកាសចូលចតនៅកំពង់ផែតិចតួចនោះ គឺពិតជាគួរឱ្យស្ងើចសរសើរជាទីបំផុត»៕
ប្រភព៖ The New York Times