អន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើងត្រូវបានដកចេញពីតំណែង

ប្រែសម្រួល៖ រតនា

ទីក្រុងសេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យ (ទី៣០ ខែសីហា) ថា រដ្ឋមន្ត្រីការពារជាតិរបស់កូរ៉េខាងជើងត្រូវបានដកចេញពីតំណែង ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវថ្នាក់ដឹកនាំយោធារបស់ប្រទេសនេះ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) បានឱ្យដឹងថា «ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ» ត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍ ដែលដឹកនាំដោយលោក គីម ជុងអ៊ុន (Kim Jong Un)។

ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍ថា លោក No Kwang Chol មិនត្រឹមតែត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានបន្ថយតួនាទីនៅក្នុងជួរថ្នាក់ដឹកនាំគណបក្សកាន់អំណាច មកត្រឹមជា «អនុប្រធានទីមួយនៃនាយកដ្ឋានឧស្សាហកម្មសព្វាវុធ» ផងដែរ។

លោក Kim Song Gi ដែលជានាយកនៃអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនកូរ៉េ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មីជំនួសវិញ។

អតីតរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងជើង លោក No Kwang Chol

មន្ត្រីជាន់ខ្ពស់ម្នាក់ទៀត គឺលោក Pak Jong Chon ដែលជាទីប្រឹក្សាផ្នែកការពារជាតិ ត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម និងជាសមាជិកការិយាល័យនយោបាយនៃគណបក្សកាន់អំណាច។

ការតែងតាំងដំឡើងតួនាទីជាច្រើនផ្សេងទៀតក៏ត្រូវបានប្រកាសផងដែរ។

នៅក្នុងសេចក្តីរាយការណ៍ដាច់ដោយឡែកមួយ KCNA បានឱ្យដឹងថា លោក Kim បានកោតសរសើរដល់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងមន្ត្រីនានា នៅក្នុងពិធីមួយកាលពីថ្ងៃសៅរ៍ ចំពោះវឌ្ឍនភាពរបស់ពួកគេក្នុងវិស័យបច្ចេកវិទ្យាការពារជាតិ ដោយបានផ្តល់ជូនពួកគេនូវគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតរបស់ជាតិ។

KCNA បានបញ្ជាក់ថា បុគ្គលដែលទទួលបានការកោតសរសើរទាំងនោះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការ «ដោះស្រាយបញ្ហាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងការអភិវឌ្ឍប្រព័ន្ធអាវុធប្រយុទ្ធថ្មីៗ» ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីប្រភេទនៃប្រព័ន្ធអាវុធទាំងនោះឡើយ។

លោក Kim Song Gi ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីការពារជាតិថ្មី

នៅចុងខែមិថុនា លោក គីម បានត្រួតពិនិត្យការសាកល្បងប្រព័ន្ធបាញ់រ៉ុក្កែតច្រើនគ្រាប់ដែលមានរយៈចម្ងាយឆ្ងាយជាងមុន និងកាំភ្លើងធំ។ការផ្លាស់ប្តូរតំណែងថ្នាក់ដឹកនាំនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីការធ្វើសមយុទ្ធយោធារួមប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបញ្ចប់ទៅ។

សមយុទ្ធទាំងនេះ ដែលទីក្រុងព្យុងយ៉ាងតែងតែថ្កោលទោសថាជាការត្រៀមលក្ខណៈសម្រាប់ការឈ្លានពាននោះ ត្រូវបានគេតាមដានយ៉ាងដិតដល់នៅឆ្នាំនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកាត់បន្ថយរយៈពេលនៃសមយុទ្ធ។

លោក ត្រាំ បានរិះគន់សមយុទ្ធទាំងនោះថាជាសកម្មភាពបង្កហេតុដល់កូរ៉េខាងជើង និងបានរិះគន់ទីក្រុងសេអ៊ូលដែលមិនបានគាំទ្រសង្គ្រាមរបស់លោកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

ប្រធានាធិបតីអាមេរិករូបនេះក៏បានកោតសរសើរដល់មេដឹកនាំកូរ៉េខាងជើង លោក គីម (ដែលលោកធ្លាប់បានជួបពីរដងក្នុងអាណត្តិដំបូងរបស់លោក) ខណៈដែលលោកកំពុងរំពឹងថានឹងមានការជួបគ្នាថ្មីមួយទៀត ដែលអាចនឹងកើតឡើងនៅឆ្នាំនេះ។

ទោះបីជាមានការបង្ហាញពីបំណងចង់ផ្សះផ្សាទំនាក់ទំនងពីសំណាក់លោក ត្រាំ ក៏ដោយ ក៏កូរ៉េខាងជើងហាក់មិនសូវមានសញ្ញាឆ្លើយតបវិជ្ជមាននោះទេ ដោយបានបាញ់សាកល្បងមីស៊ីល និងថ្កោលទោសសមយុទ្ធដែលត្រូវបានកាត់បន្ថយទំហំនោះ។

ទីក្រុងព្យុងយ៉ាងក៏បានរិះគន់យ៉ាងខ្លាំងផងដែរចំពោះការអនុម័តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការលក់អាវុធទៅឱ្យកូរ៉េខាងត្បូង និងផែនការផ្តល់មូលនិធិសម្រាប់កម្មវិធីនានាដែលកត់ត្រាអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង៕

ប្រភព៖ AFP/aj