អន្តរជាតិ

អ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីនៅតំបន់Tatarstan ខណៈមានសេចក្តីរាយការណ៍អំពីការវាយប្រហារនៅតំបន់Crimea និង Donetsk ដែលកំពុងស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី

ប្រែសម្រួល៖ សសម្បត្តិ

បណ្តាញតាមដានព័ត៌មានបានរាយការណ៍ថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីមួយកន្លែងនៅក្នុងតំបន់ Tatarstan ខណៈពេលដែលទីក្រុង Simferopol ដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ីបានជួបប្រទះការដាច់ចរន្តអគ្គិសនី ហើយមានអគ្គិភ័យឆាបឆេះនៅក្នុងតំបន់ Donetsk ក្នុងអំឡុងពេលនៃការវាយប្រហារនាយប់រំលងអធ្រាត្រថ្ងៃទី ១០ ខែសីហា។

យោងតាមបណ្តាញ Telegram ឈ្មោះ Supernova Plus អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានបង្ហោះវីដេអូបង្ហាញពីយន្តហោះគ្មានមនុស្សបើក (drones) កំពុងហោះហើរពីលើទីក្រុង Nizhnekamsk របស់រុស្ស៊ី ក្នុងសាធារណរដ្ឋ Tatarstan នៅពេលដែលរោងចក្រចម្រាញ់ប្រេងមួយកន្លែងត្រូវបានវាយប្រហារដោយកងកម្លាំងអ៊ុយក្រែន។

យោងតាមការិយាល័យសារព័ត៌មានរបស់លោក Rustam Minnikhanov ដែលជាប្រមុខដឹកនាំតំបន់ Tatarstan ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើទីក្រុង Nizhnekamsk នោះ បានបណ្តាលឱ្យមនុស្ស ១២ នាក់ស្លាប់ និង ៣៩ នាក់ផ្សេងទៀតរងរបួស។

យោងតាមការបញ្ជាក់ពីទីបញ្ជាការប្រតិបត្តិការប្រចាំតំបន់ ស្ត្រីម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងភូមិ Novaya Tavolzhanka នៃស្រុក Shebekino ក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ី បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក (drone) មួយគ្រឿងបានធ្លាក់ចូលក្នុងបរិវេណផ្ទះឯកជនមួយកន្លែង។

សារព័ត៌មាន The Kyiv Independent មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវតួលេខនៃអ្នករងគ្រោះដែលត្រូវបានរាយការណ៍នោះទេ។

នៅទីក្រុង Simferopol នៃតំបន់ Crimea តំបន់មួយចំនួនក្នុងទីក្រុងបានជួបប្រទះការដាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន បន្ទាប់ពីមានការឮសំឡេងផ្ទុះ និងសំឡេងបាញ់ប្រហារក្នុងអំឡុងពេលនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។ ​​នេះបើយោងតាមការរាយការណ៍របស់ប៉ុស្តិ៍ Telegram ដែលគាំទ្រអ៊ុយក្រែនឈ្មោះ Crimean Wind ដោយដកស្រង់សម្តីអ្នកស្រុកក្នុងតំបន់។

ទន្ទឹមនឹងនេះ កងកម្លាំងអ៊ុយក្រែនបានកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ Donetsk ដែលកំពុងស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី ហើយអគ្គិភ័យមួយបានឆាបឆេះនៅមជ្ឈមណ្ឌលពាណិជ្ជកម្មមួយក្នុងទីក្រុង Makiivka នេះបើយោងតាមប៉ុស្តិ៍តាមដានព័ត៌មាន Exilenova Plus។

អ៊ុយក្រែនតែងតែវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធាដែលស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៊ី និងតំបន់ដែលរុស្ស៊ីកាន់កាប់ ក្នុងគោលបំណងកាត់បន្ថយសមត្ថភាពរបស់ទីក្រុងម៉ូស្គូក្នុងការបន្តធ្វើសង្គ្រាម។

លោក Robert Brovdi ដែលមានរហស្សនាមថា “Madyar” និងជាមេបញ្ជាការកងកម្លាំងប្រព័ន្ធយន្តហោះគ្មានមនុស្សបើក (Unmanned Systems Forces) បានប្រកាសថា នៅយប់ថ្ងៃទី ៨ ខែសីហា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារលើទីតាំងបាញ់មីស៊ីលការពារដែនអាកាសប្រភេទ S-400 “Triumph” នៅក្នុងតំបន់ Krasnodar Krai របស់រុស្ស៊ី។ ការវាយប្រហារនេះបានធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធមីស៊ីលនោះត្រូវបានប្រើប្រាស់ដើម្បីបាញ់មីស៊ីលសំដៅមកលើអ៊ុយក្រែន។

បណ្តាញតាមដានព័ត៌មាននានាបានរាយការណ៍ថា នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែសីហា អ៊ុយក្រែនបានវាយប្រហារលើរោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅក្នុងតំបន់ Samara Oblast និងរោងចក្រមួយទៀតនៅក្នុងតំបន់ Krasnodar Krai ភាគខាងត្បូងប្រទេសរុស្ស៊ី។

យោងតាមបណ្តាញ Telegram ឈ្មោះ Exilenova Plus បានឱ្យដឹងថា អគ្គិភ័យមួយបានឆាបឆេះនៅរោងចក្រចម្រាញ់ប្រេងមួយកន្លែងក្នុងទីក្រុង Syzran នៃតំបន់ Samara Oblast ប្រទេសរុស្ស៊ី បន្ទាប់ពីត្រូវបានវាយប្រហារដោយកងកម្លាំងអ៊ុយក្រែន។

ប្រភពព័ត៌មាន Supernova Plus បានរាយការណ៍ថា រោងចក្រចម្រាញ់ប្រេងមួយកន្លែងទៀតនៅក្នុងទីក្រុង Ilsky នៃតំបន់ Krasnodar Krai ក៏ត្រូវបានវាយប្រហារ និងឆាបឆេះផងដែរក្នុងអំឡុងពេលនៃការវាយប្រហាររបស់អ៊ុយក្រែន។

ក្រោយមក អគ្គសេនាធិការនៃកងទ័ពអ៊ុយក្រែនបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើក (drone) រយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន បានវាយប្រហារលើរោងចក្រចម្រាញ់ប្រេងចំនួនពីរនៅក្នុងតំបន់ Krasnodar Krai និង Samara Oblast របស់ប្រទេសរុស្ស៊ី៕

ប្រភព៖ Kyiv independent