ព័ត៌មានជាតិ

អាជ្ញាធរខេត្តក្រចេះ ត្រៀមជម្លៀសពលរដ្ឋ ខណៈជំនន់ទន្លេមេគង្គ ប៉ះពាល់ក្រុង- ស្រុកចំនួន៥ហើយ

ដោយ៖ លនស្រស់

ភ្នំពេញ៖ អាជ្ញាធរខេត្តក្រចេះ បានត្រៀមវិធានការជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពរួចហើយ ខណៈ “ ជំនន់ទន្លេមេគង្គ” បានហក់ឡើងកាន់តែខ្ពស់ នាំឲ្យមានការជំនន់លិចតំបន់ខ្លះក្នុងស្រុកចំនួន ៥ និងប៉ះពាល់ស្រូវពលរដ្ឋជាង ១ ០០០ហិកតា។

ខុសប្លែកពីខេត្តដទៃ ក្រចេះមិនបានជួបប្រទះនឹងគ្រោះរាំងស្ងួតនោះទេ។ ផ្ទុយទៅវិញខេត្តភូមិភាគឦសាននេះកំពុងរងគ្រោះដោយជំនន់ទន្លេមេគង្គមុនគេ ដ្បិតភ្លៀងធ្លាក់ឥតឈប់ឈរ។ នេះបើតាមព័ត៌មានដែលក្រសួងធនធានទឹក និងឧតុនិយម បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី ២០ ខែសីហា។

គិតត្រឹមថ្ងៃទី ២០ ខែសីហា កម្ពស់ទឹកទន្លេមេគង្គក្នុងភូមិសាស្រ្តខេត្តក្រចេះ បានកើនឡើងដល់ ២០,៩៥ ម៉ែត្រ ដែលបណ្ដាលឱ្យលិចលង់ស្រូវវស្សាសរុប​ ១ ០៩០ ហិកតា ស្ថិតក្នុងក្រុង-ស្រុកចំនួន ៥។ ក្នុងនោះ ក្រុងក្រចេះ មានស្រូវលិចលង់ចំនួន ៩៤ ហិកតា, ស្រុកចិត្របុរី ៣៨៩ ហិកតា, ស្រុកសំបូរ ២០៤ ហិកតា, ស្រុកព្រែកប្រសព្វ ២៥៥ ហិកតា និងស្រុកឆ្លូង ១៤៨ ហិកតា។

យ៉ាងណា បច្ចុប្បន្ន ពុំទាន់អាចវាយតម្លៃកម្រិតនៃការខូចខាតពិតប្រាកដបាននៅឡើយទេ។ ក្រសួងធនធានទឹកបញ្ជាក់យ៉ាងដូច្នេះ។ ចំណែកប្រព័ន្ធធារាសាស្ត្រសំខាន់ៗដែលរំពឹងថានឹងជួយរំដោះទឹក ក៏មានទឹកពេញប្រៀបផងដែរ។ ជាក់ស្តែង អាងទឹកអូរប៉ាក់-គោកស្វាយ ក្នុងឃុំសំបូរ ស្រុកសំបូរ ព្រមទាំងអាងទឹកនានាទូទាំងខេត្ត បានស្តុកទឹកពេញ ១០០ភាគរយ។ ដោយឡែក ព្រែកចំនួន ២៨ ដែលនាំទឹកពីទន្លេមេគង្គចូលប្រព័ន្ធធារាសាស្ត្រ ក៏មានទឹកហូរចូលពេញប្រៀបដូចគ្នា។

ពាក់ព័ន្ធករណីជំនន់នេះ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២១ ខែសីហា បានណែនាំដល់មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រួតពិនិត្យ និងត្រៀម កម្លាំង មធ្យោបាយ និងធនធានសម្ភារ ដើម្បីឆ្លើយតប និងសង្គ្រោះបន្ទាន់ក្នុងគ្រោះទឹកជំនន់ទន្លេមេគង្គ និងគ្រោះទឹកជំនន់ទឹកភ្លៀងឱ្យបានទាន់ពេលវេលា។

ក្រៅពីនោះ ស្ថានប័នពាក់ព័ន្ធ ក៏ត្រូវបន្តតាមដាន ត្រួតពិនិត្យជាបន្តបន្ទាប់នូវមុខសញ្ញាគ្រោះថ្នាក់ហានិភ័យ ដែលអាចគំរាមកំហែង ដល់ពលរដ្ឋងាយរងគ្រោះ ដូចជា ទឹកជំនន់ លង់ទឹក រន្ទះបាញ់ ខ្យល់កន្ត្រាក់ និងបាក់ច្រាំង ជាដើម។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក្រចេះ ក៏បន្តណែនាំរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ភូមិ ឱ្យរៀបចំនិងសម្អាតទីទួលសាធារណៈ និងទីទួលសុវត្ថិភាពដែលមានស្រាប់ សម្រាប់ត្រៀមជម្លៀសពលរដ្ឋ សម្ភារ សត្វពាហានៈ ឱ្យបានទាន់ពេលវេលា៕
អត្ថបទនិងរូបភាព៖ អាជ្ញាធរខេត្តក្រចេះ