ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមត្រចៀកកាំកម្ពុជា មិនគាំទ្រការសាងសង់ផ្ទះត្រចៀកកាំដែលមានទំហំតូចពេកនោះទេ ដោយសារអាចប៉ះពាល់ដល់ស្តង់ដារ និងគុណភាពសំបុក។ ទោះជាយ៉ាងណា អ្នកចិញ្ចឹមត្រចៀកកាំនៅកម្ពុជានៅតែអាចរកប្រាក់ចំណេញបាន ប្រសិនបើអនុវត្តតាមបច្ចេកទេស និងស្តង់ដារត្រឹមត្រូវ ខណៈទីផ្សារបច្ចុប្បន្នកំពុងមានស្ថានភាពល្អប្រសើរ ។


បច្ចុប្បន្ន ការចិញ្ចឹមត្រចៀកកាំនៅកម្ពុជាមានចន្លោះពី ៥ ០០០ ទៅ ៧ ០០០ ខ្នងអគារ ដែលអាចផលិតទឹកមាត់ត្រចៀកកាំបានប្រមាណ ១០០ តោនក្នុងមួយឆ្នាំ ហើយក្នុងចំណោមនោះ មានផ្ទះត្រចៀកកាំ ជិត ១ ០០០កន្លែង បានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

លោក ស៊ុយ កុកធាន ប្រធានសមាគមអ្នកចិញ្ចឹមសត្វត្រចៀកកាំកម្ពុជា បានបញ្ជាក់ថា ផ្ទះត្រចៀកកាំដែលមានទំហំតូចបំផុត គួរមានប្រវែងទទឹង ៨ គុណ ១៦ ម៉ែត្រ ដែលត្រូវការទុនវិនិយោគប្រមាណ ៥ ម៉ឺនដុល្លារ ខណៈដែលទំហំបែបនេះអាចផ្តល់លំហគ្រប់គ្រាន់សម្រាប់សត្វត្រចៀកកាំហោះហើរចូលស្នាក់នៅ និងបង្កើតសំបុកបានសមស្រប ។

លោកបានបន្តថា ៖“ ផ្ទះដែលមានទំហំតូចជាងនេះ អាចបង្កផលប៉ះពាល់ដល់ការរស់នៅ និងការបង្កើតសំបុករបស់សត្វត្រចៀកកាំ។ ចំណែកផ្ទះទំហំមធ្យម អាចមានប្រវែងប្រមាណ១០ គុណ ២០ ម៉ែត្រ ឬ ១០គុណ២៤ ម៉ែត្រ និងមានកម្ពស់ពី ២ ទៅ៣ ជាន់ ដែលចាត់ទុកថា ជាទំហំសមស្រប ដោយមិនចាំបាច់សាងសង់ ធំពេក ធ្វើឲ្យចំណាយដើមទុនច្រើននោះឡើយ “ ។
ពាក់ព័ន្ធនឹងប្រាក់ចំណូល លោក ស៊ុយ កុកធាន ប្រសិនបើអ្នកចិញ្ចឹមអាចជ្រើសរើសទីតាំងបានល្អ និងប្រើប្រាស់បច្ចេកទេសបានត្រឹមត្រូវ ផ្ទះត្រចៀកកាំអាចបង្កើតចំណូលបានគួរសមសម្រាប់ទ្រទ្រង់ជីវភាព គ្រួសារ ។
យោងតាមលោកប្រធានសមាគម សំបុកត្រចៀកកាំរបស់កម្ពុជាត្រូវបានចាត់ទុកថា មានគុណភាពខ្ពស់ ដោយសារបរិស្ថានធម្មជាតិរបស់កម្ពុជានៅតំបន់មួយចំនួននៅមានភាពស្អាត និងសមស្របសម្រាប់ការ ចិញ្ចឹមសត្វត្រចៀកកាំ ។
ក្នុងន័យនេះ លោក ស៊ុយ កុកធាន បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងសាងសង់ផ្ទះត្រចៀកកាំ គួរសិក្សាឲ្យបានច្បាស់លាស់អំពីបច្ចេកទេសសាងសង់ ទីតាំង និងឧបករណ៍ពាក់ព័ន្ធ ផ្សេងទៀតមុនពេលវិនិយោគ ព្រោះការរៀបចំបានត្រឹមត្រូវអាចជួយកាត់បន្ថយហានិភ័យនៃការខាតបង់ និងបង្កើនឳកាសទទួលបានប្រាក់ចំណេញ ។
សូមបញ្ជាក់ថា ផ្ទះត្រចៀកកាំភាគច្រើនសាងសង់នៅខេត្តជាប់មាត់សមុទ្រ ដូចជា កំពត និងកោះកុង ហើយក៏ចាប់ផ្តើមមាននៅតំបន់ភូមិភាគកណ្តាលច្រើនផងដែរ ពិសេសខេត្តជុំវិញបឹងទន្លេសាប ព្រម ទាំងខេត្តស្ទឹងត្រែង និងព្រះវិហារជាដើម។ ដោយឡែក សម្រាប់តម្លៃសំបុកត្រចៀកកាំឆៅនៅលើទីផ្សារបោះដុំនាពេលបច្ចុប្បន្នត្រូវបានបែងចែកទៅតាមប្រភេទ និងកម្រិតនៃការសម្អាត ដូចជា សំបុកធម្មតា (គេនិយមហោថា ឆាកា) មានតម្លៃចន្លោះពី ២៨០ ដល់ ៤៥០ ក្នុងមួយគីឡូក្រាម, សំបុកត្រចៀកកាំឆៅប្រភេទល្អលេខ១ មានតម្លៃចន្លោះពី ៤៥០ ដល់ ៥០០ ក្នុងមួយគីឡូក្រាម (តម្លៃអាចឡើងដល់ ៧០០ ទៅ ៩០០ សម្រាប់សំបុកដែលមានស្តង់ដារខ្ពស់ត្រៀមនាំចេញ) ដោយឡែក សម្រាប់ការលក់រាយវិញ សំបុកត្រចៀកកាំស្អាតទូទៅ អាចមានតម្លៃចន្លោះពី ៩០០ ដល់ ១,៥០០ ក្នុងមួយគីឡូក្រាម (ឬចន្លោះ ១,៥០០ ដល់ ២,០០០ សម្រាប់ប្រភេទលំដាប់ខ្ពស់ប្រណីត)៕
ប្រភព ៖ សមាគមអ្នកចិញ្ចឹមត្រចៀកកាំកម្ពុជា

