សន្ដិសុខសង្គម

ក្រោយហ្វូងដំរីព្រៃ ៦ក្បាល ចូលលុកលុយភូមិឋាន និងបង្កឲ្យមានអ្នករងរបួស , អាជ្ញាធរខេត្តព្រះវិហារដាក់ចេញវិធានការបន្ទាន់

ដោយ ៖ បន្ទាយ

ព្រះវិហារ ៖ ​អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធចម្រុះនៃខេត្តព្រះវិហារ បានបើកប្រតិបត្តិការអន្តរាគមន៍ជាប្រញាប់ ដើម្បីជួយសង្គ្រោះ និងការពារសុវត្ថិភាពអ្នកភូមិ ក្រោយពេលហ្វូងដំរីព្រៃមួយក្រុមបានចូលមកបង្កការរំខានដល់តំបន់រស់នៅរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិពោធិ៍ខៀន ឃុំពោធិ ស្រុកត្បែងមានជ័យ។

​ផ្អែកតាមការបញ្ជាក់ពីលោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ហេតុការណ៍នេះបានចាប់ផ្តើមស្តែងឡើងតាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ មកម្ល៉េះ ដោយហ្វូងដំរីព្រៃចំនួន ៦ក្បាល បានចាកចេញពីដែនជម្រកធម្មជាតិព្រៃព្រះរកា ហើយបានចូលមកកកាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែង និងផលដំណាំអាស្រ័យផលរបស់កសិករក្នុងមូលដ្ឋាន។
លើសពីនេះ គ្រោះថ្នាក់បានកើតឡើងជាយថាហេតុ រហូតបណ្តាលឲ្យអ្នកភូមិ ២នាក់ ត្រូវដំរីជាន់ឲ្យរងរបួស ហើយបច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅទទួលការសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យរួចរាល់ហើយ។

​ពាក់ព័ន្ធនឹងមូលហេតុចម្បងដែលនាំឲ្យសត្វព្រៃទាំងនេះចាកចោលព្រៃ អាជ្ញាធរជឿជាក់ថា បណ្តាលមកពីការខ្វះខាតប្រភពចំណីអាហារ និងទឹកនៅក្នុងជម្រកដើម ដែលបង្ខំឲ្យហ្វូងដំរីផ្លាស់ទីស្វែងរកស្បៀង រហូតវង្វេងទិសដៅចូលមកជិតតំបន់ប្រជាជនរស់នៅ។

ដើម្បីឆ្លើយតបចំពោះសភាពការណ៍ចំពោះមុខ ក្រោមការបញ្ជាផ្ទាល់ពីលោក ហុក សុផល អភិបាលរងខេត្តព្រះវិហារ យយុទ្ធសាស្ត្រដោះស្រាយចំនួនពីរត្រូវបានអនុវត្តដំណាលគ្នា៖១.ការរៀបចំពិធីសែនព្រេន បញ្ជាន់អារក្ខ និងលេងភ្លេងបុរាណតាមទំនៀមទម្លាប់អ្នកស្រុក ដើម្បីសុំខមាទោសពីម្ចាស់ទឹកម្ចាស់ដី និងឈ្វេងយល់ពីហេតុផលអរូបី។​

២.ការចាត់តាំងកម្លាំងអន្តរាគមន៍ចម្រុះប្រមាណ ៤០នាក់ រួមមាន នគរបាល កងរាជអាវុធហត្ថ កងទ័ព និងប្រជាការពារភូមិ ចុះបេសកកម្មផ្ទាល់ ដើម្បីរៀបចំវិធីសាស្ត្រកៀរគរ ដេញកែប្រែទិសដៅហ្វូងដំរី ឲ្យត្រឡប់ចូលទៅក្នុងជម្រកព្រៃធម្មជាតិវិញ ដោយជៀសវាងការបង្កគ្រោះថ្នាក់ដល់ពលរដ្ឋបន្ថែមទៀត៕