សន្ដិសុខសង្គម

រកឃើញទំនិញខូចគុណភាពនិងមានសារធាតុហាមឃាត់ជាច្រើនគីឡូក្រាមក្នុងផ្សារស្រុកមោងឫស្សី

ដោយ៖ សុខុម

បាត់ដំបង÷ មន្ត្រីជំនាញចុះពិនិត្យរកឃើញទំនិញខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ជាច្រើនគីឡូក្រាមពីអាជីវករលក់ដូរក្នុងផ្សារស្រុកមោងឫស្សី ខេត្តបាត់ដំបង។

មន្រ្តីអធិការកិច្ចម្ហូបអាហារសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងខេត្តបាត់ដំបងបានឲ្យដឹងថា÷ នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៦ ម្សិលមិញនេះ មន្ត្រី ក.ប.ប បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានចុះត្រួតពិនិត្យទំនិញ គ្រឿងឧបភោគបរិភោគ ទំនិញវេចខ្ចប់ស្រេច ដែលមានដាក់តាំងលក់នៅក្នុងផ្សារធំស្រុកមោងឫស្សី នៅក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដបង បានចំនួន ១៥តូប និងផ្ទះលក់ទំនិញជុំវិញផ្សារបានចំនួន ៩ខ្នងផ្ទះសរុបចំនួន ២៤រូប លើសពីនេះក៏បានចែកជូននូវផ្ទាំងរូបភាព ( Poster ) ផ្សព្វផ្សាយស្តីពីការឈ្វេងយល់អំពីការជ្រេីសរេីសម្ហូបអាហារដែលមានសុវត្ថិភាពខ្ពស់ជូនដល់បងប្អូនអាជីវករមួយចំនួនផងដែរ។

ក្រោយការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពសរុបចំនួន ២១.៥០គីឡូក្រាម ក្នុងនោះរួមមាន ពពុះសណ្តែកចំនួន ១៣.៥០ គីឡូក្រាម មានសារធាតុគីមីហាមឃាត់ ( បូរ៉ាក់ ) និងស្រាបៀរម៉ាក ABC ១កេសផងដែរហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព។

ប្រភពមន្ត្រីជំនាញខាងលើបន្តថា÷ ទំនិញដែលហាមឃាត់ទាំងអស់ខាងលើបានដកហូតហើយយកទៅរក្សាទុកនៅសាខា ក.ប.ប. ខេត្តបាត់ដំបង រង់ចាំពេលវេលាកម្ទេចចោលតាមនីតិវិធី៕