សេដ្ឋកិច្ច

សមាគមCTAFAចែករំលែកចំណេះដឹងស្តីអំពី«នីតិវិធីនៃការរៀបចំឯកសារតម្រូវសម្រាប់ការធ្វើសវនកម្មពន្ធដារ»

ដោយ៖ ស-សម្បត្តិ
ភ្នំពេញ៖ សមាគមសហព័ន្ធ ភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា CTAFA ដែលមាន ឯកឧត្តម អ៊ុំ សារ៉ាវុធ ជាប្រធានបានរៀបចំឲ្យមានវេទិកាចែករំលែកចំណេះដឹងស្តីអំពី«នីតិវិធីនៃការរៀបចំឯកសារតម្រូវសម្រាប់ការធ្វើសវនកម្មពន្ធដារដល់សមាជិក និងម្ចាស់អាជីវកម្ម។

វេទិកាពិភាក្សាចែករំលែកនេះ គឺបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល របស់សមាគមដោយផ្ទាល់ ស្ថិតក្នុងបុរីអ័រគីដេ ដឹពោធិ៍ចិនតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានសមាជិកជាភ្នាក់ងារសេវាកម្មពន្ធដារ, គណនេយ្យករ និងម្ចាស់អាជីវកម្មផ្សេងៗ បានចូលរួមដល់ទៅជិត៤០នាក់ ។

ឯកឧត្តមបណ្ឌិត ទេព សិដ្ឋាន់ណា

វេទិកាពិភាក្សានេះ គឺមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ទេព សិដ្ឋាន់ណា អនុប្រធានសមាគម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា, លោក ហុំ ហាក់ អនុប្រធានសមាគម និងជាប្រធាន គណៈកម្មាធិការកសាងសមាជិក នៃសមាគម CTAFA និងលោកស្រី គា សុវណ្ណារី សមាជិកគណៈកម្មការប្រឹក្សាយោបល់និងផ្តល់ដំណោះស្រាយហៅកាត់ថា គ.ប.ផ នៃសមាគម CTAFA បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស។

ឯកឧត្តមបណ្ឌិត ទេព សិដ្ឋាន់ណា អនុប្រធានសមាគម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគម បានបញ្ជាក់ឲ្យដឹងនៅក្នុងឱកាសបើកវេទិកានោះថា កន្លងមកដោយបានមើលឃើញថា ការអនុវត្តអនុលោមភាពរបស់ម្ចាស់អាជីវកម្ម និងភ្នាក់ងារសេវាកម្មពន្ធដារមួយចំនួនបានជួបប្រទះបញ្ហាប្រឈមជាច្រើន។បញ្ហាមួយចំនួនម្ចាស់អាជីវកម្មអាចដោះស្រាយដោយខ្លួនឯងបាន និងបញ្ហាប្រឈមមួយចំនួនទៀតមិនអាចដោះស្រាយបាន។

ផ្តើមចេញពីនោះនៅឆ្នាំ២០២២ ដោយមានឯកឧត្តមអ៊ំុ សារ៉ាវុធ ជាប្រធាន យើងក៏បានប្រមែប្រមូលធនធានមនុស្សដែលមានចំណេះជំនាញ និងបទពិសោធលើមុខជំនាញគណនេយ្យ ពន្ធដារ និងសវនកម្មបង្កើតឲ្យមានសមាគមនេះឡើង ដើម្បីជួយការគាំទ្រ និងផ្តល់ដំណោះស្រាយបញ្ហាសំខាន់ៗដល់ម្ចាស់អាជីវកម្មក៏ដូចជាភ្នាក់ងារសេវាកម្មពន្ធដារដែលបានជួបប្រទះ។

ឯកឧត្តមបានបញ្ជាក់ថា ជាក់ស្តែងដូចជា វេទិកាដែលយើងបានរៀបចំនៅថ្ងៃនេះ គឺយើងបានអញ្ជើញម្ចាស់អាជីវកម្ម ភា្នក់ងារសេវាកម្មពន្ធដារឲ្យបានមកជួបជុំគ្នាលើកជាកង្វល់ដែលបានជួបប្រទះក្នុងការអនុវត្តជាក់ស្តែងចំពោះបញ្ហាគណនេយ្យ ពន្ធដារ និងសវនកម្ម យកមករួមគ្នាដោះស្រាយដោយសមាគមយើងមានវាគ្មិន និងអ្នកដែលមានជំនាញ និងបទពិសោធជាច្រើនបានចែករំលែកនិងផ្តល់នូវចំណេះដឹងជាគន្លឹះពាក់ព័ន្ធនឹងបញ្ហាគណនេយ្យ ពន្ធដារ និងសវនកម្ម ឲ្យបានយល់ដឹងបន្ថែមពីអ្វីដែលថ្មី ដើម្បីយកចំណេះដឹងទាំងនោះទៅអនុវត្តជាក់ស្តែងឲ្យបានត្រឹមត្រូវទៅតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ក៏ដូចជាច្បាប់ស្តីពីសារពើពន្ធ។

លោកស្រី គា សុវណ្ណារី

លោកស្រី គា សុវណ្ណារី សមាជិកគណៈកម្មការប្រឹក្សាយោបល់និងផ្តល់ដំណោះស្រាយហៅកាត់ថា គ.ប.ផ នៃសមាគម CTAFA ដែលបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដ៏សំខាន់ បានចូលរួមចែករំលែកយ៉ាងក្បោះក្បាយច្បាស់លាស់ និងស៊ីជម្រៅស្តីពីប្រធានបទ«នីតិវិធីនៃការរៀបចំឯកសារតម្រូវសម្រាប់ការធ្វើសវនកម្មពន្ធដារ»។ក្នុងនោះវាគ្មិនបានផ្តោតជាសំខាន់ទៅលើនីតិវិធីក៏ដូចជាវិធីសាស្រ្តសម្រាប់អនុវត្តជាក់ស្តែង។

លោកស្រីបានលើកឡើងដូចជា យើងត្រូវក្តោបឲ្យបាននូវលំហូរការងារ និងលក្ខខណ្ឌតម្រូវស្របច្បាប់នៃសវនកម្មពន្ធដារ ដើម្បីធ្វើយ៉ាងណាត្រៀមខ្លួនឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។បញ្ហាជាគន្លឹះក្នុងការរៀបចំសំណុំឯកសារយោង អាជីវកម្ម ឱ្យមានភាពស៊ីចង្វាក់គ្នា និងងាយស្រួលផ្ទៀងផ្ទាត់ពេលមានមន្ត្រីពន្ធដារចុះធ្វើសវនកម្ម។

ជាមួយនោះវេទិកាក៏បានផ្តល់ឱកាសឲ្យអ្នកចូលរួមបានលើកជាសំណួរផ្សេងៗដែលជាកង្វល់របស់ពួកគាត់ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តជាក់ស្តែងទៅលើការងារគណនេយ្យ ពន្ធដារ និងសវនកម្ម ជូនទៅដល់វាគ្មិនក៏ដូចជាអ្នកជំនាញរបស់សមាគមដែលបានចូលរួមនៅក្នុងវេទិកាជាអ្នកជួយដោះសា្រយ។

នៅក្នុងឱកាសនោះ លោក ហុំ ហាក់ អនុប្រធានសមាគម និងជាប្រធាន គណៈកម្មាធិការកសាងសមាជិកនៃសមាគមCTAFA ក៏បានឡើងធ្វើបទបង្ហាញខ្លីស្តីអំពីរចនាសម្ព័ន្ធ ក៏ដូចជាសកម្មភាពសំខាន់ៗរបស់សមាគដែលបានខិតខំសម្រេចបាននូវស្នាដៃធំៗជាច្រើនក្នុងការជួយគាំទ្រទៅដល់សមាជិកក៏ដូចជាម្ចាស់អាជីវកម្ម និងភ្នាក់ងារសេវាកម្មពន្ធដារចាប់ពីបានបង្កើតឡើងរហូតមកដល់ពេលនេះ។ឆ្លៀតក្នុងឱកាសនោះក៏មានបង្ហាញពីវត្តមានរបស់សមាជិកសមាគមថ្មីៗដែលទើបតែបានចូលជាបន្តបន្ទាប់ផងដែរ។

វេទិកាចែករំលែកដ៏សំខាន់ស្តីអំពី«នីតិវិធីនៃការរៀបចំឯកសារតម្រូវសម្រាប់ការធ្វើសវនកម្មពន្ធដារ»ដែលរៀបចំដោយសមាគមនេះបានជួយឲ្យអ្នកចូលរួមមានការគាំទ្រយ៉ាងខ្លាំង ដោយពួកគាត់ម្នាក់ៗបានទទួលនូវចំណេះដឹងថ្មីៗបន្ថែមទៀតជាពិសេសពីគណនេយ្យ ពន្ធដារ និងសវនកម្ម ដើម្បីយកទៅសម្រាប់អនុវត្តជាក់ស្តែងឲ្យបានត្រឹមត្រូវទៅតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងច្បាប់ស្តីពីសារពើពន្ធនៅកម្ពុជា៕/