បទវិភាគ

វិភាគអន្តរជាតិ៖ នៅពេលប្រឈមមុខនឹងស្ថានភាពដ៏ស្មុគស្មាញនៅអ៊ីរ៉ង់ លោក ត្រាំ បែរទៅរកបុគ្គលដែលធ្លាប់ស្គាល់៖ លោក គីម ជុងអ៊ុន របស់កូរ៉េខាងជើង

ប្រែសម្រួល៖ រតនា

កាលពីលើកចុងក្រោយដែលប្រធានាធិបតី Trump បានប្តេជ្ញាបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសមួយ លោកបានជួបផ្ទាល់ជាមួយលោក Kim Jong-un របស់កូរ៉េខាងជើងចំនួនបីដង ដោយបានប្រកាសថាអ្នកទាំងពីរមាន «ទំនាក់ទំនងដ៏ល្អ» ប៉ុន្តែទីបំផុតលោកបានត្រឡប់មកវិញដោយដៃទទេ (មិនទទួលបានលទ្ធផលអ្វីឡើយ)។

នោះគឺជារឿងដែលបានកើតឡើងក្នុងអាណត្តិទីមួយរបស់លោក Trump។ មិនត្រឹមតែកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនោះបរាជ័យប៉ុណ្ណោះទេ ប៉ុន្តែលោក Kim បានពន្លឿនកម្មវិធីរបស់ខ្លួនភ្លាមៗ ហើយមកទល់នឹងពេលនេះ យោងតាមការប៉ាន់ស្មានមួយចំនួន លោក Kim មានអាវុធនុយក្លេអ៊ែរប្រហែល ៦០ គ្រាប់ ព្រមទាំងមីស៊ីលដែលអាចបាញ់ទៅដល់សហរដ្ឋអាមេរិកទៀតផង ដែលនេះគឺជាអ្វីដែលលោក Trump ធ្លាប់បានប្តេជ្ញាថានឹងលុបបំបាត់ចោល។

អស់រយៈពេលជាច្រើនខែមកហើយ ដែលអ្នកជំនាញផ្នែកការរីកសាយភាយអាវុធនុយក្លេអ៊ែរបានចោទសួរថា តើលោក Trump នឹងបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែរឬទេ ជាពិសេសនៅពេលដែលលោកហាក់ដូចជាផ្តោតអារម្មណ៍ខ្លាំងលើការបើកច្រកសមុទ្រ Hormuz ជាងការដោះស្រាយបញ្ហាស្តុកសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ដែលត្រូវបានកប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងទាំងនោះកាលពីខែមិថុនា ឆ្នាំ ២០២៥។

ដោយជួបឧបសគ្គក្នុងការដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់ លោក Trump កំពុងងាកការចាប់អារម្មណ៍ត្រឡប់ទៅរកកូរ៉េខាងជើងវិញ ទោះបីជាអ្នកវិភាគមើលឃើញថាមានក្តីសង្ឃឹមតិចតួចក៏ដោយ ក្នុងការលុបបំបាត់ឃ្លាំងអាវុធនុយក្លេអ៊ែរដែលកំពុងកើនឡើងរបស់ប្រទេសនោះឱ្យបានឆាប់រហ័ស។

ការប្រកាសរបស់លោក Trump នៅលើបណ្តាញសង្គមនាយប់ថ្ងៃអាទិត្យ ដែលក្នុងនោះលោកបានកោតសរសើរលោក Kim និងបានបញ្ជាជាសាធារណៈទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ឱ្យកាត់បន្ថយតួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងសមយុទ្ធយោធាប្រចាំឆ្នាំជាមួយកូរ៉េខាងត្បូង (ដែលជាសម្ព័ន្ធមិត្តមួយរបស់អាមេរិកនៅតំបន់ប៉ាស៊ីហ្វិក) ហាក់ដូចជាមានបំណងបញ្ជាក់ថា លោកចង់ចាប់ផ្តើមការចរចាឡើងវិញ។ មួយថ្ងៃក្រោយមក នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា តើក្រសួងការពារជាតិអាមេរិក (Pentagon) នឹងកាត់បន្ថយតួនាទីរបស់ខ្លួនយ៉ាងដូចម្តេចនៅក្នុងសមយុទ្ធរយៈពេល ១១ ថ្ងៃនេះ ហើយសេចក្តីថ្លែងការណ៍ខ្លីមួយឃ្លាដែលផ្ញើជូនអ្នកសារព័ត៌មានដោយការិយាល័យសារព័ត៌មានរបស់ Pentagon នៅរសៀលថ្ងៃចន្ទ ក៏មិនបានផ្តល់នូវភាពច្បាស់លាស់ណាមួយដែរ។

សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា៖ «ក្រសួងសង្គ្រាម (Department of War) កំពុងខិតខំប្រឹងប្រែងអនុវត្តតាមការណែនាំរបស់អគ្គមេបញ្ជាការកំពូលគឺត្រាំ» ដោយប្រើប្រាស់ឈ្មោះដែលរដ្ឋបាលរបស់លោក Trump ប្រើសម្រាប់ហៅក្រសួងការពារជាតិ។

លោក Robert Litwak ដែលជាអ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ George Washington និងធ្លាប់បានសរសេរអត្ថបទអំពីកម្មវិធីនុយក្លេអ៊ែររបស់ទាំងកូរ៉េខាងជើង និងអ៊ីរ៉ង់ បានហៅភាពខុសគ្នានៃវិធីសាស្ត្ររបស់លោក Trump ចំពោះប្រទេសទាំងពីរនេះថាជា «រឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយអំពីប្រទេសក្រៅច្បាប់ (rogue states) ទាំងពីរ»។

លោកបាននិយាយថា៖ «យើងកំពុងស្ថិតក្នុងស្ថានភាពសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលជាប្រទេសមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរក្នុងកម្រិតជិតសម្រេចបាន (nuclear-threshold state)។ ប៉ុន្តែចំពោះកូរ៉េខាងជើងវិញ យើងកំពុងព្យាយាមធ្វើឱ្យមេដឹកនាំផ្តាច់ការម្នាក់ពេញចិត្ត ដែលបុគ្គលនោះអាចវាយប្រហារទឹកដីសហរដ្ឋអាមេរិកដោយអាវុធនុយក្លេអ៊ែរបាន»។

ការបញ្ចេញមតិយ៉ាងខ្លាំងក្លារបស់លោក Trump ក៏មានគោលបំណងដាក់ទណ្ឌកម្មលើកូរ៉េខាងត្បូងផងដែរ ចំពោះការបដិសេធមិនចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាជំហរមួយបានធ្វើឱ្យលោក Trump ខឹងសម្បាយ៉ាងខ្លាំង។ នេះគឺជាចំណុចមួយដែលលោកបានលើកឡើងនៅក្នុងការបង្ហោះលើបណ្តាញសង្គមដដែលនោះ ហើយបានបញ្ជាក់ម្តងទៀតទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval Office កាលពីថ្ងៃចន្ទ។

ប្រធានាធិបតីក៏មានការខឹងសម្បាផងដែរចំពោះការដែលទីក្រុងសេអ៊ូលមានភាពយឺតយ៉ាវក្នុងការអនុវត្តអ្វីដែលសេតវិមានចាត់ទុកថាជាការសន្យាវិនិយោគថ្មីដែលមានតម្លៃ ៣៥០ ពាន់លានដុល្លារ រួមទាំងការវិនិយោគលើវិស័យសាងសង់នាវាផងដែរ។ កាលពីខែតុលាឆ្នាំមុន លោក ត្រាំ បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង និងបានអបអរសាទរចំពោះការវិនិយោគនាពេលអនាគតរបស់ប្រទេសនេះនៅក្នុងសហរដ្ឋអាមេរិក រួមទាំងការសន្យាពង្រីករោងចក្រផលិតបន្ទះឈីប (chip) របស់ក្រុមហ៊ុន Samsung នៅរដ្ឋតិចសាស់ ដែលមានតម្លៃរាប់ពាន់លានដុល្លារ។

លោក Scott A. Snyder ប្រធាន និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានសេដ្ឋកិច្ចកូរ៉េប្រចាំសហរដ្ឋអាមេរិក (Korea Economic Institute of America) បានមានប្រសាសន៍ថា៖ «លោក ត្រាំ តែងតែត្រឡប់ទៅរកការត្អូញត្អែរដដែលៗអំពីការដែលកូរ៉េខាងត្បូងពឹងផ្អែកលើកម្លាំងទ័ពអាមេរិកដោយមិនបានចំណាយប្រាក់គ្រប់គ្រាន់ (free-riding) នៅលើឧបទ្វីបកូរ៉េ ហើយលោកប្រើប្រាស់ទំនាក់ទំនងផ្នែកសន្តិសុខជាឧបករណ៍ដើម្បីដាក់សម្ពាធបន្ថែមទៀតលើរដ្ឋាភិបាលកូរ៉េខាងត្បូង»។

បញ្ហាដែលកំពុងគ្របដណ្ដប់លើភាពតានតឹងទាំងនេះ គឺការដែលលោក ត្រាំ មិនអាចដកសហរដ្ឋអាមេរិកចេញពីសង្គ្រាមនៅអ៊ីរ៉ង់បាន។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោកបានបង្ហាញពីបំណងប្រាថ្នាចង់បញ្ចប់ជម្លោះនោះ ហើយត្រឡប់ទៅចរចាជាមួយលោក គីម វិញ ដែលធ្លាប់បានបំពេញតាមបំណងរបស់លោក ត្រាំ ក្នុងការជួបពិភាក្សាកម្រិតមេដឹកនាំតាមរយៈកិច្ចប្រជុំកំពូលនានាក្នុងអាណត្តិទីមួយរបស់លោក ត្រាំ។

លោក Lee Jae Myung ប្រធានគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង (ដែលត្រូវបានគេយល់ថាជាអ្នកតំណាងឱ្យទស្សនៈរបស់កូរ៉េខាងត្បូងលើបញ្ហានេះ) បាននិយាយកាលពីខែមិថុនាថា លោក ត្រាំ ហាក់ដូចជាចង់បន្តការចរចាជាមួយលោក គីម ឡើងវិញ ហើយលោក ត្រាំ ក៏បានបង្ហោះរូបថតរបស់ខ្លួនជាមួយមេដឹកនាំកូរ៉េខាងជើងនៅលើបណ្តាញសង្គមយ៉ាងហោចណាស់ពីរដងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

លោក ត្រាំ បានសរសេរថា៖ «ខ្ញុំ និងលោក គីម ជុងអ៊ុន មានទំនាក់ទំនងល្អជាមួយគ្នាខ្លាំងណាស់!» នៅក្បែររូបថតមួយសន្លឹកដែលលោកបានបង្ហោះកាលពីថ្ងៃសៅរ៍ ដែលបង្ហាញពីជំនួបរបស់ពួកគេនៅតំបន់ព្រំដែនរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៩។

នៅថ្ងៃចន្ទ លោក Trump បានបង្ហោះសារមួយទៀតក្នុងលក្ខណៈស្និទ្ធស្នាល ដោយប្រើរូបភាពកំប្លែង (meme) ដែលបង្ហាញពីលោក Kim កំពុងនិយាយទូរស័ព្ទ ខណៈមានមន្ត្រីយោធាឈរនៅពីក្រោយ។ សារអមរូបភាពនោះសរសេរថា៖ «ហេ Donald យើងត្រូវរ៉ូវគ្នាហើយមែនទេ?»

កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺជាប្រធានបទដែលគេមានការព្រួយបារម្ភយ៉ាងខ្លាំងតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៨០ មកម្ល៉េះ ពោលគឺយូរមុនពេលដែលកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្លាយជាបញ្ហាដែលគេចាប់អារម្មណ៍ទៅទៀត។ នៅឆ្នាំ ១៩៩៤ អំឡុងពេលមានវិបត្តិដែលបង្កឡើងដោយការបណ្តេញអ្នកត្រួតពិនិត្យនុយក្លេអ៊ែរអន្តរជាតិចេញពីកូរ៉េខាងជើង រដ្ឋបាលរបស់លោក Clinton បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការវាយប្រហារផ្នែកយោធាទៅលើទីតាំងនុយក្លេអ៊ែរនៅ Yongbyon។ ប៉ុន្តែពួកគេបានសម្រេចចិត្តមិនធ្វើសកម្មភាពនោះទេ ហើយនៅចុងឆ្នាំដដែលនោះ អតីតប្រធានាធិបតី Jimmy Carter បានសម្រេចកិច្ចព្រមព្រៀងមួយជាមួយលោក Kim Il-sung (ជីតារបស់មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន) ដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែរ ជាថ្នូរនឹងការជួយសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរសម្រាប់គោលបំណងស៊ីវិល។

ប៉ុន្តែអ្វីៗទាំងអស់បានបរាជ័យ ហើយកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏មិនទទួលបានលទ្ធផលដែរ។ នៅឆ្នាំ ២០០៦ កូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួន ហើយបានបន្តធ្វើតេស្តចំនួន ៥ លើកទៀត ដែលលើកចុងក្រោយគឺនៅឆ្នាំ ២០១៧។

នៅឆ្នាំបន្ទាប់មកទៀត បន្ទាប់ពីបានដាក់រហស្សនាមឱ្យលោក Kim ថាជា «Little Rocket Man» (បុរសរ៉ុក្កែតតូច) លោក Trump បានជួបជាមួយមេដឹកនាំកូរ៉េខាងជើងរូបនេះនៅប្រទេសសិង្ហបុរី។ ក្រោយជំនួបនោះ លោកបានប្រាប់អ្នកសារព័ត៌មានរបស់កាសែត New York Times ថា លោកជឿជាក់ថាកូរ៉េខាងជើងនឹងរំលាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនយ៉ាងឆាប់រហ័ស។ លោកបាននិយាយក្រោយកិច្ចប្រជុំកំពូលនោះថា៖ «វានឹងដំណើរការទៅយ៉ាងឆាប់រហ័ស។ ខ្ញុំពិតជាជឿជាក់ថាវានឹងទៅយ៉ាងលឿន។ ហើយវាគឺជាឃ្លាំងអាវុធដ៏ធំសម្បើមមួយ។ គ្មានអ្វីត្រូវសង្ស័យឡើយ»។

ទោះបីជាលោក Trump ចងចាំជំនួបទាំងនោះក្នុងន័យវិជ្ជមានក៏ដោយ — ជាក់ស្តែងក្នុងអាណត្តិទីមួយ លោកតែងតែយកលិខិតដែលលោក Kim បានផ្ញើមកលោក ចេញមកអានផ្នែកខ្លះៗជូនភ្ញៀវស្តាប់នៅក្នុងការិយាល័យ Oval Office — ប៉ុន្តែជំនួបទាំងនោះត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រថាជាការបរាជ័យផ្នែកការទូត។ កិច្ចប្រជុំកំពូលលើកទីពីរនៅប្រទេសវៀតណាម បានបញ្ចប់ទៅដោយការបរាជ័យនៃកិច្ចចរចា។ លោក John R. Bolton ដែលជាទីប្រឹក្សាសន្តិសុខជាតិនៅពេលនោះ បាននិយាយនៅពេលក្រោយមកថា លោក Trump បានចូលរួមក្នុងកិច្ចប្រជុំទាំងនោះដោយមិនបានត្រៀមខ្លួនបានល្អ ហើយកិច្ចខិតខំប្រឹងប្រែងនោះបានបរាជ័យ នៅពេលដែលលោក Kim បដិសេធមិនព្រមរំលាយទីតាំងនានានៅក្រៅមជ្ឈមណ្ឌលចម្បងសម្រាប់ការចម្រាញ់ និងកែច្នៃសារធាតុនុយក្លេអ៊ែរនៅ Yongbyon

មនុស្សមួយចំនួនបារម្ភថា ហេតុការណ៍ដដែលនេះអាចនឹងកើតឡើងម្តងទៀត។ លោក Joel S. Wit ដែលជាអតីតអ្នកការទូតនៃក្រសួងការបរទេសអាមេរិក និងធ្លាប់បានចូលរួមក្នុងការចរចាដំបូងជាមួយកូរ៉េខាងជើង ព្រមទាំងបានសរសេរសៀវភៅប្រវត្តិសាស្ត្រអំពីកិច្ចខិតខំប្រឹងប្រែងនេះដែលមានចំណងជើងថា «Fallout: The Inside Story of America’s Failure to Disarm North Korea» (ផលវិបាក៖ រឿងរ៉ាវលម្អិតអំពីការបរាជ័យរបស់អាមេរិកក្នុងការដកហូតអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង) បានមានប្រសាសន៍ថា៖ «កិច្ចប្រជុំកំពូលរវាងលោក Trump និងលោក Kim មួយទៀត ដែលហាក់ដូចជាអ្វីដែលប្រធានាធិបតីកំពុងព្យាយាមសម្រេចឱ្យបាននោះ អាចនឹងក្លាយជាមហន្តរាយមួយ»។

លោក Wit បានបន្តថា៖ «លោក Trump ហាក់ដូចជាមិនបានដឹងថា លោក Kim Jong-un នៅពេលបច្ចុប្បន្ននេះ មិនមានចំណាប់អារម្មណ៍ក្នុងការកែលម្អទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនោះទេ។ គាត់មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាទុកអាវុធនុយក្លេអ៊ែររបស់ខ្លួន ការបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីគាំទ្រសម្ព័ន្ធមិត្តរុស្ស៊ី និងការគំរាមកំហែងដល់កូរ៉េខាងត្បូង»។

កាលពីថ្ងៃចន្ទ អ្នករិះគន់គោលនយោបាយការបរទេសរបស់លោក Trump បានរិះគន់យ៉ាងខ្លាំងភ្លាមៗចំពោះប្រធានាធិបតីរូបនេះ ដែលបានធ្វើឱ្យចុះខ្សោយនូវសម្ព័ន្ធភាពដ៏សំខាន់មួយ។ សមាជិកព្រឹទ្ធសភា Jack Reed មកពីរដ្ឋ Rhode Island ដែលជាសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យប្រចាំគណៈកម្មាធិការកិច្ចការកងកម្លាំងប្រដាប់អាវុធ (Armed Services Committee) បានមានប្រសាសន៍ថា លោក Trump បានធ្វើ «ការសម្រេចចិត្តដ៏ឆ្កួតលីលា និងគ្មានការគិតគូរច្បាស់លាស់មួយទៀត» ដែលដាក់ទណ្ឌកម្មលើកូរ៉េខាងត្បូង «ដោយគ្មានហេតុផលអ្វីក្រៅតែពីការពេញចិត្តលើខ្លួនឯង (ego) របស់លោក Trump ប៉ុណ្ណោះ»។

លោក Victor D. Cha សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Georgetown ដែលធ្លាប់ធ្វើការលើគោលនយោបាយអាស៊ីនៅក្នុងរដ្ឋបាលរបស់លោក George W. Bush បានពណ៌នាការបញ្ចេញមតិយ៉ាងខ្លាំងក្លារបស់លោក Trump នៅលើបណ្តាញសង្គមថា ជាសញ្ញាមួយដែលបង្ហាញពីការខកចិត្តរបស់ប្រធានាធិបតីចំពោះប្រទេសអ៊ីរ៉ង់។ លោកបានកត់សម្គាល់ថា ការព្យាយាមទាក់ទាញចិត្តលោក Kim របស់លោក Trump បានកើតឡើងនៅពេលដែលប្រធានាធិបតីរូបនេះកំពុងព្យាយាមរក្សាជំហរដ៏តឹងរ៉ឹងប្រឆាំងនឹងទីក្រុងតេអេរ៉ង់ (Tehran) ដែលនេះគឺជាភាពផ្ទុយគ្នានៃវិធីសាស្ត្ររបស់លោក Trump ចំពោះបញ្ហាប្រឈមធំៗពីររបស់ពិភពលោកទាក់ទងនឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ។

លោក Cha បាននិយាយថា៖ «គាត់ហាក់ដូចជាកំពុងដើរក្នុងទិសដៅផ្ទុយគ្នាពីរ។ គាត់កំពុងដើរក្នុងទិសដៅនៃការចរចាដោយផ្អែកលើភាពជាក់ស្តែងជាមួយកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែចំពោះករណីប្រទេសអ៊ីរ៉ង់វិញ គាត់បានប្រកាន់យកជំហរដ៏តឹងរ៉ឹង និងមិនអាចផ្លាស់ប្តូរបាន»។

នៅថ្ងៃចន្ទ ក្នុងបន្ទប់ Oval Office លោក Trump បានការពារវិធីសាស្ត្ររបស់លោកចំពោះប្រទេសកូរ៉េខាងជើង។ នៅពេលអ្នកសារព័ត៌មានសួរថា តើលោកកំពុងផ្តល់អាទិភាពដល់ផលប្រយោជន៍របស់គូប្រជែងសហរដ្ឋអាមេរិកជាងសម្ព័ន្ធមិត្តឬយ៉ាងណា ប្រធានាធិបតីរូបនេះបានឆ្លើយតបភ្លាមៗថា៖ «ខ្ញុំកំពុងធ្វើឱ្យអ្វីៗមានសុវត្ថិភាពជាងមុន»។

ប្រធានាធិបតីបានបន្ថែមថា៖ «លោក Kim Jong-un តែងតែប្រព្រឹត្តចំពោះខ្ញុំដោយការគោរពយ៉ាងខ្លាំង។ ខ្ញុំយល់ពីគាត់ ហើយគាត់ក៏យល់ពីខ្ញុំដែរ»។

ប៉ុន្តែអ្នកវិភាគនិយាយថា លោក Kim ក៏កំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់លោក Trump ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ផងដែរ។ លោក Cha បានលើកឡើងថា សកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់នោះបានបង្ហាញដល់កូរ៉េខាងជើងថា «ពួកគេគិតត្រូវហើយក្នុងការស្វែងរកអាវុធនុយក្លេអ៊ែរ ដើម្បីជៀសវាងការវាយប្រហារផ្នែកយោធា»៕

ប្រភព៖ The New York Times