ដោយ : បន្ទាយ

ភ្នំពេញ៖ យោងតាមការប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជននិងកីឡានាល្ងាចថ្ងៃទី១១ខែសីហាឆ្នាំ២០២៦ ថា ដំណើរការមណ្ឌលសំណេរ២ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានវាយតម្លៃថា : ដំណើរការសំណេរមាន សភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស។

រីឯបើតាមរបាយការណ៍ពីមណ្ឌលប្រឡងរកឃើញថា ការប្រឡងមានបេក្ខជនអវត្តមានចំនួន១៣៥២នាក់ (ស្រី៥០២នាក់) ស្មើនឹង០,៨៩ ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ១៤៧នាក់ (ស្រី៤០៧នាក់) បេក្ខជនចំណេះទូទៅចំនួន ២០៥នាក់ (ស្រី៩៥នាក់)។
បេក្ខជនមានបញ្ហាសុខភាព២៦៧នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន ១០នាក់ ។
បេក្ខជនប្រឡងដាច់ដោយឡែក ៦៥នាក់ បេក្ខជនមានជំងឺគ្រុនឈាមមាន ៦៦នាក់ និង គ្រោះថ្នាក់ចរាចរណ៍១០នាក់។

ក្នុងដំណើរការសំណេរ២ ថ្ងៃនេះ ក្រសួងដកហូតឧបករណ៍អេឡិចត្រូនិកហាមឃាត់ ១២ករណី ក្នុងនោះមានវ៉ែនតាឆ្លាតវៃភ្ជាប់ទូរសព្ទដៃ ១ករណី ទូរសព្ទឆ្លាតវៃ១ករណី និង នាឡិកាឆ្លាតវៃ៣ករណីពីបេក្ខជន និង ទូរសព្ទឆ្លាតវៃ១ករណី ព្រមទាំងនាឡិកាឆ្លាតវៃ៦ករណីពីគណៈកម្មការ។ក្រសួងនឹងចាត់វិធានការចំពោះករណីទាំងនេះតាមគោលការណ៍ជាធរមាន។

ចំពោះលទ្ធផលប្រឡងវិញ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕


