ប្រែសម្រួល៖ ស–សម្បត្តិ

មន្ត្រីជាន់ខ្ពស់រដ្ឋបាលអាមេរិកពីររូបបាននិយាយកាលពីថ្ងៃចន្ទថា មន្ត្រីជាន់ខ្ពស់ទាំងនោះបានរៀបចំផែនការបោកបញ្ឆោតយ៉ាងល្អិតល្អន់មួយ ដើម្បីនាំប្រធានាធិបតី Trump ចេញពីប្រទេសតួកគីអំឡុងពេលកិច្ចប្រជុំកំពូល NATO កាលពីខែមុន ដោយបានដឹកជញ្ជូនគាត់តាមរយៈកុងតឺន័រសម្រាប់ដឹកជញ្ជូនអាហារ (catering container) ទៅកាន់យន្តហោះយោធាមួយគ្រឿង ដោយសារតែមានការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់មកលើរូបគាត់ និងយន្តហោះ Air Force One។

លោក Trump និងមន្ត្រីផ្សេងទៀតធ្លាប់បានប្រកាសជាសាធារណៈថា គាត់នឹងចាកចេញពីប្រទេសតួកគីនៅថ្ងៃទី ៨ ខែកក្កដា ដោយជិះយន្តហោះ Air Force One ស៊េរីចាស់មួយគ្រឿង ជំនួសឱ្យយន្តហោះប្រណីតម៉ូដែល 747-8 ដែលជាអំណោយរបស់ប្រទេសកាតា ហើយដែលគាត់បានជិះមកដល់ទីនោះ។ នៅពេលនោះ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា គាត់ធ្វើការផ្លាស់ប្តូរយន្តហោះនេះដោយសារតែ “នឹកដល់អនុស្សាវរីយ៍ចាស់ៗ”។

លោក Trump បានឡើងយន្តហោះស៊េរីចាស់នោះតាមទ្វារខាងឆ្វេងនៅចំពោះមុខកាមេរ៉ា ហើយបណ្តាញព័ត៌មាននានា រួមទាំងកាសែត The New York Times ផងដែរ បានរាយការណ៍ថាគាត់បានធ្វើដំណើរតាមយន្តហោះនោះទៅកាន់ប្រទេសអង់គ្លេស ដែលជាកន្លែងគាត់បានប្តូរទៅជិះយន្តហោះស៊េរីថ្មីវិញ។ កាសែត The Times បានរាយការណ៍នៅពេលនោះថា ការសម្រេចចិត្តនេះគឺដោយសារផ្នែកខ្លះនៃក្តីបារម្ភអំពីសុវត្ថិភាពនៃយន្តហោះថ្មីដែលជាអំណោយរបស់កាតា ដែលមិនទាន់ត្រូវបានបំពាក់ដោយសមត្ថភាពការពារពេញលេញដូចយន្តហោះស៊េរីចាស់ៗនោះទេ។

ប៉ុន្តែជំនួសឱ្យការហោះហើរចេញតាមយន្តហោះស៊េរីចាស់ពណ៌ខៀវខ្ចី (powder blue) និងជាប្រភេទ 747 ដែលបានកែសម្រួលនោះ លោក Trump ត្រូវបានគេនាំចេញពីយន្តហោះនោះយ៉ាងប្រញាប់ប្រញាល់តាមរយៈកុងតឺន័រដឹកជញ្ជូនអាហារ ដែលត្រូវបានលើកឡើងទៅកាន់ផ្នែកម្ខាងទៀតនៃយន្តហោះ (ផ្ទុយពីផ្នែកដែលអ្នកសារព័ត៌មានដែលធ្វើដំណើរជាមួយគាត់បានឡើង)។ មន្ត្រីអាមេរិកដែលដឹងពីបញ្ហានេះបាននិយាយថា បន្ទាប់មក ប្រធានាធិបតីត្រូវបានគេនាំទៅកាន់យន្តហោះទីបីមួយគ្រឿងទៀត ដែលគាត់បានជិះហោះហើរដោយសម្ងាត់ទៅកាន់ប្រទេសអង់គ្លេស។
ក្រុមអ្នកសារព័ត៌មានដែលជិះលើយន្តហោះស៊េរីចាស់នោះ មិនត្រូវបានគេប្រាប់ឱ្យដឹងទេថា លោក ត្រាំ (Trump) មិនបានធ្វើដំណើរជាមួយពួកគេពីប្រទេសតួកគីទៅកាន់មូលដ្ឋានទ័ពអាកាសមួយក្នុងប្រទេសអង់គ្លេសឡើយ ដែលធ្វើឱ្យពួកគេក្លាយជាអ្នកចូលរួមដោយមិនដឹងខ្លួននៅក្នុងល្បិចកលនេះ និងដើរតួជាអ្នកបង្វែរចំណាប់អារម្មណ៍ (ឬនុយបោកបញ្ឆោត) ដោយមិនដឹងខ្លួន រួមជាមួយបុគ្គលិកសេតវិមានមួយចំនួនទៀត។
បន្ទាប់ពីលោក ត្រាំ បានមកដល់ប្រទេសអង់គ្លេស លោកត្រូវបានគេផ្លាស់ប្តូរដោយសម្ងាត់ឱ្យត្រឡប់ទៅជិះយន្តហោះ Air Force One ស៊េរីចាស់វិញ។ បន្ទាប់មក លោកបានចុះពីលើយន្តហោះនៅចំពោះមុខអ្នកសារព័ត៌មាន ហើយដើរឆ្លងកាត់ទីលានយន្តហោះទៅកាន់យន្តហោះដែលផ្តល់ជូនដោយប្រទេសកាតា ដើម្បីបន្តជិះទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
ផែនការដ៏ល្អិតល្អន់នេះហាក់ដូចជាត្រូវបានរៀបចំឡើងក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីនានាបានវាយតម្លៃថា ការគំរាមកំហែងពីសំណាក់ប្រទេសអ៊ីរ៉ង់មកលើលោក ត្រាំ គឺជាការគំរាមកំហែងដែលមានមូលដ្ឋានច្បាស់លាស់។ ផែនការនេះបានកើតឡើងបន្ទាប់ពីមានការគំរាមកំហែងជាច្រើនឆ្នាំពីប្រទេសអ៊ីរ៉ង់មកលើលោក ត្រាំ និងចំពេលដែលមានសង្គ្រាមដែលលោកបានបើកការវាយប្រហារប្រឆាំងនឹងប្រទេសនោះ។ លើសពីនេះ វាគឺជាករណីដ៏កម្រមួយដែលសាធារណជនត្រូវបានគេបោកបញ្ឆោតអំពីទីតាំងវត្តមានរបស់ប្រធានាធិបតី។
ពីមុនមក មន្ត្រីនានាមិនបានទទួលស្គាល់ថា លោក ត្រាំ មិនបានស្ថិតនៅក្នុងទីតាំងដែលពួកគេបានអះអាងនោះទេ។ ប្រតិបត្តិការដ៏សម្ងាត់នេះត្រូវបានរាយការណ៍ដំបូងដោយកាសែត Washington Post ដែលបានបញ្ជាក់ថា យន្តហោះដែលដឹកប្រធានាធិបតីពីប្រទេសតួកគីទៅកាន់ចក្រភពអង់គ្លេសនោះ គឺជាយន្តហោះប្រភេទ C-32A ដែលជាយន្តហោះយោធាត្រូវបានកែសម្រួលចេញពីម៉ូដែល Boeing 757។
កម្រមានណាស់ដែលប្រធានាធិបតីធ្វើដំណើរដោយគ្មានក្រុមអ្នកសារព័ត៌មានដែលត្រូវបានកំណត់ឱ្យអមដំណើរ ឬនៅក្បែរខ្លួនពួកគាត់ ហើយក៏កម្រមានដែរដែលការធ្វើដំណើរនោះកើតឡើងដោយគ្មានការដឹងឮជាទូទៅអំពីទីតាំងរបស់ប្រមុខដឹកនាំកំពូលនៃកងកម្លាំងប្រដាប់អាវុធ។
ប្រធានាធិបតី George W. Bush បាននាំក្រុមអ្នកសារព័ត៌មានមួយក្រុមតូចទៅជាមួយគាត់ នៅពេលដែលគាត់ធ្វើដំណើរតាមយន្តហោះទៅកាន់មូលដ្ឋានយោធាមួយ ហើយបន្ទាប់មកត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីនតោនវិញ ក្នុងអំឡុងពេលដ៏វឹកវរបន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១។ ហើយប្រធានាធិបតីនានា រួមទាំងលោក Trump ផងដែរ ធ្លាប់បានធ្វើដំណើរទៅកាន់តំបន់សង្គ្រាមដោយមានអ្នកសារព័ត៌មានអមដំណើរទៅជាមួយ។
លោក Donald Mihalek ដែលជាអតីតភ្នាក់ងារសេវាសម្ងាត់ (Secret Service) និងធ្លាប់បម្រើការក្នុងក្រុមការពារសុវត្ថិភាពសម្រាប់លោក Bush និងប្រធានាធិបតី Barack Obama បាននិយាយថា កន្លងមក សេវាសម្ងាត់ធ្លាប់បានប្រើប្រាស់ក្បួនរថយន្ត និងជើងហោះហើរសម្រាប់បន្លំភ្នែក (decoy) ដើម្បីផ្លាស់ទីប្រធានាធិបតីដោយសម្ងាត់។
លោក Mihalek បាននិយាយថា៖ «រាល់ពេលដែលប្រធានាធិបតីស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យនៃការប្រយុទ្ធគ្នា សេវាសម្ងាត់តែងតែអនុវត្តវិធានការការពារ និងទប់ស្កាត់ផ្សេងៗ រួមទាំងការប្រើប្រាស់ក្បួនយានយន្ត ឬជើងហោះហើរសម្រាប់បន្លំភ្នែកផងដែរ»។
គាត់បានបន្ថែមថា ទីភ្នាក់ងារនេះបានផ្តល់អាទិភាពជាយូរមកហើយលើសុវត្ថិភាពរបស់ប្រធានាធិបតី ជាជាងការបើកចំហព័ត៌មានដល់សាធារណជន។
លោកបានមានប្រសាសន៍ថា៖ «ស្ថាប័ននេះមិនមែនជាស្ថាប័នទទួលបន្ទុកកិច្ចការសាធារណៈនោះទេ។ វាគឺជាស្ថាប័នសេវាសន្តិសុខសម្ងាត់ (Secret Service) ដែលមានភារកិច្ចចម្បងបំផុតគឺធានាសុវត្ថិភាពជូនប្រធានាធិបតី»។
ក្នុងករណីនេះ ការគំរាមកំហែងបានជំរុញឱ្យសេតវិមានធ្វើការបង្វែរការចាប់អារម្មណ៍ ឬផ្តល់ព័ត៌មានមិនពិតដោយចេតនាដល់ក្រុមអ្នកសារព័ត៌មានដែលតាមដានសកម្មភាពរបស់លោក Trump ដែលធ្វើឱ្យពួកគេរាយការណ៍ថា លោកកំពុងធ្វើដំណើរតាមយន្តហោះមួយគ្រឿងដែលត្រូវបានប្រើប្រាស់ជាយន្តហោះបន្លំភ្នែក (យន្តហោះនុយ)។
បន្ទាប់ពីកាសែត The Times បានចុះផ្សាយកាលពីខែមុនអំពីចំណុចខ្វះខាតផ្នែកសុវត្ថិភាពនៃយន្តហោះដែលទទួលបានការបរិច្ចាគពីប្រទេសកាតា នៅចំពេលដែលមានការព្រួយបារម្ភអំពីការគំរាមកំហែងពីសំណាក់ប្រទេសអ៊ីរ៉ង់ លោក Steven Cheung ដែលជានាយកផ្នែកទំនាក់ទំនងរបស់សេតវិមាន បានបញ្ជាក់ជាលក្ខណៈប្រយោលថា អាចមានការប្រើប្រាស់យុទ្ធសាស្ត្របន្លំភ្នែកក្នុងអំឡុងពេលដែលលោក Trump ចាកចេញពីប្រទេសតួកគី។
នៅពេលនោះ លោកបានថ្លែងថា៖ «ដូចដែលប្រធានាធិបតីបានលើកឡើងនាពេលថ្មីៗនេះ មានសត្រូវជាច្រើនរបស់សហរដ្ឋអាមេរិកដែលកំពុងតាមដាន និងមានបំណងមិនល្អមកលើរូបលោក ហើយយើងប្រើប្រាស់គ្រប់មធ្យោបាយដែលមាន រួមទាំងការបង្វែរការចាប់អារម្មណ៍ និងការផ្តល់ព័ត៌មានមិនពិត ដើម្បីដោះស្រាយការគំរាមកំហែងទាំងនោះ»។
ប្រភពដែលដឹងពីដំណើររឿងនេះបានឱ្យដឹងថា ការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់មិនមែនផ្តោតតែទៅលើយន្តហោះដែលទទួលបានការបរិច្ចាគពីប្រទេសកាតានោះទេ។ ផ្ទុយទៅវិញ លោក Trump គឺជាគោលដៅនៃការវាយប្រហារមិនថាគាត់ធ្វើដំណើរតាមយន្តហោះប្រភេទណាក៏ដោយ ដូចដែលកាសែត The Times បានរាយការណ៍ពីមុនមក។
លោក Trump ត្រូវបានគេរាយការណ៍អំពីការគំរាមកំហែងនោះ ខណៈពេលដែលលោកកំពុងស្ថិតនៅក្នុងប្រទេសតួកគី ហើយផែនការមួយត្រូវបានដាក់ចេញយ៉ាងឆាប់រហ័ស ដោយមានការចូលរួមពីក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយក្រុមតូច រួមទាំងឧត្តមសេនីយ៍ Dan Caine ដែលជាប្រធានគណៈអគ្គសេនាធិការចម្រុះ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth នេះបើយោងតាមមន្ត្រីម្នាក់ដែលបានដឹងអំពីផែនការបន្លំភ្នែកនោះ។
នៅថ្ងៃចន្ទ ក្រសួងការពារជាតិ និងអ្នកនាំពាក្យរបស់ឧត្តមសេនីយ៍ Caine បានបញ្ជូនរាល់សំណួរទាំងអស់ទៅកាន់សេតវិមាន។ សេតវិមានបានចេញផ្សាយឡើងវិញនូវសេចក្តីថ្លែងការណ៍របស់លោក Cheung ដែលធ្លាប់បានចេញផ្សាយកាលពីសប្តាហ៍នៃកិច្ចប្រជុំកំពូល NATO ប៉ុន្តែលើកនេះបានដកឃ្លាដែលនិយាយអំពី “ការបង្វែរចំណាប់អារម្មណ៍ និងការដឹកនាំឱ្យយល់ច្រឡំ” ចេញ។ មន្ត្រីអាមេរិកដែលបានដឹងអំពីផែនការបន្លំភ្នែកនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខដ៏រសើប។
នៅពេលដែលលោក Trump មកដល់ព្រលានយន្តហោះដើម្បីចាកចេញពីប្រទេសតួកគី កាមេរ៉ាមួយដែលត្រូវបានដាក់ទីតាំងទុកជាមុនបានថតរូបភាពលោកពេលកំពុងឡើងយន្តហោះ Air Force One ស៊េរីចាស់ ហើយក្រុមអ្នកសារព័ត៌មានដែលធ្វើដំណើរជាមួយលោក ដែលកំពុងប្រញាប់ប្រញាល់ឡើងយន្តហោះតាមជណ្តើរផ្នែកខាងក្រោយខាងក្រោមនោះ បានឃើញលោកត្រឹមតែមួយភ្លែតប៉ុណ្ណោះ។ សេចក្តីរាយការណ៍ពីក្រុមអ្នកសារព័ត៌មានដែលរួមដំណើរ (pool report) បានកត់សម្គាល់ថា នៅពេលយន្តហោះហោះឡើង “យើងត្រូវបានគេណែនាំឱ្យបិទវាំងននបង្អួចនៅក្នុងកាប៊ីនសម្រាប់អ្នកសារព័ត៌មាន”។
យន្តហោះ Air Force One ស៊េរីចាស់បានចុះចតនៅម៉ោង ១០:១៦ យប់ នៅមូលដ្ឋានយោធា Mildenhall ក្នុងប្រទេសអង់គ្លេស នេះបើយោងតាមសេចក្តីរាយការណ៍ ហើយលោក Trump បានចុះពីយន្តហោះនោះនៅ ៤០ នាទីក្រោយមក។ មុនពេលនោះ ដោយមិនឱ្យអ្នកសារព័ត៌មានដឹង លោក Trump ត្រូវបានគេដឹកតាមយានយន្តពីយន្តហោះទីបីដែលលោកបានជិះមកដល់នោះ ទៅកាន់យន្តហោះ Air Force One ស៊េរីចាស់ ដោយឡើងតាមច្រកចូលផ្សេងមួយ ហើយដើរចុះតាមជណ្តើរពីទ្វារផ្នែកខាងលើខាងឆ្វេងដូចដែលលោកតែងតែធ្វើជាធម្មតា នេះបើយោងតាមមន្ត្រីអាមេរិក។
លោកបានដើរពីទីនោះទៅកាន់យន្តហោះឯកជនរបស់កាតា (Qatari jet) ខណៈដែលក្រុមអ្នកសារព័ត៌មានមួយក្រុមតូចដែលបានធ្វើដំណើរតាមយន្តហោះស៊េរីចាស់នោះបានមើលឃើញសកម្មភាពនេះ។ បន្ទាប់មក ប្រធានាធិបតី និងក្រុមអ្នកសារព័ត៌មានបានឡើងយន្តហោះថ្មីដើម្បីហោះហើរត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ។
នៅពេលអ្នកសារព័ត៌មានសួរនាំក្នុងអំឡុងពេលហោះហើរត្រឡប់ទៅសហរដ្ឋអាមេរិកវិញថា ហេតុអ្វីបានជាពួកគេជិះយន្តហោះ Air Force One ស៊េរីចាស់ទៅកាន់ប្រទេសអង់គ្លេស លោក Trump បានអះអាងថា លោកចង់ឱ្យកងទ័ពដែលឈរជើងនៅមូលដ្ឋានក្នុងចក្រភពអង់គ្លេសបានឃើញយន្តហោះស៊េរីថ្មីនោះ។ នៅពេលត្រូវបានសួរដេញដោលថា ហេតុអ្វីបានជាមានការបញ្ជាឱ្យបិទវាំងននបង្អួចអំឡុងពេលហោះហើរចេញពីប្រទេសតួកគី លោក Trump បាននិយាយថា លោកមិនបានដឹងអំពីការគំរាមកំហែងជាក់លាក់ណាមួយនោះទេ ប៉ុន្តែលោកបានពណ៌នាថាខ្លួនកំពុងស្ថិតក្រោមការគំរាមកំហែង ឬការឡោមព័ទ្ធឥតឈប់ឈរពីសំណាក់ប្រទេសអ៊ីរ៉ង់។
លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំគឺជាបុគ្គលលេខមួយនៅក្នុងបញ្ជីរបស់ពួកគេ សូម្បីតែមុនអ្នកទាំងឡាយទៅទៀត»។ «តែបើខ្ញុំទៅ អ្នកក៏ត្រូវទៅដែរ។ មែនទេ?»
លោក Trump និងទីប្រឹក្សាមួយចំនួនរបស់គាត់បានប្រឈមមុខនឹងការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសបន្ទាប់ពីលោក Trump បានបញ្ជាឱ្យសម្លាប់មេបញ្ជាការដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ គឺឧត្តមសេនីយ៍ទោ Qassim Suleimani ក្នុងអំឡុងអាណត្តិដំបូងរបស់គាត់។
ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០២៤ ទីប្រឹក្សារបស់លោក Trump បានប្រាប់សម្ព័ន្ធមិត្តដោយសម្ងាត់ថា ពួកគេទទួលបានព័ត៌មានសម្ងាត់ថា អ៊ីរ៉ង់នៅតែមានបំណងចង់បង្កគ្រោះថ្នាក់ដល់លោក Trump។ ហេតុនេះហើយ ទើបមានការប្រើប្រាស់យន្តហោះបញ្ឆោត (យន្តហោះសម្រាប់បន្លំភ្នែក) ជាបណ្តើរៗក្នុងអំឡុងពេលយុទ្ធនាការនោះ។ ពេលខ្លះ បុគ្គលិករបស់គាត់បានរៀបចំឱ្យបេក្ខជនរូបនេះជិះយន្តហោះឯកជនសម្ងាត់មួយ ដោយមិនបានជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយឡើយ ខណៈដែលបុគ្គលិកផ្សេងទៀតជិះយន្តហោះឯកជនផ្ទាល់ខ្លួនរបស់គាត់។ រដ្ឋបាលរបស់លោក Biden បានបង្កើនការការពារសន្តិសុខសម្រាប់លោក Trump នៅរដូវក្តៅនោះ បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ថ្មីៗអំពីផែនការប៉ុនប៉ងសម្លាប់គាត់។ មិនយូរប៉ុន្មានក្រោយមក គាត់បានប្រឈមមុខនឹងការប៉ុនប៉ងធ្វើឃាតមួយផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងករណីមុន នៅឯការជួបជុំអ្នកគាំទ្រក្រៅអគារមួយកន្លែងក្នុងទីក្រុង Butler រដ្ឋ Pennsylvania។ លើសពីនេះ ក៏មានការប៉ុនប៉ងលើកទីពីរដែលមិនពាក់ព័ន្ធនឹងករណីមុនដែរ នៅខែកញ្ញា ឆ្នាំ ២០២៤។
ការគំរាមកំហែងជាបន្តបន្ទាប់ទាំងនេះ ដែលមានចាប់តាំងពីផែនការជួលឃាតករឱ្យធ្វើឃាត (ដែលត្រូវបានចាត់វិធានការផ្លូវច្បាប់) ដោយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ រហូតដល់ការលួចចូលគណនីអ៊ីមែល និងបណ្តាញសង្គមរបស់មន្ត្រីយុទ្ធនាការរបស់លោក Trump បានបង្កើតបរិយាកាសនៃភាពតានតឹង និងការប្រុងប្រយ័ត្នខ្ពស់ហួសហេតុសម្រាប់បេក្ខជនរូបនេះ និងក្រុមការងាររបស់គាត់។ វាបានបង្កឱ្យមានការភ័យខ្លាច ការរស់នៅដោយប្រុងប្រយ័ត្នហួសហេតុ និងពេលខ្លះមានការសង្ស័យខ្លាំងពេក (paranoia) ដែលជះឥទ្ធិពលដល់របៀបដែលមន្ត្រីទាំងនោះធ្វើទំនាក់ទំនងជាមួយរដ្ឋបាលរបស់លោក Biden (ដែលទទួលខុសត្រូវលើការបែងចែកធនធានរបស់អង្គភាព Secret Service) ក៏ដូចជាជាមួយប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត។
បន្ទាប់ពីកាសែត The Times បានចុះផ្សាយព័ត៌មានអំពីកង្វល់ផ្នែកសន្តិសុខនៅប្រទេសតួកគី និងការពិតដែលថា យន្តហោះរបស់ប្រទេសកាតា (Qatar) មិនមានសមត្ថភាពការពារដូចយន្តហោះប្រធានាធិបតីចាស់ៗនោះទេ លោក Trump មានកំហឹងយ៉ាងខ្លាំងចំពោះការបែកធ្លាយព័ត៌មានទាំងនេះ។ ក្រសួងយុត្តិធម៌បានចេញដីកាបង្គាប់ឱ្យអ្នកសារព័ត៌មានដែលមានឈ្មោះក្នុងអត្ថបទទាំងនោះ ព្រមទាំងសមាជិកគ្រួសារមួយចំនួនរបស់ពួកគេ ចូលខ្លួនមកផ្តល់សក្ខីកម្មនៅចំពោះមុខគណៈវិនិច្ឆ័យធំ (grand jury)។ ទោះជាយ៉ាងណាក៏ដោយ ដីកាទាំងនោះត្រូវបានដកហូតវិញ បន្ទាប់ពីចៅក្រមសហព័ន្ធមួយរូបបានស្តីបន្ទោសព្រះរាជអាជ្ញាសហព័ន្ធចំពោះដំណើរការចាត់វិធានការផ្លូវច្បាប់ពាក់ព័ន្ធនឹងរឿងនេះ៕/
ប្រភព៖The New York Times

