ព័ត៌មានជាតិ

ស្រាប់តែមានការផ្លាស់ប្តូរមេបញ្ជាការនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : យោងប្រកាសស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីបានចុះហត្ថលេខានោះ បានប្រគល់ភារកិច្ចឲ្យលោកវរសេនីយ៍ទោ សេង ប្រាថ្នា បានទទួលតំណែងថ្មី ជាមេបញ្ជាការនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ។

ពោលគឺជំនួស លោក វរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៩១១ ដែលត្រូវផ្ទេរភារកិច្ចទៅជាអនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាទម្លាប់ ការផ្លាស់ប្តូរឬកែសម្រួលភារកិច្ចឬដក ដាក់ ដំឡើងឋាន: តួនាទីភារកិច្ច តែងតាំងមុខតំណែងមន្ត្រី ស្ថាប័នឬអង្គភាព មិនដែលបញ្ជាក់ពីមូលេហេតុឡើយ។
ដូចករណីមេបញ្ជាការមេបញ្ជាការនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ខាងលើនេះ ក៏មិនមានបញ្ជាក់ពីមូលហេតុដែរ។

សូមបញ្ជាក់ថា វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យមានសមត្ថកិច្ចទទួលខុសត្រូវតាមព្រំដែនពីត្រឹមស្ពានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតទៅអូរនាងភូមិសាស្ត្រក្រុងប៉ោយប៉ែត ទៅជើងលើចំណុចសិលាខ្មែរ ទំនប់ដាច់ ជោគជ័យ អូរបីជាន់ ព្រៃចាន់ រឹទ្ធិសែនភូមិសាស្ត្រស្រុកអូរជ្រៅនិងបន្តទៅចម្ការគ ភ្នំឆត្រ សេះងាប់ភូមិសាស្ត្រស្រុកស្វាយចេកចម្ងាយជាង៥០គ.ម ។

ប៉ុន្តែលើខ្សែបន្ទាត់ព្រំដែន ដែលជាង១ឆ្នាំមកនេះ ប្រែជាក្តៅគគុក តានតឹង រងគ្រោះដោយភាគីថៃរំលោភបំពាន មានកម្លាំងយោធាចម្រុះចំណុះយោធាភូមិភាគទី៥ ឈរជើងនៅជួរមុខ ៕