ព័ត៌មានជាតិ

កម្ពុជាពង្រឹងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ តាមរយៈភាពជាដៃគូអភិវឌ្ឍន៍សមត្ថភាពជាមួយសិង្ហបុរី

ដោយ៖ សិរីមតី

ភ្នំពេញ ៖ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ ដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ជំរុញការកែច្នៃកសិផល និងគាំទ្រសហគ្រាសកម្ពុជាក្នុងការផលិតអាហារដែលមានគុណភាព និងត្រៀមសម្រាប់ការនាំចេញ។

វគ្គបណ្តុះបណ្តាលស្តីពី «ការកែច្នៃ និងសុវត្ថិភាពម្ហូបអាហារ» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា បានប្រមូលផ្តុំមន្ត្រីកម្ពុជា ដោយផ្តោតលើការពង្រឹងចំណេះដឹងស្តីពីការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ការរក្សាទុកផលិតផលអាហារ ការបង្កើនតម្លៃបន្ថែម និងផលិតកម្មអាហារប្រកបដោយចីរភាព។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើសារសំខាន់នៃការកសាងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារដ៏រឹងមាំមួយ សម្រាប់ការពារសុខភាពសាធារណៈ កសាងទំនុកចិត្តអ្នកប្រើប្រាស់ និងលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “ការវិនិយោគលើសុវត្ថិភាពម្ហូបអាហារមិនត្រឹមតែជាការវិនិយោគលើសុខុមាលភាពរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិនិយោគលើកេរ្តិ៍ឈ្មោះរយៈពេលវែង និងអនាគតសេដ្ឋកិច្ចរបស់យើងផងដែរ។”

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការកាត់បន្ថយការបាត់បង់ក្រោយពេលប្រមូលផល ការចាប់យកបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ទំនើប ភាពអនុលោមតាមស្តង់ដាអន្តរជាតិ និងការលើកកម្ពស់ផលិតកម្មដែលប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។

អាទិភាពទាំងនេះនឹងគាំទ្រដល់បរិវត្តកម្មរបស់កម្ពុជា ពីផលិតកម្មមូលដ្ឋានបែបប្រពៃណី ឆ្ពោះទៅរកការផលិតដែលមានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធីនេះត្រូវបានរៀបចំឡើងជាពិសេស ដើម្បីឆ្លើយតបទៅនឹងអាទិភាពរបស់ក្រសួង និងបង្ហាញពីដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការកសាងសមត្ថភាពផលិតអាហារ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងថា៖ “នេះជាវគ្គបណ្តុះបណ្តាលពិសេសផ្អែកលើតម្រូវការជាក់ស្តែងជាលើកទី១ក្រោមកម្មវិធីសហប្រតិបត្តិការសិង្ហបុរី ដែលត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី។
ខ្ញុំសង្ឃឹមថា នេះជាចំណុចចាប់ផ្តើមថ្មីមួយនៃកិច្ចសហប្រតិបត្តិការរបស់យើង សម្រាប់វគ្គបន្តបន្ទាប់ជាច្រើនទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់កម្ពុជា។”

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្ថែមថា ផលិតផលកសិកម្មដ៏សម្បូរបែបរបស់កម្ពុជាផ្តល់នូវឱកាសដ៏ធំធេងសម្រាប់ការបង្កើតតម្លៃបន្ថែម តាមរយៈការកែច្នៃ ការរក្សាទុក និងការអនុវត្តសុវត្ថិភាពម្ហូបអាហារឱ្យកាន់ តែ ប្រសើរ។

វគ្គបណ្តុះបណ្តាលនេះក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដែលរួមមានស្តង់ដារូបនីយកម្ម មាត្រាសាស្ត្រ ការវាយតម្លៃទទួលស្គាល់ និងការធ្វើតេស្តវិភាគរបស់មន្ទីរពិសោធន៍ ព្រមទាំងជួយគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការលើកកម្ពស់គុណភាពផលិតផល និងឈានទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ និងត្រូវបានលើកកម្រិតនៅឆ្នាំ២០១៨ ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏យូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី។ រហូតមកដល់បច្ចុប្បន្ន មន្ត្រីរាជការកម្ពុជាជាង ១៩.០០០នាក់ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីកសាងសមត្ថភាពរបស់មជ្ឈមណ្ឌលនេះ៕