ប្រែសម្រួល៖ រតនា

ដើម្បីទប់ទល់នឹងការឈ្លានពានរបស់ចិនដែលអាចកើតមាននៅពេលអនាគត កោះតៃវ៉ាន់កំពុងបង្កើតកងនាវាដែលរួមមានយន្តហោះគ្មានមនុស្សបើក (drones) និងទូកវាយប្រហារគ្មានមនុស្សបើក។

គោលបំណងគឺប្រើប្រាស់ឧបករណ៍ទាំងនេះដើម្បីកំណត់ទីតាំង និងវាយប្រហារកងកម្លាំងចិនដែលកំពុងធ្វើដំណើរមកកាន់កោះនេះ ដោយពឹងផ្អែកលើទាហានតៃវ៉ាន់ដែលត្រូវបានបណ្តុះបណ្តាលឱ្យមានភាពរហ័សរហួនក្នុងការចល័តទ័ព មុនពេលដែលចិនអាចបើកការវាយប្រហារមកលើពួកគេបាន។ មេបញ្ជាការអាមេរិកដែលបានបង្កើតយុទ្ធសាស្ត្រនេះហៅវាថាជាស្ថានភាព «hellscape» (ឬស្ថានភាពដ៏មហន្តរាយដូចនរក)៖ ពោលគឺការវាយលុកកងកម្លាំងឈ្លានពានដោយប្រើប្រាស់រលកនៃយន្តហោះគ្មានមនុស្សបើក មីស៊ីល និងកាំភ្លើងធំយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងធ្វើឱ្យប្រតិបត្តិការវាយលុកតាមផ្លូវទឹក និងផ្លូវគោក (amphibious assault) មានហានិភ័យខ្ពស់ រហូតធ្វើឱ្យមេដឹកនាំចិនមិនហ៊ានសម្រេចចិត្តធ្វើសកម្មភាពបែបនេះ។

ដោយទទួលបានគំនិតពីមេរៀននៃសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ជម្លោះផ្សេងទៀតនាពេលថ្មីៗនេះ តៃវ៉ាន់កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តយុទ្ធសាស្ត្រនោះឱ្យចេញជាលទ្ធផលជាក់ស្តែង។

លោកឧត្តមសេនីយ៍ឯក Huang Wen-chi អគ្គនាយកផ្នែកផែនការយុទ្ធសាស្ត្រនៃក្រសួងការពារជាតិតៃវ៉ាន់ បានថ្លែងប្រាប់គណៈកម្មាធិការសមាជិកសភាកាលពីថ្ងៃពុធថា៖ «កិច្ចខិតខំប្រឹងប្រែងរបស់យើងលើវិស័យយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក បានចាប់ផ្តើមយឺតបន្តិច ហើយនៅដំណាក់កាលដំបូង យើងបានសាកល្បងវិធីសាស្ត្រផ្សេងៗក្នុងពេលដំណាលគ្នាជាមួយការអនុវត្តជាក់ស្តែង»។ លោកបានបន្ថែមថា ស្ថានភាពនេះបានចាប់ផ្តើមផ្លាស់ប្តូរក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

នៅថ្ងៃព្រហស្បតិ៍ កងទ័ពតៃវ៉ាន់បានអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលទស្សនាការហ្វឹកហាត់របស់កងទ័ពនៅតំបន់កណ្តាលនៃកោះតៃវ៉ាន់ លើការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (drones) សម្រាប់គោលបំណងឈ្លបយកការណ៍។ សកម្មភាពនេះគឺជាផ្នែកមួយនៃការហ្វឹកហាត់យោធាប្រចាំឆ្នាំដែលមានឈ្មោះថា «Han Kuang» ដែលបានចាប់ផ្តើមនៅថ្ងៃពុធ និងគ្រោងនឹងដំណើរការរយៈពេល ១០ ថ្ងៃ។
ឧត្តមសេនីយ៍ទោ Lu Wen-yuan ដែលបានចូលរួមរៀបចំផែនការហ្វឹកហាត់នេះ បានថ្លែងមុននេះថា កងទ័ពក៏នឹងទទួលការហ្វឹកហាត់លើការកម្ទេចយន្តហោះគ្មានមនុស្សបើករបស់សត្រូវផងដែរ។
កងទ័ពជាច្រើននៅជុំវិញពិភពលោកកំពុងទទួលយកបដិវត្តន៍បច្ចេកវិទ្យាដ្រូន (យន្តហោះគ្មានមនុស្សបើក) ប៉ុន្តែតៃវ៉ាន់កំពុងប្រឈមមុខនឹងការគំរាមកំហែងដ៏បន្ទាន់មួយ៖ ប្រទេសចិន ដែលស្ថិតនៅចម្ងាយប្រហែល ១១០ ម៉ាយល៍ (ប្រហែល ១៧៧ គីឡូម៉ែត្រ) ពីទីនោះ បានអះអាងថា កោះដែលគ្រប់គ្រងខ្លួនឯងមួយនេះគឺជាទឹកដីរបស់ខ្លួន។ មេដឹកនាំចិនបានលើកឡើងថា ពួកគេចង់បង្រួបបង្រួមតៃវ៉ាន់ដោយសន្តិវិធី ប៉ុន្តែក៏មិនបោះបង់ចោលជម្រើសនៃការប្រើប្រាស់កម្លាំងយោធានោះដែរ។ ពួកគេកំពុងគាំទ្រការគំរាមកំហែងនោះ តាមរយៈការពង្រីកកងនាវាចម្បាំង យន្តហោះ មីស៊ីល និងដ្រូន ព្រមទាំងការបង្កើនការល្បាតរបស់កងឆ្មាំសមុទ្រ និងការធ្វើសមយុទ្ធចុះចតកងទ័ព។
មន្ត្រីតៃវ៉ាន់បានកត់សម្គាល់ឃើញពីជោគជ័យដែលអ៊ុយក្រែនសម្រេចបាននៅលើសមរភូមិដោយសារការប្រើប្រាស់ដ្រូន ហើយពួកគេកំពុងព្យាយាមអនុវត្តតាមយុទ្ធសាស្ត្ររបស់អ៊ុយក្រែន ដែលប្រៀបដូចជាករណី «ដាវីឌ ប្រយុទ្ធនឹងហ្គោលីយ៉ាត» (David-versus-Goliath) ពោលគឺការប្រើប្រាស់ដ្រូនដែលមានតម្លៃសមរម្យ និងមានភាពរហ័សរហួន ដើម្បីបង្កើតតុល្យភាពកម្លាំងប្រឆាំងនឹងគូប្រជែងដែលមានទំហំធំជាងខ្លួនយ៉ាងខ្លាំង។
លោក Max Lo ប្រធានសមាគមឧស្សាហកម្មដ្រូនជាតិរបស់កោះតៃវ៉ាន់ បានមានប្រសាសន៍ថា៖ «វិស័យដ្រូនកំពុងឈានចូលដល់ជំពូកថ្មីមួយ។ ដើម្បីធានាការរស់រានមានជីវិត និងការការពារជាតិ តៃវ៉ាន់មានតម្រូវការជាបន្ទាន់ចំពោះដ្រូនទាំងនេះ។ ប៉ុន្តែស្ថានភាពនេះគឺដូចគ្នាគ្រប់ទីកន្លែងនៅលើពិភពលោកនាពេលបច្ចុប្បន្ន ដែលនេះគឺជាឱកាសមួយសម្រាប់តៃវ៉ាន់»។
ក្នុងគោលបំណងប្រែក្លាយកោះនេះឱ្យទៅជាមហាអំណាចក្នុងវិស័យឧស្សាហកម្មដ្រូន រដ្ឋាភិបាលបានបញ្ជាក់ថា ខ្លួនចង់ឱ្យតៃវ៉ាន់ផលិតដ្រូនឱ្យបាន ១០០,០០០គ្រឿងក្នុងមួយខែនៅត្រឹមឆ្នាំ ២០៣០ ដោយក្នុងនោះប្រហែលពាក់កណ្តាលនឹងត្រូវនាំចេញទៅក្រៅប្រទេស។ លើសពីនេះ រដ្ឋាភិបាលក៏ចង់ឱ្យកងទ័ពបំពាក់ដ្រូនទាំងប្រភេទហោះហើរ និងប្រភេទប្រតិបត្តិការលើផ្ទៃទឹក សរុបជាង ២១០,០០០គ្រឿងផងដែរ។
លោក Mick Ryan ដែលជាឧត្តមសេនីយ៍ទោចូលនិវត្តន៍របស់អូស្ត្រាលី និងជាអ្នកសិក្សាស្រាវជ្រាវអំពីស្ថានភាពនៅអ៊ុយក្រែន និងតៃវ៉ាន់ បានលើកឡើងថា តៃវ៉ាន់បាន «យល់ឃើញថា យន្តហោះគ្មានមនុស្សបើក (drones) នឹងមានសារៈសំខាន់នៅក្នុងគ្រប់វិស័យ និងគ្រប់ដំណាក់កាល» នៃសង្គ្រាមដែលអាចនឹងកើតឡើងជាមួយប្រទេសចិន។
លោក Ryan ដែលបច្ចុប្បន្នជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Lowy ក្នុងទីក្រុងស៊ីដនី បានមានប្រសាសន៍ថា ភាពជោគជ័យថ្មីៗរបស់អ៊ុយក្រែនក្នុងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ បង្ហាញថា តៃវ៉ាន់ក៏អាចវាយប្រហារលើនាវាដែលកំពុងចាកចេញពីកំពង់ផែរបស់ចិនបានដែរ ប្រសិនបើទីក្រុងប៉េកាំងបើកការវាយលុកតាមផ្លូវសមុទ្រ និងផ្លូវគោក (amphibious assault)។
អ្នកជំនាញជាច្រើនយល់ឃើញថា កងទ័ពចិននៅមិនទាន់មានកម្លាំងខ្លាំងគ្រប់គ្រាន់ដើម្បីឈ្លានពានកោះតៃវ៉ាន់ដោយងាយស្រួលនោះទេ ហើយការបោសសម្អាតមន្ត្រីជាន់ខ្ពស់នៅក្នុងជួរកងទ័ពរំដោះប្រជាជនចិន ហៅថា(PLA) នាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់ដល់កម្រិតនៃការត្រៀមខ្លួនរបស់ចិន។ ប៉ុន្តែដូចគ្នានឹងកងទ័ពតៃវ៉ាន់ដែរ ចិនកំពុងពង្រីកកងនាវា និងកងយន្តហោះដែលគ្មានមនុស្សបើក (drones) ហើយកំពុងវិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យាដើម្បីរកឃើញ និងរំខានដល់ដំណើរការរបស់យន្តហោះគ្មានមនុស្សបើករបស់សត្រូវ។លោក Ryan បានបន្ថែមថា៖ «សូមចងចាំថា ភាគីចិនក៏កំពុងតាមដានរាល់សកម្មភាពរបស់អ៊ុយក្រែនផងដែរ»។
សម្រាប់តៃវ៉ាន់ ការទទួលបានយន្តហោះគ្មានមនុស្សបើកអាចជារឿងងាយស្រួល។ ប៉ុន្តែដើម្បីស្ទាត់ជំនាញលើការធ្វើសង្គ្រាមដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក តៃវ៉ាន់ចាំបាច់ត្រូវកែសម្រួលរចនាសម្ព័ន្ធកងទ័ព ការបណ្តុះបណ្តាល និងគោលលទ្ធិយោធារបស់ខ្លួនឡើងវិញ។ យោងតាមអ្នកជំនាញ តៃវ៉ាន់ត្រូវរៀនពីរបៀបបញ្ជាហ្វូងយន្តហោះគ្មានមនុស្សបើក ការវាយតម្លៃ និងចែករំលែកព័ត៌មានសម្ងាត់ដែលទទួលបានពីយន្តហោះទាំងនោះឱ្យបានរហ័ស និងការការពារកុំឱ្យសត្រូវធ្វើឈ្លានពានឱ្យយន្តហោះទាំងនោះលែងដំណើរការបាន។ ការធ្វើបែបនេះតម្រូវឱ្យកងទ័ពមានភាពបត់បែនក្នុងការចល័ត និងមានសមត្ថភាពផ្គត់ផ្គង់ខ្លួនឯងបាន។
លោក Shu Hsiao-Huang ដែលជាអ្នកស្រាវជ្រាវរងនៅវិទ្យាស្ថានស្រាវជ្រាវការពារជាតិ និងសន្តិសុខក្នុងទីក្រុងតៃប៉ិ (ដែលគាំទ្រដោយក្រសួងការពារជាតិតៃវ៉ាន់) បានបញ្ជាក់ថា៖ «ប្រតិបត្តិការយោធានៅជួរមុខរបស់កងទ័ពចាំបាច់ត្រូវមានការផ្លាស់ប្តូរទាំងស្រុងពីអតីតកាល»។ លោកបានបន្តថា៖ «នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប្រសិនបើអ្នកបាញ់គ្រាប់មួយគ្រាប់ហើយនៅតែឈរតម្រង់ជួរនៅកន្លែងដដែលដោយមិនផ្លាស់ប្តូរទីតាំង អ្នកនឹងគ្មានឱកាសបាញ់គ្រាប់ទីពីរឡើយ»។
ទោះជាយ៉ាងណាក៏ដោយ មិនដូចអ៊ុយក្រែនទេ តៃវ៉ាន់មិនមានសម្ពាធពីការឈ្លានពានជាក់ស្តែងណាមួយដើម្បីជំរុញការប្រមូលធនធាន និងបង្ខំឱ្យមានការផ្លាស់ប្តូរនោះទេ។ លោក Shu បាននិយាយថា៖ «វាជារឿងដ៏លំបាកមួយ ព្រោះពួកគេមិនទាន់បានឆ្លងកាត់បទពិសោធន៍ដ៏តានតឹងនៃសង្គ្រាមពិតប្រាកដនៅឡើយទេ»។
ប៉ុន្តែអង្គភាពយោធានានាកំពុងខិតខំរៀនសូត្រអំពីយុទ្ធសាស្ត្រប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (drone) ដែលជាចំណុចសំខាន់មួយនៃការធ្វើសមយុទ្ធ Han Kuang ដែលកំពុងបន្ត។
កងទ័ពតៃវ៉ាន់ក៏បានបញ្ចេញរូបភាពពីការធ្វើសមយុទ្ធកាលពីខែមុន ដែលក្នុងនោះមានអង្គភាពមួយបានប្រញាប់ប្រញាល់ចេញប្រតិបត្តិការការពារកោះនានានៅឆ្នេរសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់ ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (drones) ដើម្បីស្វែងរកកងកម្លាំងសត្រូវ។ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានទស្សនាសមយុទ្ធមួយនៅភាគខាងត្បូងនៃកោះនេះ ដែលកងទ័ពបានសាកល្បងយន្តហោះគ្មានមនុស្សបើកគំរូដើមចំនួនពីរប្រភេទ ដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារកងកម្លាំងឈ្លានពាន។
ថ្មីៗនេះ តៃវ៉ាន់ក៏បានបង្កើតបញ្ជាការដ្ឋានប្រយុទ្ធតំបន់ឆ្នេរ (Littoral Combat Command) មួយផងដែរ ដោយធ្វើសមាហរណកម្មយន្តហោះគ្មានមនុស្សបើក មីស៊ីលចល័ត និងកាំភ្លើងធំ ទៅជាប្រព័ន្ធការពារតំបន់ឆ្នេរ ដើម្បីទប់ទល់នឹងការឈ្លានពានដែលអាចកើតមានពីសំណាក់ប្រទេសចិន។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនបានលើកឡើងថា តៃវ៉ាន់នៅមានផ្លូវវែងឆ្ងាយទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ស្មុគស្មាញនៃសង្គ្រាមក្នុងសតវត្សរ៍ទី ២១។ លោកស្រី Stacie Pettyjohn ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកថ្មី (Center for a New American Security) និងជាអ្នកនិពន្ធនៃការសិក្សាថ្មីៗស្តីពីយុទ្ធសាស្ត្រសង្គ្រាមដោយប្រើយន្តហោះគ្មានមនុស្សបើករបស់តៃវ៉ាន់ បានមានប្រសាសន៍ថា តៃវ៉ាន់ប្រឈមនឹងហានិភ័យនៃការ «ផ្តោតខ្លាំងពេកទៅលើបច្ចេកវិទ្យា ជាជាងការផ្លាស់ប្តូរផ្នែករចនាសម្ព័ន្ធ និងគោលលទ្ធិយោធា ដែលមានសារៈសំខាន់ស្មើគ្នាសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមបែប ‘hellscape’ (សមរភូមិដ៏សាហាវឃោរឃៅ និងស្មុគស្មាញបំផុតសម្រាប់សត្រូវ)»។
- ការកសាងឧស្សាហកម្មយន្តហោះគ្មានមនុស្សបើកដ៏សំខាន់មិនអាចខ្វះបាន
ក្នុងករណីមានការឈ្លានពាន ប្រទេសចិនទំនងជានឹងព្យាយាមកាត់ផ្តាច់តៃវ៉ាន់ពីការគាំទ្រពីខាងក្រៅ។ ដើម្បីអាចរស់រានមានជីវិតពីការឡោមព័ទ្ធនេះ តៃវ៉ាន់ចាំបាច់ត្រូវកសាងស្តុកទុកនូវសម្ភារៈចាំបាច់ និងពង្រីកការផលិតយន្តហោះគ្មានមនុស្សបើកក្នុងស្រុក ជាពិសេសគឺ «យន្តហោះគ្មានមនុស្សបើកសម្រាប់វាយប្រហារបែបប្រើតែម្តងចោល (one-way attack drones) ដែលមានតម្លៃថោក និងមានរយៈចម្ងាយហោះហើរខ្លី» នេះបើយោងតាមប្រសាសន៍របស់លោកស្រី Pettyjohn។
ភាគីទាំងពីរនៃឆាកនយោបាយតៃវ៉ាន់ដែលមានការបែកបាក់គ្នាខ្លាំង បានឯកភាពគ្នាលើការផលិតយន្តហោះគ្មានមនុស្សបើក (drones) បន្ថែមទៀត ទោះបីជាពួកគេមានការខ្វែងគំនិតគ្នាលើព័ត៌មានលម្អិតក៏ដោយ។ រដ្ឋាភិបាលតៃវ៉ាន់បានស្នើឱ្យចំណាយថវិកា ៦,៥ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីទិញយន្តហោះគ្មានមនុស្សបើកទាំងនេះ។ ប៉ុន្តែគណបក្សប្រឆាំងចំនួនពីរ ដែលកាន់កាប់សំឡេងភាគច្រើននៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ បានបដិសេធផែនការនេះ ដោយលើកហេតុផលថា វាអាចបង្កឱ្យមានអំពើពុករលួយ និងការខ្ជះខ្ជាយថវិកា។ គណបក្សប្រឆាំងដ៏សំខាន់គឺគណបក្ស Nationalist បានស្នើឱ្យចំណាយថវិកា ៧,៤ ពាន់លានដុល្លារក្នុងរយៈពេល ៦ ឆ្នាំ ដោយដាក់លក្ខខណ្ឌតម្រូវឱ្យមានការបង្កើនកម្រិតនៃការផលិតនៅក្នុងស្រុក។
នៅពេលដែលសមាជិកសភាជជែកដេញដោលគ្នាអំពីការចំណាយនេះ ក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើករបស់តៃវ៉ាន់ និងសហរដ្ឋអាមេរិក កំពុងប្រកួតប្រជែងគ្នាដើម្បីទទួលបានការបញ្ជាទិញនាពេលអនាគត។
កាលពីខែមុន ក្រុមហ៊ុន Thunder Tiger ដែលជាក្រុមហ៊ុនផលិតរបស់តៃវ៉ាន់ និងក្រុមហ៊ុន Shield AI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិរបស់អាមេរិក បានធ្វើការសាកល្បងលើដ្រូនសមុទ្រចំនួនពីរម៉ូដែល ដែលមានសមត្ថភាពស្វែងរកទីតាំងនាវាសត្រូវ និងបំផ្លាញនាវាទាំងនោះចោល។ ទោះជាយ៉ាងណាក៏ដោយ លោក Chen Kwan-ju ប្រធានក្រុមហ៊ុន Thunder Tiger បានលើកឡើងថា ក្រុមហ៊ុនកំពុងស្វែងរកភាពច្បាស់លាស់បន្ថែមទៀតលើគោលនយោបាយ មុននឹងពង្រីកភាពជាដៃគូផលិតកម្ម។
ស្របពេលជាមួយគ្នានេះ តៃវ៉ាន់កំពុងបង្កើនអត្រានៃការនាំចេញដ្រូនរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយព្យាយាមក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ដ៏សំខាន់សម្រាប់បណ្តាប្រទេសប្រជាធិបតេយ្យផ្សេងទៀត ដែលចង់កាត់បន្ថយការពឹងផ្អែកលើគ្រឿងបន្លាស់របស់ចិន ដែលជាប្រភពនៃក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ ឬបញ្ហាចារកម្ម។
យោងតាមក្រសួងកិច្ចការសេដ្ឋកិច្ចរបស់តៃវ៉ាន់ នៅក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២៦ តៃវ៉ាន់បាននាំចេញដ្រូនដែលមានតម្លៃ ១១៥ លានដុល្លារ ដែលជាចំនួនលើសពីការនាំចេញដ្រូនសរុបពេញមួយឆ្នាំ ២០២៥ ទៅទៀត។ ទោះបីជាសាធារណរដ្ឋឆែកគឺជាគោលដៅនាំចេញធំជាងគេក៏ដោយ ប៉ុន្តែការសិក្សាបានបង្ហាញថា ដ្រូនជាច្រើនត្រូវបានបញ្ជូនបន្តទៅកាន់ប្រទេសអ៊ុយក្រែនដែលនៅជិតខាង។
ការនាំចេញគ្រឿងបន្លាស់យន្តហោះគ្មានមនុស្សបើក (drone) របស់កោះតៃវ៉ាន់ ទំនងជាមានកម្រិតខ្ពស់ជាងនេះទៅទៀត។ តម្រូវការសម្រាប់គ្រឿងបន្លាស់ទាំងនេះ ដូចជាម៉ូទ័រ និងឧបករណ៍អុបទិកជាដើម ទំនងជានឹងកើនឡើង នេះបើយោងតាមតំណាងក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក។
លោក Michael Robbins ប្រធានសមាគមប្រព័ន្ធយានយន្តគ្មានមនុស្សបើកអន្តរជាតិ (Association for Uncrewed Vehicle Systems International) បានសរសេរនៅក្នុងសារអេឡិចត្រូនិចមួយថា៖ «តៃវ៉ាន់ស្ថិតនៅចំកណ្តាលនៃការប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយនៃសម័យកាលរបស់យើង។ វាគឺជាតំបន់មួយក្នុងចំណោមតំបន់មួយចំនួនតូចដែលមានលទ្ធភាពផលិតគ្រឿងបន្លាស់យន្តហោះគ្មានមនុស្សបើកប្រកបដោយគុណភាពគួរឱ្យទុកចិត្ត ក្នុងបរិមាណច្រើន»៕
ប្រភព៖ The New York Times

