ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ប្រជាកសិករបានត្រេកអរជាខ្លាំងនឹងតម្លៃដំឡូងមី ពិសេសមើមស្រស់ហក់ឡើងថ្លៃទ្វេដងបើប្រៀបធៀបនឹងខែកក្កដាឆ្នាំ២០២៥និងឆ្នាំ២០២៦ នេះ ហើយថា ចំណូលនេះអាចយកទៅដោះស្រាយបន្ទុកជីវភាព បំណុល ក៏ដូចជាចំណាយផ្សេងៗបាន ។

ដោយបានឡើងថ្លៃពីដើមខែកក្កដាដល់ខែសីហានេះ នៅទីតាំងលានទិញភាគច្រើន តម្លៃមើមដំឡូងមីស្រស់ថ្លែ៣០០រៀលទៅ៣៥០រៀល/ គក្រឬ ៣០ម៉ឺនទៅ៣៥ម៉ឺនរៀល/តោន ខណ:ដែលខែកក្កដានិងសីហានេះ កាលពីឆ្នាំ២០២៥ បានថ្លៃតែ១៦០រៀលទៅ១៨០រៀល/គក្រ ឬ ១៦ម៉ឺនរៀលទៅ១៨ម៉ឺនរៀល/តោន ប៉ុណ្ណោះ ។

ចំពោះទិន្នផលវិញក៏បានតិចឬច្រើនដោយទីតាំងប្រភេទដីចម្ការ ដែលជាមធ្យមទិន្នផលបានពី២០ទៅ៤៥តោន/ហត ។ ហើយមានភ្លៀងធ្លាក់នារដូវវស្សាដូច្នេះ មើមដំឡូងមីក៏ដាក់ម្សៅណែននិងឡើងទម្ងន់ល្អផងដែរ ។

អ្នកស្រីសួន សុខ កសិករនៅភូមិទ្រាស ឃុំទ្រាសស្រុកស្វាយចេកបានប្រាប់សារព័ត៌មានកាលពីថ្មីៗនាខែសីហាឆ្នាំ២០២៦ នេះថា: អ្នកស្រីបានដាំស្រូវចំនួន២ហិកតា ដាំដំឡូងមី៥ហិកតា ។ ចំពោះដំឡូងមី គ្រួសារអ្នកស្រីបានជម្នះចិត្តនិងមតិរារាំងរបស់អ្នកផ្សេងៗដែលមិនបានដាំពីដើមឆ្នាំ ដ្បិតអីពីឆ្នាំ២០២៥ កន្លងមក ហាងឆេងទីផ្សារបានធ្លាក់ថ្លៃ ហើយកសិករភាគច្រើនបានខាតធ្ងន់ធ្ងរ និងរាងចាលនោះ ។

អ្នកស្រីបន្តថា: ពេលប្រមូលផល ដំឡូងមីស្រស់ហក់ឡើងថ្លៃ ដូច្នេះ វាជួយលើកកម្ពស់ជីវភាព ដោះស្រាយចំណាយថ្លៃដើមលើការភ្ជួររាស់ ពូជ ជី ថ្នាំបំប៉ន ថ្នាំកម្ចាត់កត្តាចង្រៃ ការដាំដុះ ការថែទាំ ការប្រមូលផលជាដើម ។

ចំពោះលោកសំ ហុកចាន់ កសិកររស់នៅភូមិបន្ទាយមានរឹទ្ធឃុំគោករមៀតស្រុកថ្មពួកបានប្រាប់ថា : លោកនិងក្រុមគ្រួសារបានដាំដំឡូងមីចំនួន២០០ហិកតា ហើយវាមានដើមដងល្អ ។ មកទល់ខែសីហាឆ្នាំ២០២៦នេះ មើមដំឡូងមីស្រស់បានហក់ឡើងថ្លៃ២ដង បើប្រៀបធៀបនឹងឆ្នាំកន្លងមក។

ទោះជាយ៉ាងណាលោកថា ដោយសារកត្តាអាកាសធាតុ ដីធ្លឺ ឆ្នាំនេះទិន្នផលបានថយចុះ ប៉ុន្តែតម្លៃទីផ្សារដំឡូងមីស្រស់បានឡើងថ្លៃ ឬអាចនិយាយថា មិនអាចធ្លាក់ថ្លៃក្រោមចំនួន២០០រៀល/គក្រនោះទេ។

ហើយពេលឡើងថ្លៃនេះ វាផ្តល់អំណោយផលច្រើនណាស់ដល់កសិករនិងពលរដ្ឋផ្សេងទៀតដែលទទួលបាន ដូចជាជួយបំពេញកង្វះខាតឬការចំណាយក្នុងគ្រួសារដែលរងផលប៉ះពាលនិងរងគ្រោះដោយយោធាថៃឈ្លានពាន , ការសងបំណុលចាស់ ថ្មី , ការចំណាយក្នុងគ្រួសារជាដ៊ើម ។ ជាពិសេសដោះស្រាយនូវប្លង់ដីដាក់បញ្ចាំនិងបំណុលដែលខ្ចីបុលគេពេលយោធាថៃឈ្លានបានបំផ្លាញផ្ទះសម្បែង ប្លន់ទ្រព្យសម្បត្តិនិងហ៊ុមព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រនិងកាន់កាប់ដីភូមិ ទឹកដីកម្ពុជាដោយខុសច្បាប់ ។
ចំពោះលោកថៃ សុភេត អាជីវករ និងជាជាម្ចាស់ទីលានទិញដំឡូងមីមួយនៅភូមិគោកសំរោងឃុំបន្ទាយឆ្មារស្រុកថ្មពួកបានប្រាប់ថា: ២០-៣០ឆ្នាំមកនេះ ក៏ដូចជាឆ្នាំ២០២៥កន្លងមក ហាងឆេងទីផ្សារតម្លៃដំឡូងមីបានហក់ឡើងថ្លៃ២ដង។ លោកជាម្ចាស់ទីលានទិញនិងកសិករត្រេកអរណាស់។
លោកថៃ សុភេត ប្រាប់បន្តថា: ពេលតម្លៃផលដំណាំកសិ-ឩស្សាហកម្មនេះហក់ឡើងថ្លៃ កសិករអាចចំណេញច្រើន បើគិតលើការទូទាត់ចំណាយថ្លៃដើម ការប្រមូលផល ការដឹកជញ្ជូនដំឡូងមី ក៏ដូចជាអាចយកទៅទិញសម្ភារ គ្រឿងចក្រកសិកម្មជាដើម ។
រីឯលោកខូ សុណា មេឃុំទ្រាសស្រុកស្វាយចេកមានប្រសាសន៍ថា: ទោះបីជារងផលប៉ះពាល់ពីសង្គ្រាមនៅព្រំដែននិងខ្លាចរអារនឹងការខាតពីឆ្នាំមុន ក៏កសិករភាគច្រើននៅតែមិនបោះបង់ការដាំដុះ ថែទាំ រហូតដំឡូងមីបានផល ឯស្រូវក៏ជិតបានផលដែរ។
ជាមួយគ្នានេះ លោកអៀម សៀងលី ប្រធានការិយាល័យអាជីវកម្មនៃមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ក្នុងនាមជំនាញជំរុញ តាមដានទីផ្សារ លោកនិងថ្នាក់ដឹកនាំសូមចូលរួមការលើកទឹកចិត្តប្រជាកសិករឲ្យខិតខំដាំដុះដំណាំកសិ ឧស្សាហកម្មប្រកបដោយបច្ចេកទេស ជ្រើសរើសពូជ ឆ្លើយតបទីផ្សារ ហើយលោកក៏លើកពីសន្ទស្សន៍ដំឡូងមីឡើងថ្លៃនេះដែរ ។
លោកបន្តថា: កត្តាដែលមើមដំឡូងមីហក់ឡើងថ្លៃនាឆ្នាំនេះ លោកថាអាចមកពី : ១-មើមដំឡូងមីស្អាតមិនសូវជាប់ដី ២-មើមពេញទឹក មានម្សៅល្អ ៣-ការបំពេញតម្រូវការទីផ្សារខ្ពស់នៅប្រទេសវៀតណាម។
ចំពោះលោករុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: កសិករត្រូវតែមើលលើស្ថានភាពអាកាសធាតុ ស្ថានភាពសង្គម សេដ្ឋកិច្ច ហើយការការដាំដុះដំណាំឬចិញ្ចឹមសត្វត្រូវតែដើរឲ្យទាន់តម្រូវការទីផ្សារ។ពេលនេះដំឡូងមីមានតម្រូវការខ្ពស់នាំឲ្យហក់ឡើងថ្លៃ ។
សូមបញ្ជាក់ថា ក្នុងខេត្តបន្ទាយមានជ័យមានផ្ទៃដីដំណាំកសិ -ឧស្សាហកម្មទំហំប្រមាណ១០ម៉ឺនហិកតា ។ ក្នុងនោះ ដំឡូងមីជាង៧ម៉ឺនហិកតា តែឆ្នាំនេះ បានដាំថយចុះមកត្រឹម៥ ម៉ឺនហិកតាប៉ុណ្ណោះ ៕

