ដោយ ៖បន្ទាយ

កំពង់ឆ្នាំង៖ ក្រសួងមហាផ្ទៃ ណែនាំដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណាដែលគប់គិតគ្នាអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំទឹកហូត ដែលបង្គោលនិងអំពូលសូឡា តម្លៃរហូតដល់៨លានរៀលក្នុង១ដើម ។
អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានឲ្យដឹងថា៖ ថ្មីៗនេះមានការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមនានាជាច្រើន ពាក់ព័ន្ធភាពមិនប្រក្រតីនៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបង្គោល និងអំពូលសូឡាមានតម្លៃរហូតដល់ ៨.០០០.០០០រៀល ក្នុង១ដើមដែលតម្លៃនេះខ្ពស់ជាងតម្លៃទីផ្សារហួសហេតុ។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលគេទទួលបាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានឲ្យដឹងទៀតថា : ពាក់ព័ន្ធនឹងករណីនេះ កន្លងមកអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចាត់មន្ត្រីជំនាញឱ្យចុះពិនិត្យស៊ើបអង្កេតស្រាវជ្រាវ ដោយរកឃើញមានភាពមិនប្រក្រតីនៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំចំនួន៥នៃខេត្តកំពង់ឆ្នាំង ក្នុងនោះក៏មានរដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផងដែរ។
ផ្អែកលើមូលដ្ឋាននេះ ក្រសួងមហាផ្ទៃបានធ្វើការណែនាំដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ឱ្យចាត់វិធានការជាបន្ទាន់លើមន្ត្រីទាំងឡាយណាដែលមានការពាក់ព័ន្ធគប់គិតគ្នា ក្នុងការរៀបចំនិងអនុវត្តគម្រោងមូលនិធិឃុំទាំង៥ខាងលើមិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់និងនីតិវិធីកំណត់ ដោយត្រូវចាត់វិធានការវិន័យ ឬទណ្ឌកម្មឱ្យបានម៉ឺងម៉ាត់បំផុតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាធារណជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាននិងវាយតម្លៃជាប់ជាប្រចាំលើកិច្ចការអភិវឌ្ឍមូលដ្ឋាន កត្តានេះបានជួយពង្រឹងភាពម្ចាស់ការ ស្វ័យភាព តម្លាភាព គណនេយ្យភាពនិងសមត្ថភាព ឆ្លើយតបរបស់រដ្ឋបាលឃុំ សង្កាត់ចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ សំដៅរួមចំណែកក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋានប្រកបដោយចីរភាពនិងសមធម៌សង្គម៕


