កីឡា

លោក Trump លើកឡើងថា ការទម្លាក់លោក Infantino មេបាល់ទាត់ពិភពលោកដែលកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរនោះ នឹងក្លាយជា «កំហុសដ៏ធ្ងន់ធ្ងរមួយ»

ប្រែសម្រួល៖ ស្រីនិច

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ (ទី១០ ខែសីហា) បានបង្ហាញការគាំទ្រដល់លោក Gianni Infantino ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ លោក Infantino កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបានព្យាយាមលក់សិទ្ធិមួយផ្នែកនៃព្រឹត្តិការណ៍ World Cup ទៅឱ្យវិនិយោគិនឯកជន ប៉ុន្តែមិនទទួលបានជោគជ័យ។

លោក Infantino បានរងការរិះគន់ជាថ្មីម្តងទៀតតាមរយៈលិខិតចំហមួយដែលចុះហត្ថលេខាដោយសហព័ន្ធតំបន់ចំនួនបី រួមមាន UEFA (អឺរ៉ុប) CONCACAF (អាមេរិកខាងជើង និងកណ្តាល) និង AFC (អាស៊ី)។ លិខិតនោះបានចោទប្រកាន់ប្រធានស្ថាប័នបាល់ទាត់ពិភពលោកនេះថា បានធ្វើឱ្យបាត់បង់ទំនុកចិត្ត “តាមរយៈការបោកបញ្ឆោត”។

ប៉ុន្តែលោក Trump បានគាំទ្រលោក Infantino ដែលជាអ្នកបានប្រគល់ពានរង្វាន់ «ពានរង្វាន់សន្តិភាព FIFA» (FIFA Peace Prize) ជូនដល់ប្រធានាធិបតីអាមេរិកក្នុងពិធីចាប់ឆ្នោតជ្រើសរើសក្រុមសម្រាប់ការប្រកួត World Cup កាលពីឆ្នាំមុន។

លោក Trump បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា៖ «FIFA នឹងប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរមួយ ប្រសិនបើពួកគេពិចារណាផ្លាស់ប្តូរប្រធាន Gianni Infantino ទោះបីជាក្នុងហេតុផលណាក៏ដោយ»។

លោក Trump បានហៅលោក Infantino ថាជាបុគ្គលដ៏អស្ចារ្យ និងបានលើកឡើងថា លោកបានដឹកនាំរៀបចំការប្រកួត World Cup ដែលទទួលបានជោគជ័យខ្លាំងបំផុតមិនធ្លាប់មានពីមុនមក ដោយជោគជ័យនោះគឺលើសពីការប្រកួតលើកមុនៗដល់ទៅ ៤ ដង។

លោក Trump ដែលបានចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ World Cup ជាមួយលោក Infantino កាលពីខែមុន បានបន្ថែមថា៖ «ប្រសិនបើគាត់ចាកចេញ ព្រឹត្តិការណ៍នេះនឹងមិនទទួលបានជោគជ័យ ឬរកប្រាក់ចំណេញបានច្រើនដូចនេះទៀតឡើយ»។

ការគាំទ្ររបស់លោក Trump ចំពោះលោក Infantino គឺផ្ទុយស្រឡះពីប្រតិកម្មរបស់សហព័ន្ធកីឡាបាល់ទាត់អាមេរិក (US Soccer) ដែលបានចូលរួមជាមួយក្រុមអ្នករិះគន់ប្រធាន FIFA រូបនេះ។

លោក Infantino ធ្លាប់បានដាក់ចេញនូវផែនការមួយដើម្បីនាំយកការវិនិយោគពីវិស័យឯកជនមកក្នុងព្រឹត្តិការណ៍នានារបស់ FIFA រួមទាំង World Cup ផងដែរ ប៉ុន្តែក្រោយមកលោកបានសម្រេចចិត្តដកផែនការនោះវិញ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងក្លា។

កាលពីថ្ងៃសៅរ៍ FIFA បានចេញមុខតបតចំពោះកិច្ចខិតខំប្រឹងប្រែងនានាដែលមានបំណង «ធ្វើឱ្យចុះខ្សោយ» ដល់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះ និងលោក Infantino។

ទោះជាយ៉ាងណាក៏ដោយ លិខិតរួមមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទដោយ UEFA, CONCACAF និង AFC បានឆ្លើយតបថា៖ «តួនាទីដឹកនាំក្នុងវិស័យបាល់ទាត់មិនមែនជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ។ វាមិនមែនជារឿងនៃការកាន់កាប់ ឬការទាមទារអំណាចនោះទេ។

«នៅពេលដែលទំនុកចិត្តត្រូវបានបំផ្លាញដោយសារការបោកបញ្ឆោត ហើយនៅពេលដែលបុគ្គលម្នាក់ដាក់ខ្លួនឯងនៅពីលើស្ថាប័នទាំងមូលដែលបានប្រគល់អំណាចឱ្យគាត់ នោះមានន័យថាគាត់បានបោះបង់ចោលកាតព្វកិច្ចរបស់ខ្លួនហើយ»។

  • ការគំរាមកំហែងធ្វើពហិការពីសំណាក់ UEFA

លោក Victor Montagliani ប្រធានសហព័ន្ធ CONCACAF ត្រូវបានគេមើលឃើញថាជាបេក្ខជនដែលអាចនឹងប្រកួតប្រជែងជាមួយលោក Infantino ដែលនឹងត្រូវឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសឡើងវិញសម្រាប់អាណត្តិទី ៤ និងជាអាណត្តិចុងក្រោយ នៅក្នុងសមាជ FIFA នៅខែមីនា ឆ្នាំ ២០២៧។ បេក្ខជននានាត្រូវតែប្រកាសឈ្មោះរបស់ខ្លួនត្រឹមថ្ងៃទី ១៨ ខែវិច្ឆិកា។

ដំបូងឡើយ លោក Infantino ហាក់ដូចជាប្រាកដថានឹងមិនមានគូប្រជែងសម្រាប់អាណត្តិទី ៤ នោះទេ បន្ទាប់ពីបានដឹកនាំការប្រកួត World Cup ប្រកបដោយជោគជ័យនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ប៉ុន្តែស្ថានភាពនេះបានផ្លាស់ប្តូរនៅពេលដែលផែនការរបស់គាត់ត្រូវបានគេលាតត្រដាង។

បុរសជនជាតិស្វីសវ័យ ៥៦ ឆ្នាំរូបនេះ ដែលបានកាន់តំណែងអស់រយៈពេល ១០ ឆ្នាំមកហើយនោះ បានទទួលការគាំទ្រពីសហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) ខណៈដែលស្ថាប័នគ្រប់គ្រងបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) ក៏បានបង្ហាញការគាំទ្រយ៉ាងទូលំទូលាយផងដែរ។

សមាគមសមាជិកនីមួយៗ មិនមែនសហព័ន្ធធំៗនោះទេ គឺជាអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតរបស់ FIFA។

លោក Infantino ទទួលបានការគាំទ្រពីប្រទេសម៉ិកស៊ិក (នៃសហព័ន្ធ CONCACAF) និងសមាជិកពីររបស់ AFC គឺប្រទេសគុយវ៉ែត និងប្រទេសកាតា ដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ និងជាកន្លែងដែលលោកមានលំនៅដ្ឋានផងដែរ។

  • “កិច្ចព្រមព្រៀងដ៏អាក្រក់ និងមិនមានតម្លាភាព”

ការគំរាមរបស់ UEFA ថានឹងធ្វើពហិការមិនចូលរួមការប្រកួត World Cup ប្រសិនបើផែនការវិនិយោគពីវិស័យឯកជនត្រូវបានអនុវត្ត គឺជាកត្តាសំខាន់ដែលជំរុញឱ្យលោក Infantino បោះបង់ចោលផែនការលក់ចេញនោះ។

UEFA បានហៅផែនការនេះថាជា “កិច្ចព្រមព្រៀងដ៏អាក្រក់ មិនមានតម្លាភាព និងធ្វើឡើងដោយលួចលាក់” ហើយថែមទាំងបានរិះគន់យ៉ាងខ្លាំងទៅលើលោក Infantino ម្តងទៀតកាលពីថ្ងៃចន្ទ ចំពោះ “ការសម្រេចចិត្តដ៏ខុសឆ្គង” របស់គាត់។

បន្ទាប់ពីមានភាពចលាចល និងការរិះគន់យ៉ាងខ្លាំង លោក Infantino បានទទួល «ការគាំទ្រពេញទំហឹង» ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ FIFA នៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៅប្រទេសម៉ារ៉ុកកាលពីសប្តាហ៍មុន ប៉ុន្តែសហព័ន្ធតំបន់ទាំងបីបានលើកឡើងថា ការគាំទ្រនោះគ្មានន័យអ្វីឡើយ។

ពួកគេបានលើកឡើងថា កិច្ចប្រជុំថ្មីៗនេះ ដែលមានការចូលរួមពី «សមាជិកមួយចំនួនដែលត្រូវបានជ្រើសរើសមកពីគណៈកម្មាធិការគ្រប់គ្រងរបស់ FIFA» គឺ «បង្ហាញពីការបន្តនូវទម្រង់នៃការដឹកនាំដដែលៗ ដែលបាននាំឱ្យយើងឈានមកដល់ចំណុចនេះ»។

«វាមិនមែនជាឥរិយាបថរបស់អ្នកដែលដើរតួជាអ្នកថែរក្សា និងការពារកីឡានេះឡើយ ប៉ុន្តែជាឥរិយាបថរបស់បុគ្គលដែលយល់ឃើញថា កីឡានេះត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រង និងទទួលខុសត្រូវចំពោះរូបគេតែម្នាក់ឯង»។

លោក Infantino ធ្លាប់ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះភាពជោគជ័យនៃព្រឹត្តិការណ៍ World Cup ដ៏ធំបំផុតដែលមិនធ្លាប់មាន (ដែលមានក្រុមចូលរួមរហូតដល់ ៤៨ក្រុម) ប៉ុន្តែក្រោយមក ផែនការរបស់គាត់បានបង្កឱ្យមានការបែកបាក់នៅក្នុងវិស័យកីឡានេះ។

លិខិតនោះបានបញ្ជាក់ថា៖ «ការរីកចម្រើនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ គឺជាការពិតជាក់ស្តែង។ ប៉ុន្តែវឌ្ឍនភាពនោះមិនមែនជាស្នាដៃរបស់បុគ្គលតែម្នាក់ឡើយ»។

«វាគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង FIFA, សហព័ន្ធតំបន់នានា, សមាគមសមាជិក និងមនុស្សរាប់ពាន់នាក់ដែលបានលះបង់ជីវិតរបស់ពួកគេដើម្បីកីឡានេះ»។

“ការប្រកួតដែលត្រូវបានពង្រីកទំហំនេះ… គឺជាសមិទ្ធផលរួម ដែលបានឯកភាពគ្នា និងអនុវត្តរួមគ្នា។”

ពួកគេបានលើកឡើងថា ក្រោមការដឹកនាំរបស់លោក Infantino “មានភាពស្ងៀមស្ងាត់នៅត្រង់ចំណុចដែលគួរតែមានការទទួលខុសត្រូវ ហើយមានគម្លាតនៅត្រង់ចំណុចដែលគួរតែមានភាពបើកចំហ។”

“នោះហើយជាមូលហេតុដែលយើងសម្រេចចិត្តប្រកាន់យកជំហរនេះ៖ មិនមែនជាការសម្រេចចិត្តដោយងាយស្រួល ឬធ្វើឡើងតែម្នាក់ឯងនោះទេ ប៉ុន្តែជាការសម្រេចចិត្តរួមគ្នា និងជាការបំពេញកាតព្វកិច្ចចំពោះកីឡាដែលយើងបម្រើ។””កម្លាំងខ្លាំងរបស់កីឡាបាល់ទាត់ គឺស្ថិតនៅលើភាពសាមគ្គីភាពជានិច្ច។”

ប្រភព៖ AFP/dc/rk