អន្តរជាតិ

មានសេចក្តីរាយការណ៍ថាកងកម្លាំងអ៊ុយក្រែនបានវាយប្រហារឃ្លាំងលក់ទំនិញរបស់រុស្ស៊ីមួយកន្លែងនៅក្នុងតំបន់ Rostov

ប្រែសម្រួល៖រតនា
បណ្តាញព័ត៌មាននានាបានរាយការណ៍ថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារឃ្លាំងស្តុកទំនិញមួយរបស់ក្រុមហ៊ុនលក់រាយគ្រឿងប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិក DNS ដែលស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ ខែសីហា។


យោងតាមបណ្តាញ Telegram ឈ្មោះ Exilenova Plus ការវាយប្រហារនៅក្នុងតំបន់ Rostov Oblast នេះបានបណ្តាលឱ្យមានអគ្គិភ័យឆេះឃ្លាំងនៅក្នុងទីក្រុង Aksay របស់រុស្ស៊ី ហើយបុគ្គលិកដែលកំពុងបំពេញការងារនៅទីនោះត្រូវបានជម្លៀសចេញភ្លាមៗបន្ទាប់ពីហេតុការណ៍នេះ។

បណ្តាញព័ត៌មានដដែលនេះក៏បានរាយការណ៍ផងដែរថា អគារលំនៅដ្ឋានមួយចំនួននៅក្នុងតំបន់នោះបានរងការខូចខាតដោយសារការវាយប្រហារនេះ។

លោក Yuri Slyusar អភិបាលតំបន់ Rostov (Rostov Oblast) បានបញ្ជាក់ថា តំបន់នេះកំពុងរងការវាយប្រហារ ដោយបន្ថែមថា វានៅមិនទាន់ច្បាស់លាស់នៅឡើយទេថាតើមានអ្នករងគ្រោះឬយ៉ាងណា។

លោកបានមានប្រសាសន៍ថា៖ «ទីក្រុង Rostov-on-Don និងស្រុក Aksay, Bagayev និង Neklinovsky កំពុងរងការវាយប្រហារ»។

ព័ត៌មានលម្អិតអំពីបញ្ហានេះមិនអាចត្រូវបានផ្ទៀងផ្ទាត់ភ្លាមៗដោយសារព័ត៌មាន Kyiv Independent បានទេ។

អ៊ុយក្រែន ស្តីបន្ទោសលើមូលដ្ឋានយោធានៅក្នុងសភា និងជាតំបន់ដែលដឹកនាំដោយរដ្ឋាភិបាលគ្រប់គ្រងសមត្ថភាពរបស់ខ្លួនដើម្បីបន្តធ្វើសង្គ្រាម។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែនបានបញ្ជាក់ថា នៅយប់ថ្ងៃទី ២៨ ខែសីហា យន្តហោះគ្មានមនុស្សបើក (drone) របស់អ៊ុយក្រែនបានវាយប្រហារលើរោងចក្រចម្រាញ់ប្រេង Yaroslavl ដែលជាកន្លែងកែច្នៃប្រេងដ៏ធំបំផុតមួយរបស់រុស្ស៊ី ខណៈដែលមានសេចក្តីរាយការណ៍អំពីការវាយប្រហារផងដែរនៅទីក្រុងមូស្គូ និងតំបន់ជុំវិញនោះ។

ក្នុងអំឡុងរដូវក្តៅកន្លងទៅនេះ អ៊ុយក្រែនក៏បានធ្វើប្រតិបត្តិការវាយប្រហារលើក្រុមហ៊ុនលក់រាយរបស់រុស្ស៊ីមួយចំនួនផងដែរ រួមទាំងក្រុមហ៊ុនយក្សផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត (e-commerce) គឺ Wildberries និង Ozon។

ក្រុមហ៊ុន Ozon បានរាយការណ៍ថា នៅថ្ងៃទី ២៧ ខែសីហា ឃ្លាំងទំនិញរបស់ខ្លួននៅក្នុងទីក្រុង Ufa និង Orenburg ដែលស្ថិតនៅតំបន់ភ្នំ Ural ត្រូវបានវាយប្រហារ។
បណ្តាញតាមដានព័ត៌មាននានាបានរាយការណ៍ថា កងកម្លាំងអ៊ុយក្រែនបានកំណត់គោលដៅវាយប្រហារលើឃ្លាំងទំនិញរបស់ក្រុមហ៊ុន Wildberries នៅថ្ងៃទី ២៦ ខែសីហា នៅពេលដែលការផ្ទុះបានកើតឡើងនៅក្នុងតំបន់ Tambov និងតំបន់ដែលត្រូវបានកាន់កាប់ដោយរុស្ស៊ី។

Wildberries គឺជាក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិតដ៏ធំបំផុតរបស់ប្រទេសរុស្ស៊ី ហើយបានដាក់លក់សម្ភារៈយោធាជាច្រើនប្រភេទនៅលើគេហទំព័ររបស់ខ្លួន រួមទាំងគ្រឿងបន្លាស់យន្តហោះគ្មានមនុស្សបើក (drone) និងអាវក្រោះការពារខ្លួន។ សាខាផ្នែកធនាគាររបស់ក្រុមហ៊ុននេះត្រូវបានសហភាពអឺរ៉ុបដាក់ទណ្ឌកម្មកាលពីខែកក្កដា ដោយសារតែការរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់ខ្លួនទៅក្នុងថវិការដ្ឋរបស់រុស្ស៊ី៕/
ប្រភព៖Kyiv independent