ព័ត៌មានជាតិ

វីតាល់ បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ» ឆ្នាំទី១២

ដោយ៖ សិរីមតី

សៀមរាប៖ វីតាល់ បន្តបង្ហាញការប្តេជ្ញាចិត្តរយៈពេលវែង អស់រយៈពេល ៦ឆ្នាំជាប់ៗគ្នា ក្នុងការចូលរួមលើកកម្ពស់សុខភាពកុមារ និងការថែរក្សាបរិស្ថាន តាមរយៈការបន្តជាម្ចាស់ឧបត្ថម្ភធំ និងសមាជិកគណៈកម្មការរៀបចំ ព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ» ឆ្នាំទី១២ ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ដោយមានកិច្ចសហការរវាងរដ្ឋបាលខេត្តសៀមរាប មន្ទីរពេទ្យកុមារអង្គរ គណៈកម្មការជិះកង់ដើម្បីកុមារ   កម្ពុជា និងក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់)។

ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៍ ដ៏ធំប្រចាំ ខេត្តសៀមរាប ទទួលបានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់សប្បុរសជន និងមហាជន អ្នកចូលចិត្តកីឡាជិះកង់ ពីគ្រប់ទិសទី បានរួមគ្នាក្នុងស្មារតីតែមួយ ប្រកបដោយក្តីមេត្តាករុណា ចូលរួមជិះកង់ និងបរិច្ចាគវិភាគទានជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប។ ក្នុងនោះ វីតាល់ បានបន្តបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកជាមួយសង្គម ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំ និងជាសមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍ ដោយបានចូលរួមគាំទ្រទាំងថវិកា កម្លាំងប្រាជ្ញាស្មារតី ចូលរួមចំណែករៀបចំព្រឹត្តិការណ៍ និងផ្សព្វផ្សាយយ៉ាងសកម្ម ដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយជោគជ័យ និងបន្តគាំទ្រដល់ បេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់កុមារកម្ពុជា។

លោក មាស ថុង ប្រធានជាន់ខ្ពស់ពាណិជ្ជកម្មនៃក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានមានប្រសាសន៍ថា វីតាល់ គឺជាផលិតផលខ្មែរដែលស្ថិតក្រោមក្រុមហ៊ុន វ័ន ម៉រ គ្រុប រួមជាមួយផលិតផល មីជាតិ, គ្រឿងទេស វ័ន ម៉រ, អាហារសម្រន់ ចិប ចុប និងវីតាល់ប៊េប៊ី ដែលត្រូវបានបង្កើត និងគ្រប់គ្រងដោយសហគ្រិនខ្មែរ។ វីតាល់ ពិតជាមោទនភាពជាផលិតផលខ្មែរ ដែលជានិច្ចកាលបានរួមចំណែកជាដៃគូសហការរៀបចំ និងឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ» នេះចំនួន ៦ឆ្នាំជាប់គ្នារួចមកហើយ។

គោលបំណងចម្បង ដែលជំរុញឱ្យ វីតាល់ បន្តការចូលរួមសហ ការ និងឧបត្ថម្ភ មកដល់ព្រឹត្តិការណ៍ឆ្នាំទី១២នេះ គឺក្រោមបុព្វហេតុតែមួយគត់នោះគឺ “កុមារកម្ពុជា” ព្រោះវីតាល់ជឿជាក់ថាវិភាគទាន ដែលយើងបានចូលរួមតាមរយៈការឧបត្ថម្ភនេះ គឺបានចូលរួមចំណែកយ៉ាងធំធេងដល់ប្រតិបត្តិការមន្ទីរពេទ្យ ក្នុងការបន្តនិរន្តភាពនៃការសង្គ្រោះព្យាបាល ផ្ដល់ភាពកក់ក្ដៅ និងក្ដីសង្ឃឹមដល់កុមារក៏ដូចជាអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងក្ដីសង្ឃឹម។

លោកបានបន្តថា ភាពជោគជ័យនៃព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ» គឺអាចកើតឡើងបាន ក៏ដោយមានការគាំទ្រ ពីសំណាក់ដៃគូអាជីវកម្មនិងអតិថិជនដែលនិយមប្រើប្រាស់វីតាល់ តាមរយៈ “មូលនិធិ ២៥រៀល” គឺមានន័យថា អតិថិជន បានបរិច្ចាគប្រាក់២៥រៀល ជូនមូលនិធិ រាល់ការពិសាទឹកវីតាល់ ១ដប។ វីតាល់បានប្រើប្រាស់មូលធននេះជាលទ្ធភាពមកឧបត្ថម្ភ បានជាឧត្តមប្រយោជន៍ដល់ការទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។

រយៈពេលជាង ១៦ឆ្នាំកន្លងមក វីតាល់បានបន្តអនុវត្តបេសកកម្ម «ផ្តល់ជូននូវទឹកពិសាគុណភាពខ្ពស់សម្រាប់ជីវិតមនុស្សនិងសង្គម» ដោយផ្តោតលើការអភិវឌ្ឍផលិតផលឥតឈប់ឈរ ស្របតាមតម្រូវការ និងស្តង់ដារបស់អ្នកប្រើប្រាស់។ការចូលរួមចំណែកជាមួយសង្គម គឺដើរទន្ទឹមគ្នា ជាមួយការប្តេជ្ញាចិត្តខ្ពស់របស់វីតាល់ក្នុងការផ្តល់ជូននូវទឹកពិសាដែលមានគុណភាព និងសុវត្ថិភាព ស្របពេលថ្មីៗនេះដែលវីតាល់ជាទឹកពិសាខ្មែរដំបូងគេបង្អស់ ត្រូវបានទទួលស្គាល់ដោយស្ថាប័ន NSF នៅសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។

ជាមួយគ្នានេះ ក្រុមហ៊ុន វ័ន ម៉រ គ្រុប ក៏បានបន្តពង្រីកផលិតផលថ្មីៗ ដែលផលិតឡើង និងវេចខ្ចប់ក្នុងប្រទេស រួមមាន មីជាតិ,គ្រឿងទេស វ័ន ម៉រ, អាហារសម្រន់ ចិប ចុប និងទឹកវីតាល់ ប៊េប៊ី ចំណុះ ១លីត្រសម្រាប់ប្រើប្រាស់ក្នុងការឆុងម្សៅទឹកដោះគោសម្រាប់ទារក និងកុមារ។ ការដាក់ចេញនូវផលិតផលថ្មីៗទាំងនេះ គឺជាផ្នែកមួយនៃការបន្តវិនិយោគរបស់ ក្រុមហ៊ុនវ័ន ម៉រ គ្រុប លើការអភិវឌ្ឍផលិតផលខ្មែរ ដោយផ្តោតលើការពង្រឹងគុណភាព និងសុវត្ថិភាពផលិតផល ឆ្លើយតបទៅនឹងតម្រូវការ និងរបៀបរស់នៅរបស់អ្នកប្រើប្រាស់ ព្រមទាំងរួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ផលិតផលក្នុងស្រុក និងជំរុញការប្រើប្រាស់ផលិតផលខ្មែរ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ»ឆ្នាំទី១២ នេះមិនត្រឹមតែជួយស្វែងរកថវិកាសម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរតែម្យ៉ាងទេ តែព្រឹត្តិការណ៍នេះក៏បានជួយជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅខេត្តសៀមរាបផងដែល។ វីតាល់ ក្នុងនាមជាផលិតផលជាតិ និងស្មារតីខ្មែរតែមួយ ក៏សូមអំពាវនាវដល់       វិស័យឯកជន សប្បុរសជនទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមគាំទ្រជ្រុមជ្រែង ដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការបរិច្ចាគវិភាគទានដើម្បីចូលរួមបន្តនិរន្តរភាពនៃការសង្រ្គោះព្យាបាល ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងភាតរភាព។ «វីតាល់មោទនភាព ផលិតផលជាតិ»៕