ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ មន្ត្រីជំនាញដកហូតបង្អែម និងគ្រឿងម្ហូបអាហារជិត ៣០គីឡូក្រាមនៅទីផ្សារធំមួយកន្លែងក្នុងក្រុងបាត់ដំបង ក្រោយរកឃើញមានផ្ទុកសារធាតុហាមឃាត់ ( Borax )។

មន្រ្តីអធិការកិច្ចម្ហូបអាហារសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់ឲ្យដឹងថា÷ នៅត្រង់ចំណុចទីផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៦ នេះ មន្ត្រី ក.ប.ប ខេត្ត សហការរួមជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានចុះពិនិត្យទំនិញ គ្រឿងឧបភោគ បរិភោគ ទំនិញវេចខ្ចប់ស្រេចដែលមានដាក់តាំងលក់សរុបចំនួន ១៦តូប ក្នុងនោះសំណាកគំរូ បានបង្ហាញថា ពពុះសណ្តែក និងប្រភេទបង្អែមបាញ់ឌុក បង្អែមបាញ់ចានឿក និងបង្អែមលតស្វិតចំនួន ៧ សំណាកមានផ្ទុកនូវសារធាតុគីមីហាមឃាត់នាំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងអ្នកប្រើប្រាស់។

វត្ថុសំណាកក្នុងម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ ( Borax ) រួមមាន៖ ពពុះសណ្តែកចំនួន ២២ គីឡូក្រាម, បង្អែមបាញ់ឌុកចំនួន ១ គីឡូក្រាម, បង្អែមបាញ់ចានឿក ចំនួន ២ គីឡូក្រាម និងបង្អែមលតស្វិតចំនួន ៣ គីឡូក្រាមផងដែរសរុបទាំងអស់ចំនួន ២៨ គីឡូក្រាម។

ប្រភពមន្ត្រីជំនាញដដែលបន្តថា÷ ក្រោយការដកហូតទំនិញមានសារធាតុហាមឃាត់ខាងលើ មន្ត្រី ក.ប.ប បានយកទៅរក្សាទុកដើម្បីកម្ទេចចោលពេលក្រោយតាមនីតិវិធី៕



