បច្ចេកវិទ្យា

ក្រុមហ៊ុន Google បង្ហាញវ៉ែនតាឆ្លាតវៃ ប្រកួតប្រជែងជាមួយ Meta

ប្រែសម្រួល៖ លន ស្រស់

ក្រុមហ៊ុន Google បានបង្ហាញពីការរចនាវ៉ែនតាឆ្លាតវៃថ្មី ដែលនេះជាការវិលត្រឡប់មកកាន់ទីផ្សារដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះធ្លាប់បានព្យាយាមជ្រៀតចូល តែបានបរាជ័យកាលពីជាងមួយទសវត្សរ៍មុន។

វ៉ែនតាដែលរំពឹងថានឹងដាក់លក់នៅចុងឆ្នាំនេះ នឹងប្រកួតប្រជែងជាមួយក្រុមហ៊ុន Meta ដែលបានបង្កើតភាពនាំមុខគេជាមួយនឹងវ៉ែនតាឆ្លាតវៃ Ray-Ban របស់ខ្លួន ដែលត្រូវបានលក់ចេញយ៉ាងតិចចំនួន៧លានគ្រឿង។

វ៉ែនតាដែលគេហៅថា “វ៉ែនតាសំឡេង” (audio glasses) របស់ Google នឹងត្រូវបានដំឡើងមីក្រូហ្វូន កាមេរ៉ា និងឧបករណ៍បំពងសំឡេងតូចមួយ ហើយនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការហៅទូរសព្ទ ស្ដាប់តន្ត្រី ថតរូប និងសន្ទនាជាមួយជំនួយការបញ្ញាសិប្បនិម្មិត Gemini AI ទៀតផង ។

ក្រុមហ៊ុនដែលមិនបានផ្ដល់កាលបរិច្ឆេទដាក់លក់ច្បាស់លាស់ ឬព័ត៌មានលម្អិតអំពីតម្លៃនេះ បានបង្ហាញវ៉ែនតាពីរបណ្ដុំនៅឯសន្និសីទប្រចាំឆ្នាំសម្រាប់អ្នកអភិវឌ្ឍន៍ Google I/O ដែលប្រព្រឹត្តទៅនៅជិតទីស្នាក់ការកណ្ដាលរបស់ខ្លួននៅទីក្រុង Mountain View រដ្ឋ California៖ មួយផលិតដោយម៉ាកវ៉ែនតា អាមេរិក Warby Parker និងមួយទៀតផលិតដោយអ្នករចនាម៉ូដកូរ៉េខាងត្បូង Gentle Monster។

ក្រុមហ៊ុន Samsung ជាអ្នកទទួលបន្ទុកលើការអភិវឌ្ឍបច្ចេកទេស។ វ៉ែនតានេះនឹងអាចប្រើបានជាមួយទាំងទូរសព្ទប្រព័ន្ធ Android និងទូរសព្ទ Apple។

សម្រាប់ក្រុមហ៊ុន Google ការបើកដំណើរការនេះគឺជាការវិលត្រឡប់ដែលត្រូវបានរង់ចាំជាយូរមកហើយ ទៅកាន់វិស័យដែលក្រុមហ៊ុនបានជួបប្រទះនូវការបរាជ័យមួយដ៏ល្បីបំផុតរបស់ខ្លួន ពោលគឺវ៉ែនតា Google Glass ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៣ ជាមួយនឹងកាមេរ៉ាដែលបានបញ្ចូលក្នុងតួ ហើយត្រូវបានបញ្ឈប់ ក្រោយពីបានបង្កការព្រួយបារម្ភយ៉ាងទូលំទូលាយអំពីភាពឯកជន និងការឃ្លាំមើល។

លើកនេះ ក្រុមហ៊ុនកំពុងភ្នាល់លើការរចនា ដើម្បីទាក់ទាញចិត្តអ្នកប្រើប្រាស់។

ម៉ូដែលរបស់ Google ដែលបំពាក់កាមេរ៉ានេះ ទំនងជានឹងបង្កសំណួរអំពីភាពឯកជនដូចគ្នាដែលធ្លាប់កើតមានចំពោះ Meta ដែរ។

ក្រុមហ៊ុន Google ក៏កំពុងធ្វើការលើវ៉ែនតាដែលមានអេក្រង់បង្ហាញនៅខាងក្នុង ស្រដៀងនឹងម៉ូដែលចុងក្រោយដែល Meta បានដាក់លក់នៅទីផ្សារកាលពីរដូវស្លឹកឈើជ្រុះឆ្នាំ២០២៥។ កំណែនោះ ដែលធ្លាប់បានបង្ហាញជាគំរូកាលពីឆ្នាំមុន ឥឡូវនេះបានរីកចម្រើនទៅមួយជំហានទៀតក្នុងការសាកល្បងរបស់អ្នកអភិវឌ្ឍន៍ បើតាមការប្រកាសរបស់ Google ដោយមិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែម៕
ប្រភព៖ AFP/sr