អន្តរជាតិ

ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ភូមិចំនួន២១ នៅក្នុងក្រុងប៉ាក់សេ ខេត្តចម្ប៉ាសាក់ជាប់ខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហាររបស់កម្ពុជា

ដោយ : បន្ទាយ

ចម្ប៉ាសាក់-ឡាវ : យោងតាមអាជ្ញាធរមូលដ្ឋានបានរាយការណ៍ដូចដែលសារព័ត៌មានLaotian Times ស្រង់សម្ដីថា : ” ទឹកជំនន់បានប៉ះពាល់ដល់ភូមិចំនួន២១ ក្នុងក្រុងប៉ាក់សេ (Pakse) ខេត្តចម្ប៉ាសាក់ ប្រទេសឡាវនៅចុងខាងត្បូងឈៀងខាងលិច ឬជាប់ខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហាររបស់កម្ពុជា។

ក្នុងចំណោមនោះ ភូមិចំនួនប្រាំបួនដែលស្ថិតតាមបណ្តោយទន្លេសេដូន (Xe Don) បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារទឹកជំនន់បានលិចលង់ផ្ទះសម្បែង ស្រែចម្ការ និងដីកសិកម្មនៅក្នុងតំបន់វាលទំនាបនៃជង្រុកទន្លេ ដែលជាចំណុចប្រសព្វរវាងទន្លេសេដូន និងទន្លេមេគង្គ។

គិតត្រឹមថ្ងៃទី ២១ ខែសីហា កម្រិតទឹកទន្លេមេគង្គក្នុងក្រុងប៉ាក់សេបានហក់ឡើងហួសកម្រិតប្រកាសអាសន្ន ដោយបានឡើងដល់ ១២,៥១ ម៉ែត្រ ធៀបនឹងកម្រិតព្រមាន ១២,០០ ម៉ែត្រ។

អាជ្ញាធរបានចាត់កម្លាំងទាហាន នគរបាល និងយុវជនស្ម័គ្រចិត្ត ដើម្បីជួយជម្លៀសប្រជាពលរដ្ឋ ច្រកបាវខ្សាច់ សង់ទប់ទំនប់ទឹកជំនន់ បូមទឹកចេញ និងចែកអំណោយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ។

ខណ:នេះ ទឹកជំនន់ដែលបង្កពីភ្លៀងក៏កំពុងវាយប្រហារលើបណ្តាខេត្តនានាទូទាំងប្រទេសឡាវផងដែរ ចាប់ពីខេត្តលួងណាំថា (Luang Namtha) ឧត្តមជ័យ (Oudomxay) និងលួងព្រះបាង (Luang Prabang) នៅភាគខាងជើង រហូតដល់ខេត្តបូលីខាំសៃ (Bolikhamxay) ខាំមួន (Khammouane) សាវ៉ាន់ណាខេត (Savannakhet) សារ៉ាវ៉ាន់ (Salavanh) និងសេកង (Sekong) នៅភាគខាងត្បូង។

មន្ត្រីអាជ្ញាធរភូមិ ស្រុកនិងខេត្តបានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងតាមដានកម្រិតទឹកឲ្យបានដិតដល់បំផុត៕