ប្រែសម្រួល៖ រតនា

នៅដំណាក់កាលនេះ ដែលនៅសល់ពេលជាងពីរខែទៀតមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ការដែលគណបក្សប្រជាធិបតេយ្យនឹងដណ្តើមបានការគ្រប់គ្រងសភា និងទទួលបានសិទ្ធិអំណាចក្នុងការចេញដីកាបង្គាប់ឱ្យបង្ហាញឯកសារ ឬផ្តល់សក្ខីកម្ម (subpoena power) នោះ គឺនៅមិនទាន់ប្រាកដប្រជានៅឡើយទេ។ ប៉ុន្តែ ប្រធានាធិបតី ដូណាល់ ត្រាំ បានត្រៀមលក្ខណៈរួចជាស្រេចនូវយុទ្ធសាស្ត្រផ្លូវច្បាប់ ដើម្បីតទល់នឹងរាល់ការប៉ុនប៉ងរបស់សមាជិកសភាក្នុងការស៊ើបអង្កេតលើរូបលោក។
នៅក្នុងកំណត់ហេតុផ្ទៃក្នុងរបស់ក្រសួងយុត្តិធម៌ និងឯកសារផ្លូវច្បាប់នានា រដ្ឋបាលរបស់លោក ត្រាំ បានលើកឡើងថា ប្រធានាធិបតីមិនត្រឹមតែអាចរក្សាការសម្ងាត់លើកិច្ចសន្ទនាជាមួយទីប្រឹក្សានៅក្នុងសេតវិមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចការពារការសម្ងាត់នៃទំនាក់ទំនងរបស់លោកជាមួយបុគ្គលនៅក្រៅរដ្ឋាភិបាលផងដែរ។ សេតវិមានក៏បានអះអាងនៅក្នុងតុលាការដែរថា សូម្បីតែការបង្ហាញអត្តសញ្ញាណរបស់បុគ្គលដែលបានចូលរួមក្នុងកិច្ចការគោលនយោបាយសំខាន់ៗ ក៏អាចប៉ះពាល់ដល់សិទ្ធិរក្សាការសម្ងាត់របស់ប្រធានាធិបតី ដែលលោក ត្រាំ មានសិទ្ធិទទួលបាននោះដែរ។ លើសពីនេះ រដ្ឋបាលរបស់លោកបានប្រកាន់ជំហរថា ខ្លួនអាចមិនអើពើនឹងច្បាប់មួយដែលត្រូវបានបង្កើតឡើងតាំងពីសម័យរឿងអាស្រូវ Watergate ដែលហាមឃាត់ការបំផ្លាញឯកសាររបស់សេតវិមាន។
ជំហរនេះកើតឡើងស្របពេលដែលលោក ត្រាំ ពឹងផ្អែកយ៉ាងខ្លាំងលើក្រុមមហាសេដ្ឋីជំនួញ មេធាវីឯកជន និងមិត្តភក្តិចាស់ៗ ដើម្បីជួយកំណត់ទិសដៅការងាររបស់លោក។
លោក Jamie Bair ដែលជាដៃគូ និងជាប្រធានផ្នែកស៊ើបអង្កេតទាក់ទងនឹងសភា នៅក្រុមហ៊ុនច្បាប់ Crowell & Moring បានមានប្រសាសន៍ថា៖ «មានការទំនាក់ទំនងយ៉ាងច្រើនមិនធ្លាប់មានពីមុនមក រវាងស្ថាប័នប្រតិបត្តិ — ជាពិសេសសេតវិមាន — និងវិស័យឯកជន ដែលសភាបានបញ្ជាក់យ៉ាងច្បាស់ថា នឹងក្លាយជាប្រធានបទនៃការត្រួតពិនិត្យតាមដាន»។
សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យកំពុងស៊ើបអង្កេតលើទំនាក់ទំនងរបស់រដ្ឋបាលលោក Trump ជាមួយស្ថាប័ន FIFA, របៀបដែលទំនាក់ទំនងរបស់លោក Trump ជាមួយវិស័យរូបិយប័ណ្ណគ្រីបតូ (crypto-industry) កំពុងជះឥទ្ធិពលលើគោលនយោបាយសហព័ន្ធ និងករណីផ្សេងទៀតនៃសកម្មភាពអាជីវកម្មរបស់គ្រួសារលោក Trump ដែលគណបក្សប្រជាធិបតេយ្យអះអាងថាអាចមានទំនាក់ទំនងជាមួយគោលនយោបាយរបស់រដ្ឋាភិបាល។
ក្រុមអ្នកប្រឆាំងលោក Trump មានទំនុកចិត្តថា លោកនឹងមិនទទួលបានជោគជ័យលើការអះអាងដ៏ខ្លាំងក្លាបំផុតរបស់លោកពាក់ព័ន្ធនឹងការរក្សាការសម្ងាត់នោះទេ។ ប៉ុន្តែពួកគេក៏ទទួលស្គាល់ដែរថា ដំណើរការដោះស្រាយបញ្ហាទាំងនេះតាមផ្លូវច្បាប់គឺជាដំណើរការដ៏យឺតយ៉ាវ ដែលអាចអូសបន្លាយពេលហួសពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៩ ដែលជាពេលលោកត្រូវចាកចេញពីតំណែង។
សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យកំពុងតាមដានយ៉ាងដិតដល់នូវការលើកឡើងផ្នែកច្បាប់របស់រដ្ឋបាលលោក Trump ខណៈដែលពួកគេកំពុងរៀបចំយុទ្ធសាស្ត្រប្រើប្រាស់មធ្យោបាយផ្សេងៗដែលមាននៅក្នុងដៃដើម្បីតបត រួមទាំងការដាក់សម្ពាធតាមវិធីផ្សេងទៀតក្រៅពីការទាមទារឱ្យមានការអនុវត្តតាមច្បាប់នៅក្នុងតុលាការ។
ជំនួយការជាន់ខ្ពស់ម្នាក់របស់សភាតំណាងរាស្ត្រ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីអាចនិយាយដោយបើកចំហអំពីគំនិតរបស់គណបក្សប្រជាធិបតេយ្យ បានប្រាប់ CNN ថា៖ «មានផលវិបាកផ្សេងទៀតដែលកើតឡើងពីការត្រូវបានចាត់ទុកថាជាអ្នកប្រមាថតុលាការ (contempt of court) ការបដិសេធមិនផ្តល់ឯកសារ និងការប្រកាន់ខ្ជាប់នូវការអះអាងដែលខុសច្បាប់យ៉ាងច្បាស់ក្រឡែតអំពីឯកសិទ្ធិអំណាចប្រតិបត្តិ (executive privilege)»៕
ប្រភព៖ CNN




