ព័ត៌មានជាតិ

ព្រះសង្ឃ ពុទ្ធបរិស័ទនិងសប្បុរសជនប្រគល់គ្រឿងឧបភោគបរិភោគជូនដល់វីរកងទ័ពជួរមុខ

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ គ្រឿងឧបភោគបរិភោគនិងថវិកាត្រូវបានព្រះសង្ឃ ពុទ្ធបរិស័ទនិងសប្បុរសជនក្នុងនិងក្រៅប្រទេសរៃអង្គាស ប្រមូលនិងរៀបចំចែកជូនដល់វីរកងទ័ពជួរមុខដែលឈរជើងការពារបូរណភាពឹទឹកដី អធិបតេយ្យភាពកម្ពុជានៅទិសចំនួន៣ផ្សេងៗគ្នា។
គឺទី១- វីរកងទ័ពទិសព្រះវិហារ ខេត្តព្រះវិហារ ។ទី២-វីរកងទ័ពទិសបន្ទាយមានជ័យនិងទី៣-វីរកងទ័ពទិសឧត្តរមានជ័យ។

កម្មវិធីប្រគល់នេះធ្វើឡើងនៅវត្តគិរីជុំចំការខ្នុរក្រុងសិរីសោភ័ណ នាថ្ងៃទី១៣ខែសីហាឆ្នាំ២០២៦ ក្រោមព្រះអធិបតីភាពនិងជាអង្គផ្តួចផ្តើមដោយព្រះសមណញ្ញាណណាប់ ម៉ឺន ព្រះបាឡាត់គណខេត្តបន្ទាយមានជ័យនិងជាព្រះគ្រូចៅអធិការវត្តគិរីជុំចំការខ្នុរ។

ព្រះសមណញ្ញាណណាប់ ម៉ឺន បានមានសង្ឃដីកាថា: ការផ្ដល់អំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគនិងថវិកាជូនដល់វីរកងទ័ពជួរមុខ គឺជាការវិភាគទានដ៏មានអត្ថន័យ អត្ថរូបនិងអត្ថរសដែលបង្ហាញពីការឈឺឆ្អាល ការយកចិត្តទុកដាក់ ការដឹងនិងតបគុណ ក៏ដូចជាការលើកកម្ពស់ស្មារតីមនសិកាស្នេហាជាតិ និងសម្បជ្ជញ្ញ:ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី អធិបតេយ្យភាពនិងប្រឆាំងនឹងពួកចោរសៀមឈ្លានពាន។

អំពីបុព្វហេតុនិងគោលបំណងនៃកម្មវិធីសប្បុរសធម៌ដ៏ត្រជាក់និងមានហូរហែឥតអាក់ដូចភ្លៀងរលឹមនេះ ត្រូវបានព្រះសមណញ្ញាណណាប់ ម៉ឺនមានសង្ឃដីកាពន្យល់ថា: ក្រោមដំបូលរាជរដ្ឋាភិបាលនោះគឺសមរភូមិក្រោយមហាជននិងប្រជាជនសូមបន្តធ្វើការលើកកម្ពស់ស្មារតីនិងកម្លាំងចិត្តបង្កើនស្មារតីថែរក្សាការពារនិងប្រយុទ្ធប្រឆាំងរបស់វីរកងទ័ពយើងនិងសូមជូនពរសិរីបវរមហាប្រសើរ កម្លាំងខ្លាំងក្លា ឈ្លាសវៃ សុខភាពល្អ មានជ័យជម្នះគ្រប់សមរភូមិនិងគ្រប់ពេលឡើងវិញ។

ព្រះតេជគុណក៏សូមសម្ដែងនូវគារវៈភក្តីនិងសូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយក្នុងនិងក្រៅប្រទេសដែលបានធ្វើការបរិច្ចាគទ្រព្យធន ថវិកាផ្ទាល់ខ្លួនក្នុងស្មារតីខ្មែរជួយខ្មែរនេះ ៕