ដោយ៖ សុខុម
ស្ទឹងត្រែង៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ចំនួន៨ ក្នុងខេត្តស្ទឹងត្រែង ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសេវាកម្ម អភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗ និងជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍សហគមន៍ឱ្យកាន់តែទូលំទូលាយកាលពីថ្ងៃទី៩ខែសីហាឆ្នាំ២០២៦។


សហគមន៍ទេសចរណ៍ទាំង៨ រួមមាន៖ សហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតត្បូងខ្លា, ជួរវែង, កោះព្រះ, អូរឫស្សីកណ្តាល, បុរីអូរស្វាយ, ព្រះរំកិល, សម្រស់កោះហាន និងភ្នំជម្រកសត្វ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជួបសំណេះសំណាលជាមួយសហគមន៍អេកូទេសចរណ៍ជួរពស់ព្រៃ ដែលជាសហគមន៍ជនជាតិដើមភាគតិចនៅតំបន់ព្រៃឡង់ផងដែរ។

ក្នុងជំនួបនេះ តំណាងសហគមន៍នីមួយៗបានលើកឡើងដោយផ្ទាល់អំពីវឌ្ឍនភាព សក្តានុពល បញ្ហាប្រឈម និងសំណូមពរនានា ខណៈឯកឧត្តមរដ្ឋមន្ត្រីបានពិភាក្សាអំពីទិសដៅអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម បង្កើតផលិតផលទេសចរណ៍ថ្មី និងពង្រីកការផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។
ខេត្តស្ទឹងត្រែងត្រូវបានចាត់ទុកថា មានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ដោយសម្បូរទៅដោយទន្លេ កោះ ព្រៃលិចទឹក ឆ្នេរខ្សាច់ ព្រៃសហគមន៍ ទឹកធ្លាក់ តំបន់ជម្រកសត្វព្រៃ និងសត្វផ្សោតទន្លេមេគង្គ។

សហគមន៍ទេសចរណ៍ក្នុងខេត្តក៏កំពុងអភិវឌ្ឍន៍សកម្មភាពទេសចរណ៍ចម្រុះ ដូចជា ជិះទូកកម្សាន្ត ទស្សនាសត្វផ្សោត ជិះកង់ ដើរព្រៃ បោះតង់ ស្ទូចត្រី ទស្សនាសត្វស្លាប មើលថ្ងៃលិច និងស្វែងយល់ពីជីវភាពរស់នៅ និងវប្បធម៌របស់ប្រជាពលរដ្ឋមូលដ្ឋាន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សហគមន៍ក្នុងការថែរក្សា និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ ជីវចម្រុះ និងប្រភពទឹក ព្រមទាំងការប្រើប្រាស់ធនធានប្រកបដោយការទទួលខុសត្រូវ ដើម្បីបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈវិស័យទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យសហគមន៍បន្តពង្រឹងសាមគ្គីភាព និងភាពជាម្ចាស់ក្នុងការគ្រប់គ្រងតំបន់ទេសចរណ៍ ដោយយកចិត្តទុកដាក់លើអនាម័យ បរិស្ថាន សុវត្ថិភាព គុណភាពសេវាកម្ម បដិសណ្ឋារកិច្ច និងបទពិសោធន៍ថ្មីៗ សម្រាប់ភ្ញៀវទេសចរ ព្រមទាំងរក្សាឱ្យបាននូវអត្តសញ្ញាណ និងភាពដើមរបស់ធម្មជាតិ និងសហគមន៍មូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «សហគមន៍មិនត្រឹមតែជាអ្នកផ្តល់សេវាទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាម្ចាស់ធនធាន ជាអ្នកអភិរក្ស និងជាតួអង្គដ៏សំខាន់ក្នុងការបង្កើតបទពិសោធន៍ទេសចរណ៍ពិតប្រាកដ»។ ការអភិវឌ្ឍទេសចរណ៍សហគមន៍ ត្រូវធានាឱ្យផលប្រយោជន៍ពីវិស័យទេសចរណ៍ទៅដល់ប្រជាពលរដ្ឋមូលដ្ឋានដោយផ្ទាល់ និងចូលរួមថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានជំរុញឱ្យមានការពង្រឹងភាពជាដៃគូរវាង រដ្ឋ ឯកជន និងសហគមន៍ ដើម្បីរួមគ្នាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលទេសចរណ៍ ពង្រឹងស្តង់ដារសេវាកម្ម បណ្តុះបណ្តាលធនធានមនុស្ស ជំរុញការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល និងតភ្ជាប់សហគមន៍ទៅនឹងទីផ្សារទេសចរណ៍កាន់តែទូលំទូលាយ។

ជំនួបនេះក៏ជាផ្នែកមួយនៃការជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងរដូវកាលបៃតង ដោយបង្ហាញពីសក្តានុពលរបស់ខេត្តស្ទឹងត្រែង ក្នុងនាមជាគោលដៅទេសចរណ៍ធម្មជាតិ និងសហគមន៍ ដែលមានធនធានសម្បូរបែប ព្រមទាំងមានប្រជាសហគមន៍ជាកម្លាំងស្នូលក្នុងការអភិរក្សធនធាន បង្កើតផលិតផលទេសចរណ៍ និងចែករំលែកផលប្រយោជន៍ពីវិស័យទេសចរណ៍ទៅដល់មូលដ្ឋាន ៕



