ដោយ៖ លន ស្រស់

ភ្នំពេញ៖ ក្រដាសត្រចៀកគឺជាបំណែកស្តើងនៃជាលិកាដែលបែងចែករវាងរន្ធត្រចៀកនិងត្រចៀកកណ្តាល វាដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តាប់ដោយការបញ្ជូនរំញ័រសំឡេង។ ការរហែកក្រដាសត្រចៀក គឺជាការដាច់ធ្លុះបង្កើតជាប្រហោងលើជាលិកានៃក្រដាសត្រចៀក។

ក) មូលហេតុទូទៅនៃការរហែកក្រដាសត្រចៀក៖
– ការឆ្លងមេរោគត្រចៀកកណ្តាលនេះគឺជាមូលហេតុចម្បង។
– ការផ្លាស់ប្តូរសម្ពាធខ្លាំងឬ ហៅថា “barotrauma”។
– របួសត្រចៀក
– ការប៉ះដោយផ្ទាល់លើក្រដាសត្រចៀក ដូចជាប៉ះដោយសារសំឡីត្បារ ឬវត្ថុផ្សេងៗ អាចធ្វើឱ្យធ្លុះក្រដាសត្រចៀក។

ខ) រោគសញ្ញា៖
ការរហែកត្រចៀក ពេលខ្លះមិនមានរោគសញ្ញាទេ។ ប៉ុន្តែរោគសញ្ញាអាចរួមមាន៖
– ឈឺត្រចៀក ពេលខ្លះអាចធូរស្រាលក្រោយការរហែកឬធ្លុះក្រដាសត្រចៀក
– ការបាត់បង់ការស្តាប់ ដែលអាចជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍
– ការហូរទឹកចេញពីត្រចៀក (ទឹកថ្លា ខ្ទុះ ឬមានឈាម)
– សំឡេងរោទ៍ ហ៊ឹង (ឮក្នុងត្រចៀក)
– វិលមុខ ជាដើម

គ) ការព្យាបាល ការរហែកក្រដាសត្រចៀក៖
ជាទូទៅ ការដាច់រហែកឬធ្លុះក្រដាសត្រចៀកអាចជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេលពីរទៅបីសប្តាហ៍។ ក្នុងអំឡុងពេលជាសះ គ្រូពេទ្យអាចណែនាំ ការព្យាបាលដោយថ្នាំមួយចំនួនដូចជា៖
– ថ្នាំបំបាត់ការឈឺចាប់៖ ដូចជា Acetaminophen ឬ Ibuprofen អាចជួយមិនសូវមានការឈឺចាប់។
– ថ្នាំអង់ទីប៊ីយោទិច៖ ប្រសិនបើមានការឆ្លងមេរោគ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យថ្នាំបន្តក់ត្រចៀក ឬថ្នាំលេប។
– ការការពារត្រចៀក៖ ជៀសវាងសំឡេងខ្លាំងៗ និងរក្សាត្រចៀករបស់អ្នកឱ្យស្ងួតនៅពេលកំពុងព្យាបាល។
ឃ) ការពារការរហែកក្រដាសត្រចៀក៖

ខាងក្រោមនេះជាគន្លឹះមួយចំនួនដើម្បីការពារការរហែកក្រដាសត្រចៀក៖
– ព្យាបាលការឆ្លងមេរោគត្រចៀកឲ្យបានត្រឹមត្រូវ។
– ជៀសវាងការប្រើសំឡី ឬវត្ថុផ្សេងទៀតនៅក្នុងរន្ធត្រចៀករបស់អ្នក។
– ធ្វើឱ្យសម្ពាធត្រចៀកស្មើគ្នា អំឡុងពេលធ្វើដំណើរតាមយន្តហោះ ឬពេលប្រែប្រួលសម្ពាធ ដោយការលេប ឬទំពាស្ករកៅស៊ូ។
– ប្រើប្រដាប់ការពារសំឡេងក្នុងត្រចៀក ដើម្បីការពារអំឡុងពេលឮសំឡេលេងខ្លាំងៗ។

ង) ពេលណាត្រូវទៅជួបគ្រូពេទ្យ៖
ទៅជួបគ្រូពេទ្យភ្លាមៗ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ៖
– ឈឺត្រចៀកធ្ងន់ធ្ងរ
– ការហូរទឹកចេញតាមត្រចៀកជាប់រហូត
– ការបាត់បង់ការស្តាប់
– វិលមុខដែលរំខានដល់សកម្មភាពប្រចាំថ្ងៃ

ទោះជាយ៉ាងណាក៏ដោយប្រសិនបើការរហែកមានទំហំធំមិនជាសះស្បើយដោយខ្លួនឯងនិងមានការហូរទឹករឺខ្ទុះជាប់ជាប្រចាំបូកផ្សំការស្តាប់ធ្លាក់ចុះសូមអញ្ជើញមកជួបពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ផ្នែកឯកទេសត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការប្រឹក្សាលំអិតបន្ថែម និងការព្យាបាលទៅតាមស្ថានភាពជំងឺប្រកបដោយជោគជ័យ!” ៕
អត្ថបទនិងរូបភាព ៖ មន្ទីរពេទ្យកាល់ម៉ែត

