ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការវត្តមកពីស្រុកក្រុងចំនួន៣ រួមមានក្រុងប៉ោយប៉ែត ស្រុកស្វាយចេកនិងស្រុកថ្មពួកក្នុងខេត្តបន្ទាយមានជ័យ បាននិមន្តចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីសង្គ្រោះបឋមផ្លូវចិត្តរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១១ដល់ថ្ងៃទី ១៣ខែសីហាឆ្នាំ២០២៦ ។

វគ្គទី១នេះធ្វើឡើងនៅពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីមនៅវត្តចមសុធាវាស់ ហៅវត្តស្វាចាស់ស្ថិតនៅភូមិ១សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។

វគ្គមានការឧបត្ថម្ភដោយអង្គការយូនីសេហ្វ(UNICEF) និងអង្គការធីភីអូ(TPO) និងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិតសេង សុមុនី រដ្ឋលេខាធិការប្រចាំការនៃក្រសួងធម្មការនិងសាសនានិងមានការចូលរួមពីព្រះមេគណខេត្តទាំងពីរគណៈនិងលោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ។

លោកបណ្ឌិតសេង សុមុនី បានថ្លែងនាំអរគុណចំពោះអង្គការយូនីសេហ្វ(UNICEF)និងអង្គការ (TPO ) ដែលបានបន្តគាំទ្រថវិកាក្នុងកិច្ចការកសាងសមត្ថភាពប្រកេនដល់ព្រះតេជគុណតាមរយៈការបណ្ដុះបណ្ដាលស្ដីពីសង្គ្រោះបឋមផ្លូវចិត្ត។

ឯកឧត្តមបន្តថា ដោយសារពួកចោរសៀមឈ្លានពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺក្នុងស្ថានភាពមានវិបត្តិកិច្ចការមនុស្សធម៌ដែលបំពេញក្នុងអំឡុងគ្រាអាសន្នទាក់ទងនឹងជម្លោះនៃសង្គ្រាមព្រំដែនបានបង្កនូវហានិភ័យដែលនាំឲ្យមានអំពើហិង្សាការកេងប្រវញ្ច័និងការរំលោភបំពានកំពុងកើតឡើងលើស្ត្រីនិងកុមារដែលរស់នៅក្នុងស្ថានភាពជម្លោះ។

ក្នុងនោះ បេសកកម្មដោយអង្គការសង្គមស៊ីវិលនិងអង្គការអន្តរជាតិបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយស្ថានភាពនៃវិបត្តិនេះ។

ចំពោះវគ្គបណ្ដុះបណ្ដាលសម្រាប់រយៈពេលបីថ្ងៃនេះមាន៣ មេរៀននិងមានគោលបំណងធំ ២ :ទី១- ប្រគេនព្រះសង្ឃនូវចំណេះដឹងជំនាញស្ដីពីសង្គ្រោះបឋមផ្លូវចិត្តដើម្បីផ្ដល់ការគាំទ្រផ្លូវចិត្តទាន់ពេលវេលាដល់កុមារ គ្រួសារនិងសហគមន៍រងគ្រោះ។ ទី២ -ពង្រឹងសាមគ្គីភាពសហគមន៍ដែលចាំបាច់សម្រាប់ការស្ដារឡើងវិញនិងការសម្របសម្រួលខ្លួន៕

