អន្តរជាតិ

ក្រុមអ្នកជួយសង្គ្រោះកំពុងជីកផ្លូវរូងក្រោមដី ខណៈចំនួនអ្នកបាត់ខ្លួនក្នុងគ្រោះមហន្តរាយនៅនេប៉ាល់ និងចិន កើនឡើងជិតដល់ ៣,០០០នាក់ហើយ

ប្រែសម្រួល៖ សសម្បត្តិ

BIDUR ប្រទេសនេប៉ាល់៖ កាលពីថ្ងៃសៅរ៍ (ទី ២៩ ខែសីហា) ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសនេប៉ាល់ និងចិន បានខិតខំប្រឹងប្រែងស្វែងរកមនុស្សរាប់ពាន់នាក់ដែលបានបាត់ខ្លួន ក្រោយរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីមានទឹកជំនន់ដ៏សាហាវ ដែលមានលក្ខណៈដូចរលកយក្សស៊ូណាមិ (tsunami) បោកបក់នាំមកជាមួយនូវកម្ទេចកម្ទីនានា វាយប្រហារតំបន់ជួរភ្នំហិម៉ាឡៃ និងបានលិចលង់ភូមិទាំងមូល។

តួលេខពីប្រទេសទាំងពីរបានបង្ហាញថា ចំនួនអ្នកបាត់ខ្លួនមានជិត ៣,០០០ នាក់ ខណៈដែលសាកសពចំនួន ៦៨២ ត្រូវបានរកឃើញ ហើយមានសេចក្តីរាយការណ៍ថា សាកសពមួយចំនួនអាចត្រូវបានទឹកហូរនាំយកទៅឆ្ងាយរហូតដល់ប្រទេសឥណ្ឌា។

នៅក្នុងការវិវត្តដ៏សំខាន់មួយកាលពីយប់ថ្ងៃសៅរ៍ កងទ័ពនេប៉ាល់បានសម្រេចដាក់បំពង់មួយចូលទៅក្នុងផ្លូវរូងក្រោមដីនៅឯការដ្ឋានវារីអគ្គិសនី Trishuli 3A ដែលគេជឿថាមានកម្មករកំពុងជាប់គាំងនៅខាងក្នុង។

លោក Sudan Gurung រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងបានចាប់ផ្តើមបញ្ជូនខ្យល់ចូលតាមរយៈរន្ធតូចនោះរួចហើយ ហើយឥឡូវនេះយើងនឹងចាប់ផ្តើមការងារជីកកកាយ និងបញ្ជូនក្រុមជួយសង្គ្រោះចូលទៅខាងក្នុង»។

កម្មករជាង ១០០ នាក់អាចនៅមានជីវិត និងកំពុងជាប់គាំងនៅក្នុងផ្លូវរូងក្រោមដីទាំងនោះ ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងផ្តោតលើទីតាំង Trishuli 3A និង 3B។

ទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា ការបាក់រលំផ្ទាំងទឹកកកគឺជាមូលហេតុនៃទឹកជំនន់ដ៏សាហាវដែលបានកើតឡើងកាលពីថ្ងៃពុធ នៅតំបន់ព្រំដែនរវាងប្រទេសនេប៉ាល់ និងតំបន់ទីបេ។

ទោះបីជាមូលហេតុពិតប្រាកដនៃការបាក់រលំនោះមិនទាន់ច្បាស់លាស់ក៏ដោយ ប៉ុន្តែការប្រែប្រួលអាកាសធាតុបានធ្វើឱ្យផ្ទាំងទឹកកកនានាជុំវិញពិភពលោកចាប់ផ្តើមរលាយ ដែលបង្កើនហានិភ័យនៃគ្រោះមហន្តរាយបែបនេះ។

លោក Simon Steill ប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការបាក់រលំផ្ទាំងទឹកកក និងទឹកជំនន់ភ្លាមៗដែលកើតឡើងដោយមិនបានគ្រោងទុកនេះ គឺជាការរំលឹកដ៏ឈឺចាប់មួយអំពីភាពផុយស្រួយនៃបរិស្ថានតំបន់ភ្នំទាំងនេះ»។

លោកបានបន្ថែមថា៖ «យើងក៏ដឹងដែរថា ការឡើងកម្ដៅនៃអាកាសធាតុ ដែលបណ្តាលមកពីសកម្មភាពរបស់មនុស្សក្នុងការដុតធ្យូងថ្ម ប្រេង និងឧស្ម័នក្នុងបរិមាណដ៏ច្រើនមហិមា កំពុងធ្វើឱ្យគ្រោះមហន្តរាយដូចករណីនេះ និងករណីជាច្រើនទៀតនៅជុំវិញពិភពលោក កាន់តែងាយនឹងកើតឡើង កើតឡើងញឹកញាប់ និងមានភាពធ្ងន់ធ្ងរជាងមុន ដោយសហគមន៍ដែលងាយរងគ្រោះច្រើនតែជាអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត»៕

ប្រភព៖ AFP/aj