ព័ត៌មានជាតិ

ប្រឡងបាក់ឌុបនៅបន្ទាយមានជ័យឆ្នាំ២០២៦ បេក្ខជនចំណេះទូទៅកើន ប៉ុន្តែបេក្ខជនស្វៃរិននិងបំពេញវិជ្ជាថយចុះ បើធៀបនឹងឆ្នាំមុន

ដោយ : បន្ទាយ 

បន្ទាយមានជ័យ : ថ្ងៃដំបូង ប្រឡងបាក់ឌុបនៅបន្ទាយមានជ័យប្រព្រឹត្តទៅរលូន សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពធម្មតា ។ ឯអាកាសធាតុក៏មិនមានភ្លៀងធ្លាក់ដូចកាលពីល្ងាចម្សិលមិញ ឬ១ថ្ងៃមុនដែលមានភ្លៀង ។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០២៦ ការកាត់បើកវិញ្ញាសាដំបូងនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ខេត្តបន្ទាយមានជ័យបានប្រារព្ធធ្វើនៅសំណេរវិទ្យាល័យសិរីសោភ័ណ ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកបណ្ឌិតកុលផេង វឌ្ឍនា អនុរដ្ឋលេខានិងជាប្រធានគណ:មេប្រយោគទូទាំងប្រទេសប្រចាំខេត្ត លោក កេត វិចិត្រប្រធានក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយប្រចាំខេត្ត លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត និងអ្នកពាក់ព័ន្ធអញ្ជើញធ្វើពិធីនេះ ។

លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យឲ្យដឹងថា: សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប សម័យប្រឡងថ្ងៃ១០ខែសីហាឆ្នាំ២០២៦ មានបេក្ខជនក្នុងបញ្ជីចុះឈ្មោះប្រឡងសរុប ៖ ៦ ៥០២នាក់ ស្រី៣ ៧០៧នាក់។ ក្នុងនោះ បេក្ខជនចំណេះទូទៅចំនួន៥ ៨៨៧នាក់ ស្រី៣ ៤៥១នាក់.។បេក្ខជនស្វៃរិន ចំនួន៤២៧នាក់ ស្រី២០៤នាក់និងបេក្ខជនបំពេញវិជ្ជាចំនួន១៨៨នាក់ ស្រី៥២នាក់ ។


ក្នុងនោះដែរ មាន៨ មណ្ឌល មានបន្ទប់ប្រឡង២៦១បន្ទប់ ដែលបែងចែកជាថ្នាក់វិទ្យាសាស្ត្រ មាន៣មណ្ឌល ស្មើ៦៩បន្ទប់ បេក្ខជនចំណេះដឹងទូទៅទាំងអស់ ។ គឺ ១-មណ្ឌលវិទ្យាល័យហ៊ុន សែនខ្លាកូន, ២-មណ្ឌលអនុវិទ្យាល័យទឹកថ្លានិង៣-មណ្ឌលសាលវិទ្យាល័យជាតិមានជ័យ ។រីឯថ្នាក់វិទ្យាសាស្ត្រសង្គមវិញ មាន៥ មណ្ឌល ស្មើ១៩៧ បន្ទប់ បេក្ខជនចំណេះដឹងទូទៅ ស្វៃរិននិងបំពេញវិជ្ជា រួមមាន ១-មណ្ឌលវិទ្យាល័យសិរីសោភ័ណ ២-មណ្ឌលបឋមសិក្សាហ៊ុន សែន សុភី ៣- មណ្ឌលវិទ្យាល័យសម្តេចឪ ៤-មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រង់និងសេដ្ឋកិច្ចនិង៥-មណ្ឌលវិទ្យាល័យសកពន អូរអំបិល ។

លោកឈូ ប៊ុនរឿង ឲ្យដឹងបន្តថា: សម្រាប់ឆ្នាំ២០២៦នេះ បេក្ខជនចំណេះទូទៅបានកើនជាង៤០០នាក់ ប៉ុន្តែបេក្ខជនស្វៃរិននិងបំពេញវិជ្ជាបានថយចុះជាង៥០នាក់ ។
ទិន្នន័យនេះនាំឲ្យសរុបរួមបេក្ខជន ថយចុះ៥២នាក់ ។

មូលហេតុនៃការថយចុះនេះ លោកឈួន ប៊ុនរឿង ពន្យល់ថា : មកពីឆ្នាំ២០២៦ នេះបេក្ខជនស្វៃរិននិងបំពេញវិជ្ជា បានប្រឡងជាប់ពីឆ្នាំ២០២៥ច្រើន រួចទៅហើយ ឆ្នាំនេះមិនសូវមានអ្នកឈ្មោះនិងចូលរឿនថ្មី។

ចំណែកឪពុកម្តាយនិងអាព្យាបាលបេក្ខជនលើកឡើងថា: ១ផ្នែកទៀត មកពីផលវិបាកនៃសង្គ្រាមនៅព្រំដែនដែលបង្កឡើងដោយយោធាថៃនិងអាចមកបញ្ហាកត្តាសេដ្ឋកិច្ច សង្គមកិច្ចផងដែរ។

នាឱកាសនោះ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានរំលឹកពីដំណើរការប្រឡងដែលប្រព្រឹត្តទៅដោយឈរលើគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះ គឺជាប់»ដូចរាល់ឆ្នាំដែរ។

ទោះយ៉ាងណា រដ្ឋបាលខេត្តបន្ទាយមានជ័យសូមជូនពរ សុខភាពល្អ ដល់កូនក្មួយជាបេក្ខជន បេក្ខនារីទាំងអស់ ហើយសូមអោយប្រឡងជាប់ និងអាចបាននិទ្ទេសល្អផង ។
ពោលគឺដើម្បីអនាគតរបស់កូនៗ គ្រួសារកូនៗ ពិសេសសង្គមជាតិរបស់យើង សំបូរទៅដោយធនធានមនុស្ស មានគុណភាពល្អ ។

សូមបញ្ជាក់ថា យោងគណ:មេប្រយោគនិងមន្ទីរអប់រំថា ក្នុងដំណើរប្រឡងនាថ្ងៃទី១ នេះ ក្នុងខេត្តស្ថានភាពទូទៅនៅតាមមណ្ឌលប្រឡងទាំង៨ ៖ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ទាំងនៅខាងក្នុង និងក្រៅជុំវិញមណ្ឌលប្រឡង ។

បេក្ខជនមានបញ្ហាសុខភាព (៣នាក់ /ស្រី ២ នាក់) ។គ្រប់គណៈកម្មការ រួមទាំងគណៈមេប្រយោគសរុប ៩៤១នាក់ ស្រី ៣៥១នាក់ អនុវត្តភារកិច្ចបានល្អ និងមានការទទួលខុសត្រូវខ្ពស់ ។សហការល្អជាមួយអង្គភាពប្រឆាំងកំពើពុករលួយ និងសហភាពសហព័ន្ទយុវជនកម្ពុជា ។មានការសម្របសម្រួលទីកន្លែងផ្ញើកង់-ម៉ូតូ ឱ្យបេក្ខជនប្រឡងដោយឥតគិតថ្លៃ ។អាកាសធាតុស្រឡះល្អ។ មានសុវត្ថភាពផ្លូវថ្នល់ គ្មានគ្រោះថ្នាក់ចរាចរ ៕