ព័ត៌មានជាតិ

ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន Yeo’s ពិភាក្សាបញ្ហាប្រឈម ផែនការពង្រីកការវិនិយោគ និងឱកាសសហប្រតិបត្តិការ

ដោយ៖ សិរីមតី

ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន Yeo’s ដឹកនាំដោយលោកស្រី ហេង សុទ្ធាវី អគ្គនាយិកា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមរបស់ក្រុមហ៊ុន ផែនការនាពេលអនាគត និងឱកាសពង្រឹងកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន។
ក្នុងជំនួបនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២ក្រុមហ៊ុន Yeo’s បានលើកឡើងពីការកើនឡើងនៃថ្លៃដើមផលិតកម្ម ជាពិសេសថ្លៃដឹកជញ្ជូន និងវត្ថុធាតុដើម ព្រមទាំងកង្វះធាតុចូលផលិតកម្មក្នុងស្រុកដែលអាចបំពេញតាមលក្ខខណ្ឌតម្រូវផ្នែកគុណភាព និងស្តង់ដាសុវត្ថិភាពម្ហូបអាហារ។ ក្រុមហ៊ុនក៏បានស្នើសុំការគាំទ្រពីក្រសួងលើការងារសុវត្ថិភាពឧស្សាហកម្ម ពិសេសការធ្វើព្យាសកម្មឧបករណ៍ ការត្រួតពិនិត្យគ្រឿងចក្រ គ្រឿងម៉ាស៊ីន និងឡចំហាយ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូពីកំណែទម្រង់របស់ក្រសួង ដើម្បីរួមចំណែកកែលម្អបរិយា​កាសធុរកិច្ច តាមរយៈការធ្វើសាមញ្ញកម្មបទប្បញ្ញត្តិ និងឌីជីថលូបនីយកម្មសេវាសាធារណៈ ដើម្បីបង្កើនតម្លាភាព កាត់បន្ថយបន្ទុករដ្ឋបាល និងការពឹងផ្អែកលើអ្នករត់ការ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ដោយក្រុមហ៊ុន Yeo’s បង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើនការប្រើប្រាស់កសិផលកម្ពុជា ដែលអាចបំពេញតាមតម្រូវការផ្នែកគុណភាព ស្តង់ដា និងការធ្វើពាណិជ្ជកម្ម។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “យើងចង់ឱ្យក្រុមហ៊ុនផលិតនៅកម្ពុជារីកចម្រើននៅទីនេះ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកកាន់តែច្រើន និងភ្ជាប់អ្នកផលិតកម្ពុជា ពិសេស SMEs ទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល។ ក្រសួងក៏ត្រៀមខ្លួនសហការស្វែងរកដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាប្រឈម ដើម្បីពង្រឹងភាពប្រកួតប្រជែង និងការបន្តរីកចម្រើនរបស់ក្រុមហ៊ុន។”

ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Yeo’s ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជាឱ្យបានកាន់តែច្រើន រួមទាំងសេវាមន្ទីរពិសោធន៍ដែលទទួលបានការវាយតម្លៃទទួលស្គាល់ជាអន្តរជាតិ និងពិនិត្យលទ្ធភាពចូលរួមក្នុងគណៈកម្មការបច្ចេកទេសដែលពាក់ព័ន្ធរបស់អង្គការស្តង់ដារអន្តរជាតិ (ISO) ។

កិច្ចពិភាក្សាក៏បានស្វែងរកឱកាសសហការទូលំទូលាយលើបច្ចេកវិទ្យាកែច្នៃអាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ការផ្តល់ប្រព័ន្ធបន្សុទ្ធទឹកពិសានៅតាមមន្ទីរពេទ្យរដ្ឋសំខាន់ៗ ក្រោមកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន Yeo’s បានប្រតិបត្តិការនៅកម្ពុជាអស់រយៈពេលប្រមាណជិត៣០ឆ្នាំ និងបានវិនិយោគជាង ៥៥ លានដុល្លារអាម៉េរិកចាប់តាំងពីឆ្នាំ២០១៦ មក។ ការផលិតក្នុងស្រុកបានចាប់ផ្តើមនៅឆ្នាំ២០២០ ហើយបច្ចុប្បន្ន ផលិតផលដែលក្រុមហ៊ុនផលិតនៅកម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិមួយចំនួន រួមមានវៀតណាម សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង។ ក្រុមហ៊ុនក៏កំពុងសិក្សាលទ្ធភាពពង្រីកខ្សែច្រវាក់ផលិតកម្មនៅមុខផលិតផលថ្មីៗបន្ថែមទៀតនៅកម្ពុជាផងដែរ៕