ព័ត៌មានជាតិ

ក្រុមហ៊ុនចំនួន ១៥ចុះពិនិត្យទីតាំងផ្លូវក្នុងក្រុងបាត់ដំបងត្រៀមដេញថ្លៃស្ថាបនាក្នុងពេលឆាប់ៗ

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ តំណាងក្រុមហ៊ុនអន្តរជាតិចំនួន ១៥ បានចុះពិនិត្យទីតាំងផ្លូវក្នុងក្រុងបាត់ដំបង ត្រៀមដេញថ្លៃស្ថាបនាកំណាត់ផ្លូវចំនួន ២១ខ្សែក្នុងពេលឆាប់ៗខាងមុខ។

ប្រតិភូអាជ្ញាធរមានឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង, ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជានាយកគម្រោង កាលសប្តាហ៍កន្លងមកបានដឹកនាំតំណាងក្រុមហ៊ុនអន្តរជាតិចំនួន ១៥ក្រុមហ៊ុនចុះពិនិត្យទីតាំងផ្លូវជាក់ស្តែងក្នុងក្រុងបាត់ដំបង សរុបចំនួន ២១ខ្សែដើម្បីត្រៀមដេញថ្លៃក្នុងពេលខាងមុខនេះ។

យោងតាមមន្ត្រីជំនាញបានបញ្ជាក់ឲ្យដឹងថា÷ គម្រោងបើកកញ្ចប់ឯកសារដេញថ្លៃផ្លូវទាំង ២១ខ្សែឋិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង នេះនឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។ ក្រោយពីដាក់ដេញថ្លៃឈានទៅបន្តនីតិវិធីរួចរាល់ ការសាងសង់ផ្លូវនឹងចាប់ផ្ដើមនៅរវាងអំឡុងខែកញ្ញា ឆ្នាំ២០២៦។

បន្ទាប់ពីបញ្ចប់គម្រោងសាងសង់ផ្លូវចំនួន ២១ខ្សែខាងលើ បន្ថែមលើផ្លូវជាច្រើនខ្សែទៀត ក្រុងបាត់ដំបងកាន់តែមានសោភ័ណភាពបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អ។

លើសពីនេះបូកទាំងគម្រោងធំៗក្នុងក្រុងចំនួន ៣ទៀតជាថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) អនុវត្តន៍គម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទី១ ទីលានចាក់សំរាមស្ដង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ដែលបាននិងកំពុងប្រើប្រាស់ដែលជាទីលានចាក់សំរាមស្ដង់ដារធំជាងគេមួយនៅកម្ពុជា។

ទី ២ គម្រោងប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែកំពុងប្រមូលទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ១០ហិកតា នៅស្រុកសង្កែ មុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលឱ្យអាចប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ។

និងទី ៣ គម្រោងប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹងដែលកំពុងប្រមូលទឹកកខ្វក់ពីផ្ទះប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ហិកតា នៅក្នុងស្រុកថ្មគោល។

គម្រោងទាំងបីនេះបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង បើទោះបីជាកន្លងមកបានជួបផលពិបាកខ្លះដោយសារផ្លូវខូចខាតអំឡុងពេលអនុវត្តគម្រោង ប៉ុន្តែក្រោយគម្រោងបានបញ្ចប់ជាស្ថាពរនឹងធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងស្ថានភាពអនាម័យបរិស្ថានល្អប្រសើរមិនមានបញ្ហាបំពុលក្នុងទឹក និងបំពុលបរិស្ថានដូចគ្រាមុនឡើយ៕