អន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ដំឡើងតួនាទីអតីតយុទ្ធជនដែលមានឆន្ទៈអង់អាចប្រឈមមុខប្រយុទ្ធប្រឆាំងនឹងអាមេរិក

ប្រែសម្រួល៖ សហការី

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងដោយមោទនភាពថា សង្គ្រាមរបស់លោកជាមួយអ៊ីរ៉ង់បាននាំឱ្យមានការដឹកនាំមួយនៅទីក្រុងតេអេរ៉ង់ ដែលមានលក្ខណៈ «សមហេតុផលបំផុត» «ខុសប្លែកពីមុនខ្លាំង» និង «សមស្របជាងមុន»។ ប៉ុន្តែ ការតែងតាំងបុគ្គលដែលមានជំហររឹងរូសចំនួន ៦ រូបឱ្យកាន់តំណែងសន្តិសុខជាន់ខ្ពស់នៅសប្តាហ៍នេះ បង្ហាញថា ថ្នាក់ដឹកនាំថ្មីរបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ ប្រហែលជាមិនមែនជាក្រុមដែលមានជំហរមធ្យម ឬមានឆន្ទៈក្នុងការសម្របសម្រួលនោះទេ។

បុគ្គលដែលកំពុងឡើងកាន់តំណែងសំខាន់ៗនៅក្នុងស្ថាប័នសន្តិសុខទាំងនេះ បានចំណាយពេលពេញមួយអាជីពរបស់ពួកគេក្នុងការប្រឈមមុខនឹងសត្រូវនៅក្រៅប្រទេសជាពិសេសអាមេរិក និងបង្ក្រាបការប្រឆាំងជំទាស់នៅផ្ទៃក្នុងប្រទេស។

ការប្រកាសអំពីការតែងតាំងមន្ត្រីជាន់ខ្ពស់ទាំងនេះ ដែលគេជឿថាធ្វើឡើងដោយមេដឹកនាំកំពូល លោក Mojtaba Khamenei កាលពីថ្ងៃចន្ទ បានធ្វើឡើងបន្ទាប់ពីការតែងតាំងប្រធានសន្តិសុខជាតិថ្មីម្នាក់ គឺលោក Mohsen Rezaie កាលពីមួយថ្ងៃមុននោះ។

អ្នកជំនាញលើកឡើងថា ការផ្លាស់ប្តូរទាំងនេះបង្ហាញពីការផ្លាស់ប្តូរវិធីសាស្ត្រ បើធៀបនឹងជំហរប្រកបដោយការប្រុងប្រយ័ត្នខ្ពស់នៅសម័យឪពុករបស់ Mojtaba គឺលោក Ali Khamenei ដែលធ្លាប់ជាមេដឹកនាំកំពូល រហូតទាល់តែត្រូវបានអ៊ីស្រាអែលធ្វើឃាតនៅពេលចាប់ផ្តើមសង្គ្រាម។

វាបង្ហាញទាំងភាពកាចសាហាវឬភាពរឹងរូសកាន់តែខ្លាំងចំពោះសត្រូវខាងក្រៅ និងការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រឆាំងពីក្នុងប្រទេស។

លោក Hamidreza Azizi មកពីវិទ្យាស្ថាន Clingendael ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ (think tank) មួយនៅប្រទេសហូឡង់ បានលើកឡើងថា មានអាទិភាពសំខាន់ៗចំនួនពីរដែលកំពុងដំណើរការស្របគ្នា៖ គឺការត្រៀមលក្ខណៈរបស់រដ្ឋសម្រាប់បរិយាកាសខាងក្រៅដែលមានភាពតានតឹងនិងការប្រឈមមុខដាក់គ្នាខ្លាំងជាងមុន និងការបង្កើនវិធានការសន្តិសុខនៅក្នុងផ្ទៃក្នុងប្រទេស។

លោក Azizi បានប្រាប់ CNN ថា «ការផ្តោតការយកចិត្តទុកដាក់លើប្រតិបត្តិការវាយលុក ការបញ្ជាការរួម និងការសម្រេចចិត្តឱ្យបានឆាប់រហ័ស បង្ហាញថាថ្នាក់ដឹកនាំចង់ផ្លាស់ប្តូរពីវិធីសាស្ត្រទប់ស្កាត់បែបប្រុងប្រយ័ត្នដែលធ្លាប់អនុវត្តដោយលោក Ali Khamenei ទៅរកអ្វីដែលអាចហៅបានថាជា “ការទប់ស្កាត់តាមរយៈការវាយលុក”»។

យោងតាមលោក Saeid Golkar សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Tennessee នៅ Chattanooga បានឱ្យដឹងថា បុគ្គលភាគច្រើនដែលត្រូវបានតែងតាំងនោះ មានប្រវត្តិការងារក្នុងវិស័យស៊ើបការណ៍សម្ងាត់។

លោកបានប្រាប់បណ្តាញព័ត៌មាន CNN ថា៖ «ស្ថានភាពដែលយើងកំពុងឃើញនេះ គឺបង្ហាញថា សាធារណរដ្ឋអ៊ីស្លាមកំពុងវិវត្តទៅរករបបការិយាធិបតេយ្យដែលគ្រប់គ្រងដោយវិស័យសន្តិសុខ»។

យោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (Institute for the Study of War) ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ការផ្លាស់ប្តូរតួនាទីមន្ត្រីជាន់ខ្ពស់នេះបានពង្រឹងបន្ថែមទៀតនូវ «ជំហរដ៏តឹងរ៉ឹង និងមិនចុះសម្រុង» របស់របបនេះ ដែលរួមមាន «ការគ្រប់គ្រងទាំងស្រុងរបស់អ៊ីរ៉ង់លើច្រកសមុទ្រហ័រមូស (Strait of Hormuz) ការដកកងទ័ពអាមេរិកចេញពីតំបន់ និងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់»។

លោក Rezaie បានអំពាវនាវជាយូរមកហើយឱ្យមានការតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈពេលដែលទទួលស្គាល់ផងដែរនូវលទ្ធភាពនៃការចរចា។

កាលពីខែមីនា លោកបានព្រមានថា «ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ីរ៉ង់ នោះលើកនេះវាមិនមែនជាការសងសឹកក្នុងកម្រិតស្មើគ្នា (ដូចពាក្យថា ភ្នែកសងនឹងភ្នែក) នោះទេ ប៉ុន្តែវានឹងក្លាយជាការសងសឹកក្នុងកម្រិតធ្ងន់ធ្ងរជាងនេះទៅទៀត ដោយយកក្បាល ដៃ និងជើង ដើម្បីសងនឹងភ្នែកមួយ»។

ហើយកាលពីខែមុន លោកបានអះអាងថា៖ «សហរដ្ឋអាមេរិកបានជាប់អន្ទាក់ហើយ គឺបានធ្លាក់ចូលក្នុងអន្ទាក់របស់អ៊ីរ៉ង់ ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យពួកគេរួចខ្លួនបានស្រួលៗនោះឡើយ»៕

ប្រភព៖CNN