សុខភាព

ឈ្វេងយល់អំពីការឈ្លក់ទឹកដោះរបស់ទារក

ដោយ៖ លន​ស្រស់

ភ្នំពេញ៖ ការបំបៅដោះគឺជាមធ្យោបាយផ្តល់អាហារតែមួយគត់ចំពោះទារក។ ទារកទើបនឹងកើតអាចប្រឈមនឹងការឈ្លក់ប្រសិនបើការបំបៅមិនបានត្រឹមត្រូវ។

១) អ្វីទៅជាការឈ្លក់ទឹកដោះ?

ជាការលេបចូលទឹកដោះដោយចៃដន្យទៅក្នុងសួត។ ការឈ្លក់នេះទៀតសោតអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពទារកយ៉ាងខ្លាំង។

២) កត្តាអ្វីខ្លះដែលធ្វើឲ្យទារកឈ្លក់?

ទារកដែលប្រឈមនឹងការឈ្លក់អាចជា៖
– ទារកដែលកើតមិនគ្រប់ខែ ឬទម្ងន់មិនគ្រប់
– ទារកដែលមានបញ្ហាបេះដូង
– ទារកដែលមានភាពមិនប្រក្រតីពីកំណើតដូចជាឆែបមាត់ ឬក្រអូមមាត់
– ទារកដែលក្អែរញឹកញាប់
– ក្រៅពីនេះក៏មានការរៀបចំស្ថានភាពទារកឲ្យបៅ ឬការបំបៅមិនបានត្រឹមត្រូវ

៣) តើមានផលវិបាកអ្វីខ្លះ ប្រសិនបើទារកឈ្លក់ទឹកដោះ?

– អាចបង្កឲ្យមានរលាកផ្លូវដង្ហើម ឬរលាកសាច់សួតពីស្រាលដល់ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតក៏មាន
– ទារកអាចមានបញ្ហាកង្វះជាតិទឹក ឬអាហារូបត្ថម្ភ
– ទារកអាចនឹងមិនសូវឡើងទម្ងន់

៤) តើមានសញ្ញាអ្វីខ្លះដែលបញ្ជាក់ថាទារកមានឈ្លក់ទឹកដោះ?

ជាទូទៅរោគសញ្ញាស្តែងចេញទៅតាមភាពញឹកញាប់នៃការឈ្លក់ និងបរិមាណឬប្រភេទទឹកដោះដែលបានឈ្លក់។
រោគសញ្ញាអាចមាន៖
– លែងចង់បៅ ឬងាកចេញ
– ប្តូរពណ៌សម្បុរពីក្រហម ទៅជាស្វាយ ឬខ្មៅ
– ពិបាកដកដង្ហើម ដង្ហក់ ឬឈប់ដកដង្ហើម
– ក្អកពេលកំពុងបៅ ឬក្រោយបៅ
– ក្រៅពីនេះអាចមានជារលាកសួតរ៉ាំរ៉ៃ ឬញឹកញាប់

៥) តើធ្វើដូចម្តេចកុំឲ្យទារកឈ្លក់ទឹកដោះ?

ការឈ្លក់ដែលប្រឈមនឹងគ្រោះថ្នាក់ គឺភាគច្រើនដោយការបំបៅទឹកដោះគោ។
– ត្រូវបំបៅទារកដោយដាក់មាត់ទារកឲ្យស៊ប់នឹងក្បាលដោះ។
– រៀបចំស្ថានភាពទារកឲ្យបានត្រឹមត្រូវដោយលើកទារកបញ្ឆិតឲ្យបានប្រហែល ៣០ដឺក្រេពីផ្ទៃរាបរាល់ពេលបំបៅ។
– ក្រោយពេលបំបៅលើកទារកផ្អោបលើខ្លួន និងស្មា ដោយអង្អែលខ្នងតិចៗឲ្យបានយ៉ាងតិច៣០ ទៅ៦០នាទី មុននឹងដាក់ឲ្យទារកគេងលើផ្ទៃរាបស្មើវិញ។
– ប្រសិនបើទារកក្អែរញឹកញាប់ សូមព្យាយាមបំបៅទារកតិចៗ តែញយដង។

សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ប្រសិនបើកូនលោកអ្នកនៅតែមានអាការឈ្លក់ញឹកញាប់។ សូមចងចាំថា “ទឹកដោះម្តាយគឺជាជម្រើសអាហារដ៏មានសុវត្ថិភាពតែមួយគត់ចំពោះទារកដែលទើបនឹងកើត”៕
 
អត្ថបទនិងរូបភាព៖ មន្ទីរពេទ្យកាល់ម៉ែត