សេដ្ឋកិច្ច

សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត និងកំណើនដោយចីរភាព”

ដោយ សិរីមតី
ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា (ABC) បានរៀបចំសន្និសីទធនាគារនៅកម្ពុជា ឆ្នាំ២០២៦ រយៈពេល២ថ្ងៃកាលពីថ្ងៃទី១៩ និង២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមមូលបទ “ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ”។ សន្និសីទនេះបានប្រមូលផ្តុំអ្នកចូលរួមសរុបប្រមាណជាង ៨៦០នាក់ រួមមានតំណាងនិយ័តករ រដ្ឋាភិបាល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ តំណាងធនាគារក្នុងតំបន់អាស៊ាន និងក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីពិភាក្សានិងកំណត់អាទិភាពសម្រាប់វដ្តកំណើនថ្មីរបស់វិស័យធនាគារនៅកម្ពុជា។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជ (ABC)មានប្រសាសន៍ថា ទោះបីវិស័យអចលនទ្រព្យកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួល មានសម្ពាធលើគុណភាពទ្រព្យសកម្ម និងហានិភ័យចំពោះសុវត្ថិភាពសាយប័រកាន់តែស្មុគស្មាញក៏ដោយ ក៏វិស័យធនាគារកម្ពុជានៅតែមានភាពធន់ និង   រឹងមាំ។ លោកបានកត់សម្គាល់ទៀតថា វដ្តនៃកំណើនថ្មីបន្ទាប់គឺពឹងផ្អែកលើបុរេសកម្មនៃការគ្រប់គ្រងហានិភ័យ ការធ្វើសំវិធានធនប្រកបដោយការប្រុងប្រយ័ត្ន ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងនិយ័តករ និងដៃគូក្នុងវិស័យនេះ”។

តាមរយៈការធ្វើបទបង្ហាញចំនួន២ កិច្ចពិភាក្សាចំនួន៧ និងការធ្វើបទបង្ហាញពីដៃគូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អ្នកចូលរួមបានពិភាក្សាអំពីការផ្លាស់ប្តូររបស់វិស័យនេះពីភាពធន់ទៅរកកំណើនប្រកបដោយការទទួលខុសត្រូវ។ ថ្ងៃទីមួយនៃសន្និសីទ បានផ្តោតលើការកែសម្រួលគុណភាពទ្រព្យសកម្ម ការដោះស្រាយទ្រព្យសកម្មដែលមានបញ្ហា (Distressed assets) សុចរិតភាពផ្នែក  ហិរញ្ញវត្ថុ ការការពារអ្នកប្រើប្រាស់ និងប្រព័ន្ធទូទាត់ប្រាក់ដែលមានសុវត្ថិភាព។

ថ្ងៃទីពីរ បានផ្តោតលើហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMES) ពាណិជ្ជកម្ម វិស័យកសិកម្ម, ប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយចីរភាព, ជំនាញ ព្រមទាំងភាពជាអ្នកដឹកនាំដែលចាំបាច់ដើម្បីសម្រេចបាននូវអាទិភាពរបស់វិស័យនេះសម្រាប់ឆ្នាំ ២០២៧។

លោក ហ្សារ៉ាដ ជេន អ្នកគ្រប់គ្រងក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវបាន មានប្រសាសន៍ថា៖ «នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងភាពស្មុគស្មាញនៃ ប្រព័ន្ធឌីជីថល វិស័យធនាគារកំពុងប្រឈមមុខនឹងភារកិច្ចសំខាន់ពីរទន្ទឹមគ្នាគឺ ការជំរុញកំណើន  សេដ្ឋកិច្ច និងការរក្សាស្ថិរភាពព្រមទាំងទំនុកចិត្ត។ ក្នុងខណៈដែលប្រទេសកម្ពុជាកំពុងឈានចូលវដ្តនៃកំណើន សេដ្ឋកិច្ចថ្មី ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ភាពធន់នៃប្រព័ន្ធឌីជីថល និងទំនុកចិត្តរបស់អតិថិជន គឺជារឿងចាំបាច់ដើម្បីធានាថា ប្រជាពលរដ្ឋ និងអាជីវកម្មនានាអាចចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលដោយ សុវត្ថិភាព។ ក្រុមហ៊ុន ម៉ាស្ទ័រកាត នៅតែបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ប្រព័ន្ធទូទាត់ប្រាក់ដែលមានសុវត្ថិភាព ទប់ស្កាត់ហានិភ័យនៃការឆបោក និងការវាយប្រហារសាយប័រ ព្រមទាំងចូលរួមជ្រោមជ្រែងវិស័យធនាគារឱ្យកាន់តែមានភាពធន់ ប្រកបដោយនវានុវត្តន៍ និងមានជំហររឹងមាំសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង»។

យុទ្ធសាស្ត្រជាអាទិភាពចំនួនបីដែលទទួលបានពីសន្និសីទ៖

ភាពធន់នៃវិស័យធនាគារ និងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ៖ ពង្រឹងការកំណត់ហានិភ័យឱ្យបានទាន់ពេលវេលា ការធ្វើសំវិធានធន និងការរៀបចំរចនាឥណទានឡើងវិញដោយប្រុងប្រយ័ត្ន ការវាយតម្លៃទ្រព្យសកម្មតាមស្ថានភាពជាក់ស្តែង ការដោះស្រាយឥណទានមិនដំណើរការ (NPL) និងភាពធន់ផ្នែកដើមទុន និងសន្ទនីយភាព។

សុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្តសាធារណៈ និងហិរញ្ញវត្ថុឌីជីថលដែលមានសុវត្ថិភាព៖ ពង្រឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ការទប់ស្កាត់ការក្លែងបន្លំ ការការពារអ្នកប្រើប្រាស់ អភិបាលកិច្ច សុវត្ថិភាពសាយប័រ ភាពធន់នៃប្រតិបត្តិការ។

ហិរញ្ញប្បទានផ្នែកផលិតកម្ម និងនិរន្តរភាព៖ ពង្រីកការផ្តល់ហិរញ្ញវត្ថុដែលសមស្របតាមតម្រូវការជាក់ស្តែង សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMES) ដែលមានសក្តានុពល វិស័យពាណិជ្ជកម្ម កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគបៃតង ដោយប្រើប្រាស់ទិន្នន័យលំហូរសាច់ប្រាក់ ហិរញ្ញប្បទានខ្សែសង្វាក់ផ្គត់ផ្គង់ ការបែងចែកហានិភ័យ និងផលិតផលដែលស្របតាមស្តង់ដារចំណាត់ថ្នាក់៕